ដំណឹង

  • តុលា ២៧, ២០១៦

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ជួបលោកបណ្ឌិត Derveeuw Marc G.L

នៅព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៦ វេលាម៉ោង១១:០០នាទី នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោកបណ្ឌិត Derveeuw Marc G.L តំណាងរបស់អង្គការមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA, the United Nations Population Fund) ចូលជួបជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចាប់បេសកកម្មការងាររបស់ខ្លួន នៅព្រះរាជាណាចក្រកម្ពុជា ។

photo_2016-10-31_15-35-06_da

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សកម្មរបស់តំណាងអង្គការ UNFPA ក្នុងការបំពេញនូវភារកិច្ចរបស់ខ្លួន នៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈកាលជាង ៥ឆ្នាំកន្លងមកនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញ អំពីការជួយឧបត្ថម្ភដ៏ធំធេងរបស់អង្គការ UNFPA ចាប់តាំងពីបើកការិយាល័យតំណាងរបស់ខ្លួនប្រចាំកម្ពុជា កាលពីឆ្នាំ១៩៩៤ ពិសេសគឺការជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន ដែលក្នុងនោះសំខាន់គឹផ្នែកសុខាភិបាល អប់រំ និងសមភាពយេនឌ័រ ហើយនិងការជួយដល់កម្ពុជាលើផ្នែកសុខភាពផ្លូវភេទនិងបន្តពូជ ការបង្កើនអំណាចស្ត្រី អប់រំនិងសុខាភិបាល ការគាំពារផ្នែកសង្គម ការបង្កើនអំណាចមនុស្សវ័យជំទង់ និងយុវជន ។ល។

តាងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លានេះ របស់អង្គការ UNFPA ហើយនិងបានថ្លែងអំណរគុណចំពោះលោកតំណាងអង្គការ ក្នុងការជួយដល់កម្ពុជា។

លោកតំណាងអង្គការ UNFPA បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីការរីករាយពេញចិត្តរបស់ខ្លួន ក្នុងការបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈកាល៥ឆ្នាំកន្លះកន្លងមកនេះ ហើយនិងការពេញចិត្តចំពោះសមិទ្ធផល ដែលសម្រេចបាននៅក្នុងការជួយដល់កម្ពុជា ពិសេសក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន។

លោកតំណាងអង្គការ UNFPA ក៏បានសម្តែងនូវការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះការរីកចំរើន និងការផ្លាស់ប្តូរប្រែប្រួលជាច្រើននៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលដែលលោកបំពេញការងារនៅកម្ពុជា ហើយលោកក៏បានសម្តែងនូវអំណរគុណចំពោះការជួយគាំទ្រ និងការជួយសម្របសម្រួលគ្រប់បែបយ៉ាងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជារបស់ស្ថាប័នផ្សេងៗទៀត ដល់ការបំពេញបេសកកម្មការងាររបស់លោកនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការគាំទ្រនូវរាល់កម្មវិធីរបស់អង្គការ UNFPA នៅកម្ពុជា។

លោកតំណាងអង្គការ UNFPA ក៏បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគាំពារផ្នែកសង្គមកិច្ច តាមរយៈការផ្តល់ការគាំទ្រដ៏ពេញលេញ ចំពោះការអនុវត្តន៍កម្មវិធីរបស់អង្គការ UNFPA ។

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕

 

ទាញយកឯកសារ PDF