ដំណឹង

  • វិច្ឆិកា ២, ២០១៦

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឱ្យលោក Bart Vermeiren ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១៦:០០នាទី ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោក Bart Vermeiren ប្រធានបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

img_6094_da

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងមនោសញ្ចេតនារីករាយ ក្នុងការទទួលជួបពិភាក្សាការងារជាមួយប្រធានបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ប្រចាំ នៅកម្ពុជា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីការងាររបស់ឯកឧត្តម ក្នុងពេលបំពេញតួនាទីជាអនុប្រធានទី១ របស់អាជ្ញាធរសកម្មភាពមីនកម្ពុជារយៈពេល១០ឆ្នាំ ក្នុងការបោសសម្អាតមីននៅកម្ពុជា ការជួយដល់ជនរងគ្រោះដោយគ្រាប់មីន ពិសេសតាមរយៈកម្មវិធីស្តារឡើងវិញកាយសម្បទា និងការជួយដល់ពិការភាព ដែលជាសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តម ហើយដែលរហូតមកដល់ពេលនេះ ឯកឧត្តមនៅតែមានមនោសញ្ចេតនាស្រឡាញ់ និងដក់ជាប់ជាមួយការងារមនុស្សធម៌ទាំងនោះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីសកម្មភាពមនុស្សធម៌របស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ក្នុងការចូលមកជួយដល់កម្ពុជា បន្ទាប់ពីកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពតឆ្នាំ១៩៧៩ តាមរយៈការផ្តល់នូវជំនួយស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យដល់ប្រជាជនកម្ពុជា ដែលកំពុងជួបគ្រោះទុរភិក្សនាពេលនោះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភរបស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ចំពោះព្រះរាជាណាចក្រកម្ពុជា ពិសេសគឺការជួយលើផ្នែកដែលពាក់ព័ន្ធនឹងមន្ទីរឃុំឃាំង ការស្តារមកវិញនូវទំនាក់ទំនងគ្រួសារ ការលើកស្ទួយច្បាប់មនុស្សធម៌អន្តរជាតិ កម្មវិធីស្តារឡើងវិញនូវកាយសម្បទា ហើយនិងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ជាមួយអង្គការកាកបាទក្រហមកម្ពុជា។

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី និងប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើការលើកស្ទួយច្បាប់មនុស្សធម៌អន្តរជាតិ ការបង្កើតមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន និងអនុសញ្ញាស្តីអំពីគ្រាប់បែកចង្កោម។

លោក Bart Vermeiren បានអះអាងជូនឯកឧត្តមទេសរដ្ឋមន្រ្តី ថា គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម រីករាយពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភដល់កម្ពុជាកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន ហើយនឹងបន្តកិច្ចសហប្រតិបត្តិការនេះ ទៅអនាគតបន្តទៅទៀត។ លោក ក៏បានវាយតំលៃខ្ពស់ និងបានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី សម្រាប់ការជួយឧបត្ថម្ភគាំទ្រ និងការបង្កលក្ខណៈងាយស្រួល គ្រប់បែបយ៉ាងរបស់ក្រសួងការបរទេស និងសហប្រតិ-បត្តិការអន្តរជាតិ ចំពោះគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ។

លោក Bart Vermeiren បានគូសបព្ជាក់ថា ការបំពេញបេសកកម្មមនុស្សធម៌របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ពេលដែលឯកឧត្តមធ្វើជាអនុប្រធានទី១ របស់អាជ្ញាធរជាតិសកម្មភាពមីន ត្រូវបានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ហើយនិងអង្គការអន្តរជាតិនានា វាយតម្លៃខ្ពស់ និងទទួលស្គាល់ជាទូទៅ ។

លោក Bart Vermeiren ក៏បានសំដែងនូវការវាយតំលៃខ្ពស់ ចំពោះការបង្កើតឡើងនូវមជ្ឈមណ្ឌល សកម្មភាពមីនតំបន់អាស៊ាន (ARMAC) នៅកម្ពុជា ហើយលោក ក៏បានអះអាងបញ្ជាក់ថា គណៈ-កម្មាធិការអន្តរជាតិកាកបាទក្រហមត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់ជំនួយបច្ចេកទេសដល់អង្គការ ARMAC នេះ។

នៅក្នុងការពិភាក្សាអំពីការលើកស្ទួយច្បាប់មនុស្សធម៌អន្តរជាតិ លោក Bart Vermeiren បានលើកឡើងនូវបំណងប្រាថ្នា ចង់ឱ្យមានការបង្កើតឡើងនូវគណៈកម្មាធិការជាតិនៃច្បាប់មនុស្សធម៌អន្តរជាតិ នៅក្នុងសភាឬក៏នៅក្នុងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ត្រៀមខ្លួននឹងផ្ដល់កិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មាធិការថ្នាក់ជាតិនេះ។ លោក ក៏បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី ថា គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ត្រៀមខ្លួនជួយផ្ដល់ប្រឹក្សាខាងផ្នែកច្បាប់ ពាក់ព័ន្ធនឹងអនុសញ្ញាអំពីគ្រាប់បែកចង្កោម ប្រសិនបើកម្ពុជាចាប់អារម្មណ៍។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមរបស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ក្នុងការបង្កើតឡើងនូវគណៈកម្មាធិការជាតិ ផ្នែកច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងរដ្ឋសភាឬក្នុង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយឯកឧត្តម នឹងធ្វើការពិចារណារលើសំណើ នេះ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះបំណងរបស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ក្នុងការផ្ដល់នូវការប្រឹក្សាផ្នែកច្បាប់ពាក់ព័ន្ធនឹងអនុសញ្ញាគ្រាប់បែកចង្កោម ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍គម្រោងជំនួយបច្ចេកទេសរបស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមចំពោះ ARMAC និងបានគូសបញ្ជាក់ថា កម្ពុជាត្រូវបានគេទទួលស្គាល់ក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ចំពោះតួនាទីឈានមុខក្នុងសកម្មភាពបោសសំអាតមីន។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងថា កន្លងមកមានលេចចេញនូវព័ត៌មានថា មានការរំលោភបំពានចំពោះពលរដ្ឋខ្មែរជាប់ឃុំនៅឯបរទេស ហើយឯកឧត្តម ក៏បានលើកសំណូមពរសូមឱ្យគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ជួយធ្វើការស៊ើបអង្កេត និងជួយធ្វើយ៉ាងណា ឱ្យមានការទប់ស្កាត់ការធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋខ្មែរ ដែលកំពុងជាប់ឃុំនៅឯបរទេស។ លោកប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម បានសំដែងនូវក្ដីរីករាយ ក្នុងការសហការជួយដល់កម្ពុជា តាមសំណើសុំរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លើបញ្ហាដែលបានលើកឡើងនេះ។

ជំនួបពិភាក្សានេះ បានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នា។