News

  • ខែ​តុលា 20, 2016

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ជួបឯកឧត្តម Yukio IMAGAWA

នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៦ វេលាម៉ោង ១៧:០០ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Yukio IMAGAWA អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ហើយនិងជាតួអង្គមួយរូបនៃសន្និសីទទីក្រុងប៉ារីសលើកទី១ ស្តីពីសន្តិភាពនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង ។

photo_2016-10-31_15-35-25_da

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍ ដោយរីករាយ ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម Yukio IMAGAWA មកកាន់កម្ពុជាជាថ្មីម្តងទៀត ដើម្បីចូលរួមក្នុងពិធីរំលឹកខួបលើកទី២៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសំដែងការចាប់អារម្មណ៍ ចំពោះសុន្ទរកថា ដ៏មានអត្ថន័យរបស់ឯកឧត្តម Yukio IMAGAWA ដែលបានថ្លែងក្នុងឱកាសនៃការប្រារព្ធខួបនេះ ដែលបានរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការបរទេស កាលពីពេលព្រឹកថ្ងៃទី២០ ខែ តុលា ឆ្នាំ ២០១៦។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹកឡើងវិញអំពីការខិតខំប្រឹងប្រែងរបស់ឯកឧត្តម IMAGAWA ក្នុងពេលដែលឯកឧត្តមបំពេញការងារជាឯកអគ្គរាជទូតទី១របស់ជប៉ុន ប្រចាំនៅកម្ពុជា ក្រោយកិច្ច ព្រមព្រៀងទីក្រុងប៉ារីស ហើយបានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគ្រប់បែបយ៉ាង ហើយនិងការចូលរួមវិភាគទានដ៏សកម្មរបស់ជប៉ុន នៅក្នុងដំណើរការចរចាសន្តិភាពនៅកម្ពុជា ក៏ដូចជាក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ និងការពេញចិត្ត ចំពោះការរីកចម្រើនដ៏ល្អប្រសើរ ក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ហើយនិងជំនួយឧបត្ថម្ភលើគ្រប់វិស័យរបស់ជប៉ុនដល់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិរហូតដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវការរីករាយអំពីការចាប់ផ្តើមក្នុងពេលថ្មីៗ នូវជើងហោះហើរត្រង់រវាងជប៉ុន និងកម្ពុជា ហើយឯកឧត្តមបានសម្តែងនូវក្តីសង្ឃឹមថា ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនេះ នឹងជួយឱ្យមានការកើនឡើងនូវចំនួនទេសចរជប៉ុនមកទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះការកើនឡើងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើផ្នែកទេសចរណ៍ និងលើផ្នែកវិនិយោគទុន ពិសេសគឺការកើនឡើងវិនិយោគទុនរបស់ជប៉ុនមកកម្ពុជាក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៦នេះ ដែល មានចំនួនប្រមាណ២៥០លានដុល្លារអាមេរិក។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវការស្វាគមន៍ផងដែរ ចំពោះការបង្កើតឡើង នូវមន្ទីរពេទ្យរបស់ជប៉ុន នៅកម្ពុជាក្នុងពេលថ្មីៗនេះ។

ឯកឧត្តម Yukio IMAGAWA បានសម្តែងនូវអំណរគុណចំពោះឯកឧត្តមទេសរដ្ឋមន្រ្តី ដែលបានអញ្ជើញរូបឯកឧត្តមមកទស្សនកិច្ចនៅកម្ពុជា និងចូលរួមក្នុងការប្រារព្ធខួបលើកទី២៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយឯកឧត្តមបានជម្រាបជូន ឯកឧត្តមទេសរដ្ឋមន្រ្តី អំពីការស្រលាញ់ពេញចិត្តរបស់ឯកឧត្តមចំពោះកម្ពុជា ក្នុងពេលដែលឯកឧត្តមស្នាក់នៅ និងបំពេញបេសកកម្មការទូតនៅកម្ពុជានាពេលនោះ ហើយឯកឧត្តមបានគូសបញ្ជាក់ថា ឯកឧត្តមបានចាត់ទុកកម្ពុជាគឺជាប្រទេសកំណើតទី២របស់ឯកឧត្តម។ ឯកឧត្តមបានសម្តែងមនោសញ្ចេតនាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានវិលត្រឡប់មកប្រទេសកំណើតទី២របស់ឯកឧត្តមនៅពេលនេះ។

ឯកឧត្តម Yukio IMAGAWA ក៏បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនប្រកបដោយផ្លែផ្កាក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងជប៉ុននិងកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ពីភាពងាយស្រួលខ្លាំង ក្នុងការធ្វើដំណើររបស់ឯកឧត្តមមកកាន់កម្ពុជាតាមជើងហោះហើរត្រង់ ដែលទើបបង្កើតឡើងថ្មីៗនេះ ហើយឯកឧត្តមបានបង្ហាញក្តីសង្ឃឹមថា ភាពងាយស្រួលក្នុងការធ្វើដំណើរនេះ នឹងរួមចំណែកបង្កើនភ្ញៀវទេសចរជប៉ុនមកកម្ពុជា។

ឯកឧត្តម Yukio IMAGAWA ក៏បានសម្តែងនូវការរីករាយពេញចិត្តចំពោះការកើនឡើងនូវចំនួននិស្សិតកម្ពុជា និងចំនួនអ្នកបច្ចេកទេសកម្ពុជា ដែលទៅទទួលការហ្វឹកហាត់នៅប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះ។

ជំនួបរវាងឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តម Yukio IMAGAWA បានប្រព្រឹត្តទៅក្នុង បរិយាកាសរីករាយ ស្និទ្ធស្នាល ដែលមានលក្ខណៈជាការជួបជុំរវាងមិត្តភក្តិចាស់៕

 

ទាញយកឯកសារ PDF