សេចក្តីប្រកាសព័ត៌មាន

  • ខែ​តុលា 31, 2016

លទ្ធ​ផល​នៃ​វេទិការ​សេដ្ឋ​កិច្ច​ពិភព​លោក​ ស្តី​ពី​តំបន់​មេគង្គ​ កិច្ច​ប្រជុំ​កំពូល​យុទ្ធ​សាស្ត្រ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច​ អា​យេ​យ៉ា​វ៉ា​-ចៅ​ប្រាយ៉ា​-មេ​គង្គ​ លើក​ទី៧​ និង​កិច្ច​ប្រជុំ​កំពូល​កម្ពុជា​-ឡាវ​-មីយ៉ាន់​ម៉ារ​​-វៀត​ណាម​ លើក​ទី៨​ ថ្ងៃ​ទី​២៤​-២៦​ ខែ​ តុលា​ ឆ្នាំ​២០១៦​ នៅ​ទី​ក្រុង​ហាណូយ​ សាធារណៈ​រដ្ឋសង្គម​និយម​វៀត​ណាម​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ   គណៈប្រតិភូជាន់ខ្ពស់ចូលរួម “វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់មេគង្គ” “កិច្ចប្រជុំកំពូលស្តីពីយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយេយ៉ាវ៉ាឌីចៅប្រាយ៉ាមេគង្គ (អេកម៉ិក) លើកទី ៧” និង “កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ារ-វៀតណាម (CLMV) លើកទី ៨” នៅទីក្រុងហាណូយ ប្រទេសវៀតណាម តាមការអញ្ជើញរបស់ឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់មេគង្គ

វេទិកានេះមានការចូលរួមពីភាគីរដ្ឋាភិបាល ដឹកនាំដោយប្រមុខរដ្ឋ/រដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ  មីយ៉ាន់ម៉ារ ថៃ និងវៀតណាម តំណាងវេទិកាសេដ្ឋកិច្ចពិភពលោក និងគណៈប្រតិភូដទៃទៀតពីផ្នែកឯកជននៃបណ្តាប្រទេសមេគង្គ។ ដោយបញ្ជាក់ពីសក្តានុពលសេដ្ឋកិច្ចដ៏ទូលំទូលាយ និងសារៈសំខាន់នៃតួនាទីរបស់តំបន់ទន្លេមេគង្គ ថ្នាក់ដឹកនាំបានផ្លាស់ប្តូរយោបល់ស្តីពីមធ្យោបាយនានាក្នុងការពង្រឹងការតភ្ជាប់តំបន់ លើកកម្ពស់ការធ្វើសមាហរណកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅក្នុងក្របខណ្ឌនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ក៏ដូចជាការពង្រឹងខ្សែចង្វាក់ផលិតកម្មតំបន់ និងស្វែងរកគំរូថ្មី ៗ សម្រាប់ឧស្សាហកម្មនៅតំបន់មេគង្គ ដោយការជួយគ្នាទៅវិញទៅមករវាងប្រទេសនីមួយ ៗ។

នៅក្នុងសុន្ទរកថាដែលបានថ្លែងនៅក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី “ការស្វែងរកជោគជ័យរួមគ្នា៖ ថ្នាក់ដឹកនាំតំបន់ចែករំលែកទស្សនវិស័យសម្រាប់តំបន់មេគង្គសម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញពីទស្សនវិស័យរបស់សម្តេចតេជោចំពោះទិសដៅអភិវឌ្ឍន៍តំបន់មេគង្គ។ សម្តេចតេជោនាយក  រដ្ឋមន្ត្រីបានទទួលស្គាល់ពីសក្តានុពលដ៏ធំធេងនៃតំបន់ថាជាបណ្តាញផលិតកម្មតំបន់ដែលមានប្រសិទ្ធភាពខ្ពស់មួយ ប៉ុន្តែបញ្ហាប្រឈមនៅតែមាន ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាធំ ៗ ចំពោះភាពប្រកួតប្រជែងតំបន់។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យវិស័យឯកជនដើរតួនាទីយ៉ាងសកម្មថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈគម្រោងភាពជាដៃគូរដ្ឋ និងឯកជន ដូចជា គម្រោងផ្លូវហាយវ៉េ ផ្លូវរថភ្លើង ផ្លូវទឹក កំពង់ផែ និងផ្លូវអាកាស ក៏ដូចជា បណ្តាញថាមពល និងបណ្តាញទូរគមនាគមន៍ ដោយយកចិត្តទុកដាក់លើយន្តការហិរញ្ញវត្ថុថ្មីដូចជា “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ វិថីមួយ” របស់ប្រទេសចិន ដែលរួមមាន មូលនិធិវិថីសូត្រ និងធនាគារវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និង “ភាពជាដៃគូសម្រាប់ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព” របស់ប្រទេសជប៉ុន ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុពហុភាគីដទៃទៀត។

ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏មានការយកចិត្តទុកដាក់ឱ្យកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនៅតំបន់មេគង្គនៅក្នុងផ្នែកជាច្រើននៃវិស័យផលិតកម្ម ឧស្សាហកម្ម និងខ្សែចង្វាក់ផលិតកម្មតំបន់ តាមរយៈការអនុវត្តនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីតម្រូវការនៃកិច្ចសហប្រតិបត្តិការច្រើនថែមទៀតនៅក្នុងវិស័យនាំចេញផលិតផលកសិកម្ម ជាពិសេសគឺការនាំចេញអង្ករ។

ជាទីបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជានឹងទទួលរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន នៅខែ ឧសភា ឆ្នាំ ២០១៧ នៅទីក្រុងភ្នំពេញ និងបានអញ្ជើញអ្នកចូលរួមទាំងអស់ចូលរួមវេទិកានេះ។

កិច្ចប្រជុំកំពូលអេកម៉ិកលើកទី ៧ និងកិច្ចប្រជុំកំពូល CLMV លើកទី ៨

កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយេយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ារ-វៀតណាម (CLMV) ត្រូវបានរៀបចំឡើងបន្តបន្ទាប់គ្នា នាថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៦ និងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសអេកម៉ិក និង CLMV រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ារ ថៃ និងវៀតណាម។ អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាប្រតិបត្តិគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងតំណាងធនាគារពិភពលោក ក៏មានវត្តមានក្នុងកិច្ចប្រជុំកំពូលទាំងពីរនេះផងដែរ។

កិច្ចប្រជុំកំពូលអេកម៉ិកលើកទី ៧ នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ឆ្ពោះទៅរកអនុតំបន់ មេគង្គប្រកបដោយថាមភាព និងវិបុលភាព ការពង្រឹងការតភ្ជាប់តំបន់ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច  អេកម៉ិក និងកិច្ចសហប្រតិបត្តិការអេកម៉ិក សម្រាប់ការអភិវឌ្ឍអនុតំបន់មេគង្គប្រកបដោយចីរភាព”។ នៅក្នុងសុន្ទរកថា  សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងនូវចំណុចពាក់ព័ន្ធជាច្រើនដែលមានផលប្រយោជន៍ដល់កម្ពុជា ក៏ដូចជាប្រទេសអេកម៉ិកទាំងមូល ដូចជា ការគ្រប់គ្រងលំហូរពលករ ការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកផលិតកម្ម និងពាណិជ្ជកម្មស្រូវ-អង្ករ ការបង្កើតបណ្តាញផលិតកម្មតំបន់ និងការប្រែប្រួលអាកាសធាតុ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានចែករំលែកទស្សនៈវិស័យស្តីពីទិសដៅអនាគតរបស់អេកម៉ិក ដោយសង្កត់ធ្ងន់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការតភ្ជាប់ផ្នែកថាមពល និងឌីជីថល ការសម្របសម្រួលនិយ័តកម្ម និងស្ថាប័ន។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញឱ្យអេកម៉ិកកំណត់ និងអភិវឌ្ឍរួមគ្នានូវខ្សែចង្វាក់ទំនិញ និងសេវាកម្មសម្រាប់អនុតំបន់ ក៏ដូចជា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោមធុរជន និងរវាងប្រជាជន និងប្រជាជន។

ថ្នាក់ដឹកនាំប្រទេសអេកម៉ិកបានអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងហាណូយ នៃកិច្ចប្រជុំកំពូលអេកម៉ិកលើកទី ដែលក្នុងនោះថ្នាក់ដឹកនាំប្តេជ្ញាចិត្តក្នុងការចាត់វិធានការដូចតទៅ៖ ១). សម្រួលកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការបញ្ចប់ការតភ្ជាប់ការដឹកជញ្ជូនពហុគំរូ និងប្រើប្រាស់យ៉ាងពេញលេញនូវបណ្តាញផ្លូវដឹកជញ្ជូន និងរបៀងសេដ្ឋកិច្ចនានាដែលមានស្រាប់ ជាពិសេស របៀងសេដ្ឋកិច្ចខាងត្បូង និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការធ្វើសុខដុមនីយកម្ម និងសាមញ្ញកម្មច្បាប់ និងបទប្បញ្ញត្តិនានា ២). ពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការអភិវឌ្ឍចង្កោមសហគ្រាសធុនតូច និងមធ្យម សុខដុមនីយកម្មមាត្រដ្ឋាន ការសម្រួលដល់ការចូលយកព័ត៌មាន ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការកសាងសមត្ថភាព ៣). ពន្លឿនការអនុវត្តកិច្ចសហប្រតិបត្តិការទាំង ចំណុច នៅក្នុងផែនការសកម្មភាពទេសចរណ៍អេកម៉ិកឆ្នាំ ២០១៦-២០១៨ និងជំរុញទេសចរណ៍បៃតង និងប្រកបដោយការទទួលខុសត្រូវក្នុងប្រទេសអេកម៉ិក ៤). ជំរុញការអភិវឌ្ឍកសិកម្មតាមកិច្ចសន្យាទ្វេភាគី និងពហុភាគី ដើម្បីបង្កើតការងារ និងបង្កើនសុខុមាលភាពរបស់កសិករ ៥). ជំរុញពាណិជ្ជកម្មលើផលិតផលកសិកម្ម និងការផ្លាស់ប្តូរទំនាក់ទំនងស្តីពីផលិតកម្ម និងពាណិជ្ជកម្មអង្ករ និង ៦). ប្តេជ្ញាចិត្តក្នុងការធ្វើសមាហរណកម្មគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដែលពាក់ព័ន្ធ ទៅក្នុងគ្រប់គម្រោងអភិវឌ្ឍសេដ្ឋកិច្ចទាំងអស់របស់អេកម៉ិក

កិច្ចប្រជុំកំពូល CLMV លើកទី ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ចាប់យកឱកាស កសាងអនាគត៖ កាលានុវត្តភាព និងបញ្ហាប្រឈមសម្រាប់ភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងសមាហរណកម្មតំបន់របស់ CLMV ”។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីតម្រូវការរបស់ប្រទេស CLMV ក្នុងការសម្របសម្រួល និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើបញ្ហាផលិតផលកសិកម្ម ខណៈដែលប្រទេសទាំងនេះកំពុងប្រកួតប្រជែងជាមួយគ្នាឯងក្នុងការផលិត និងនាំចេញទៅកាន់ប្រទេសអភិវឌ្ឍន៍ ជាពិសេស ផលិតផលកសិកម្ម ដែលធ្វើឱ្យផលិតផលទាំងនោះធ្លាក់ថ្លៃ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមពីកិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍ដែលជាចំណុចខ្លាំងពីធម្មជាតិរបស់ប្រទេស CLMV

ថ្នាក់ដឹកនាំប្រទេស CLMV បានអនុម័តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល CLMV លើកទី ដែលរំលេចឱ្យឃើញពីតម្រូវការក្នុងការបន្តធ្វើឲ្យកំណែទម្រង់រចនាសម្ព័ន្ធនៃសេដ្ឋកិច្ចរបស់យើងឈានទៅមុខ និងការជំរុញការតភ្ជាប់តំបន់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់ CLMV ។ ថ្នាក់ដឹកនាំបានឯកភាពអនុវត្តវិធានការជាក់លាក់ ដូចតទៅ៖ ១). ពន្លឿនការសាងសង់តំណផ្លូវដែលមិនទាន់តភ្ជាប់ និងកែលម្អផ្លូវនៅតាមរបៀងសេដ្ឋកិច្ចនានា និងសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវអាកាស ២). ប្រែក្លាយរបៀងដឹកជញ្ជូនទៅជារបៀងសេដ្ឋកិច្ច និងឧស្សាហកម្ម ដោយពន្លឿនការធ្វើសាមញ្ញកម្ម និងសុខដុមនីយកម្មនៃនីតិវិធីឆ្លងកាត់ព្រំដែន ៣). ជំរុញគោលនយោបាយកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍឧស្សាហកម្ម ការធ្វើឲ្យមានមាត្រដ្ឋាន និងអនុលោមភាព សហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ និង ៤). អនុវត្តផែនការសកម្មភាពឆ្នាំ ២០១៦-២០១៨ ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងបណ្តាប្រទេស CLMV

ថ្នាក់ដឹកនាំប្រទេសជាសមាជិកបានសម្រេចរៀបចំកិច្ចប្រជុំកំពូលអេកម៉ិក លើកទី និងកិច្ចប្រជុំកំពូល CLMV លើកទី បន្តបន្ទាប់គ្នា នៅព្រះរាជាណាចក្រថៃ នាឆ្នាំ ២០១៨កម្ពុជានឹងធ្វើជាប្រធានកិច្ចប្រជុំកំពូល CLMV លើកទី ខណៈប្រទេសថៃនឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលអេកម៉ិកលើកទី

ជំនួបទ្វេភាគីដទៃទៀត

មុនកិច្ចប្រជុំកំពូលអេកម៉ិក និង CLMV សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមពិសាអាហារការងារពេលព្រឹក រៀបចំដោយឯកឧត្តមនាយករដ្ឋមន្ត្រី ង្វៀន សួនហ្វ៊ុក ដែលក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរមានឱកាសពិភាក្សាបញ្ហាទ្វេភាគីដែលមានផលប្រយោជន៍ទៅវិញទៅមក។ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរក៏បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចសម្របសម្រួលស្តីពីការពង្រឹងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមផងដែរ៕

រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៦

ទាញយកឯកសារ PDF