News

  • ខែ​តុលា 20, 2016

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ជួបលោកស្រី Setsuko Yamazaki

នៅរសៀលថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៦ វេលាម៉ោង១៦:០០នាទី នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោកស្រី Setsuko Yamazaki នាយិកាអង្គការ UNDP ប្រចាំនៅកម្ពុជា(UNDP Country Director) ចូលជួបជម្រាបលា ក្នុងឱកាសដែលលោកស្រីបានបញ្ចប់បេសកកម្មការងារនៅកម្ពុជា។

photo_2016-10-31_15-35-30_da

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសំដែងនូវការរីករាយ និងការ ពេញចិត្តចំពោះទំនាក់ទំនងជាដៃគូដ៏ខ្លាំងរឹងមុំា និងជិតស្និទ្ធរវាងអង្គការ UNDP និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសគឺការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍធនធានមនុស្ស ហើយនិងការជួយរបស់អង្គការUNDPដល់កម្ពុជា ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍របស់កម្ពុជា ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានវាយតំលៃខ្ពស់ ចំពោះការជួយឧបត្ថម្ភគ្រប់បែបយ៉ាងរបស់ អង្គការ UNDP ហើយនិងការរួមចំណែកដោយផ្ទាល់ និងដ៏សកម្មរបស់លោកស្រីនាយិកា ក្នុងការជួយដល់កម្ពុជា ។

លោកស្រី Setsuko Yamazaki បានលើកឡើងនូវការចាប់អារម្មណ៍ និងការកោតសរសើររបស់លោកស្រី ចំពោះការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័សនៅកម្ពុជា ដែលលោកស្រី បានសង្កត់ធ្ងន់ជាពិសេសទៅលើការវិវត្តន៍ប្រែប្រួលរបស់កម្ពុជា ពីស្ថានភាពជាប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទាំដោយសង្រ្គាម មកជាប្រទេសប្រកបដោយសន្តិភាពពេញលេញ និងការរីកចម្រើនយ៉ាងលឿន ។

លោកស្រីនាយិកា បានវាយតំលៃខ្ពស់ពីទំនាក់ទំនងដ៏ល្អ និងជិតស្និទ្ធរវាងកម្ពុជា និងអង្គការ UNDP ហើយនិងការខិតខិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍សហស-វត្សរ៍របស់ខ្លួន។

លោកស្រីនាយិកា បានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការខិតខំរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងពេលដែលឯកឧត្តមជាអនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ក្នុងប្រតិបត្តិការបោសសំអាតមីន ក៏ដូចជាក្នុងការកសាងនិងពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអន្តរជាតិ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។

លោកស្រី បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់អង្គការ UNDP ក្នុងការជួយដល់កម្ពុជា ដើម្បី ឈានទៅរកកំរិតមួយទៀត នៃការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងអំពីបំណងរបស់អង្គការUNDP ក្នុងការបន្តកិច្ចសហការជាមួយកម្ពុជា និងក្នុងការផ្ដល់ជាគំនិត និងបទពិសោធន៍ ដើម្បីជួយកម្ពុជាសម្រេចឱ្យបាននូវគោលបំណងនៃការប្រែក្លាយខ្លួន ពីប្រទេសដែលទទួលជំនួយ ទៅជាដៃគូធុរកិច្ចនិងសេដ្ឋកិច្ចរបស់សហគមន៍អន្តរជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជំរាបជូនលោកស្រីនាយិកា អំពីការជំរុញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការខិតខំប្រឹងប្រែងដើម្បីប្រែក្លាយកម្ពុជាពីប្រទេស ដែលទទួលជំនួយទៅជាប្រទេសដៃគូសេដ្ឋកិច្ចរបស់សហគមន៍អន្តរជាតិ ។ ឯកឧត្តម ក៏បានសម្តែងការស្វាគមន៍ ចំពោះការផ្តល់ជាគំនិត និងបទពិសោធន៍របស់អង្គការUNDP ដើម្បីជួយកម្ពុជាសម្រេចបានគោលដៅខាងលើនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជំរាបជូនលោកស្រីនាយិកាថា ក្រសួងការបរទេស នឹងបន្តនូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងអង្គការ UNDP ហើយនិងបន្តកិច្ចសហប្រតិបត្តិការនេះ ជាមួយនឹងនាយក/នាយិកាអង្គការ UNDP ថ្មី ដែលមកជំនួសលោកស្រី។

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕

ទាញយកឯកសារ PDF