ដំណឹង

  • វិច្ឆិកា ២, ២០១៦

កិច្ចប្រជុំផ្លូវការរវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹង ឯកឧត្តម នីកូឡាយ នីគីហ្វូរ៉ូ និង ឯកឧត្តម រុស្តាំ មីននីខាណូវ

នៅរសៀលថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១៥:០០នាទី នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានទទួល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់សាធារណរដ្ឋតាតាកស្តង់(Tatarstan)នៃសហពន្ធ័ រុស្ស៊ីដែលដឹកនាំដោយឯកឧត្តម Nikolay Nikiforov រដ្ឋមន្រ្តីក្រសួងគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយរបស់សហព័ន្ធរុស្ស៊ី និងជាសហប្រធានគណៈកម្មការចំរុះអន្តររដ្ឋាភិបាលរុស្ស៊ី – កម្ពុជា ហើយនិងឯកឧត្តម Rustam Minnikhanov ប្រធានរដ្ឋរបស់សាធារណរដ្ឋតាតាកស្តង់ ។

2

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ចំពោះប្រធានរដ្ឋតាតាកស្តង់ និងគណៈប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាលើកដំបូងនៅកម្ពុជា ហើយបានចាត់ទុកថា ដំណើរទស្សនកិច្ច របស់គណៈប្រតិភូតាតាកស្តង់ នាពេលនេះ ជាកាលានុវត្តភាពដ៏សំខាន់មួយសំរាប់ឲ្យភាគីទាំងពីរ បង្កើតឡើងនូវទំនាក់ទំនងដោយផ្ទាល់រវាងកម្ពុជា – សាធារណរដ្ឋតាតាកស្តង់ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាឆ្នាំ២០១៦នេះ ជាឆ្នាំដែលពោរពេញទៅដោយ ការផ្លាស់ប្ដូរទស្សនកិច្ចរវាងប្រទេសទាំងពីរ ដើម្បីប្រារព្ធខួបទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិង រុស្ស៊ី ពិសេស គឺជំនួបផ្លូវការរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយឯកឧត្តម Dmitry Medvedev នាយករដ្ឋមន្រ្តីរបស់សហព័ន្ធរុស្ស៊ី នៅទីក្រុងម៉ូស្គូ និងជាមួយ ឯកឧត្តម Vladimir Putin ប្រធានាធិបតីរុស្ស៊ី នៅ Sochi កាលពីខែឧសភា កន្លងមកនេះ ព្រមទាំង ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Nikolay Nikiforov នៅកម្ពុជាចំនួន២លើក ហើយនិងដំណើរ ទស្សនកិច្ចរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី នៅប្រទេសរុស្ស៊ី ចំនួន២លើក ក្នុងឆ្នាំ២០១៦នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹកឡើងវិញអំពីជំនួបរវាងឯកឧត្តម ជាមួយឯកឧត្តម Sergey Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ហើយនិងជាមួយរដ្ឋមន្រ្តី Nikiforov ដែលជាសហប្រធានគណៈ កម្មការចំរុះអន្តររដ្ឋាភិបាលរុស្ស៊ី – កម្ពុជា ក្នុងឱកាសទស្សនកិច្ចរបស់ឯកឧត្តម នៅទីក្រុងម៉ូស្គូ កាលពី ខែតុលាកន្លងមកនេះ ដែលក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នានៅលើ បញ្ហាជាច្រើន លើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយនិងលើបញ្ហាតំបន់ និងបញ្ហា អន្តរជាតិ ដែលមានផលប្រយោជន៍រួម។ ទស្សនកិច្ចខាងលើនេះ ក៏បានផ្ដល់នូវកាលានុវត្តភាពដ៏ សំខាន់មួយសំរាប់ឲ្យភាគីទាំងពីរ សម្ដែងនូវការរីករាយពេញចិត្តចំពោះមិត្តភាពជាប្រពៃណីដ៏រឹងមាំ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយនិងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ។

នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្ដែងសារជាថ្មីម្ដងទៀត នូវកត្តញ្ញូតាធម៌ របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ចំពោះរដ្ឋាភិបាលនិងប្រជាជនរបស់អតីតសហភាពសូវៀត និងរបស់រុស្ស៊ីនាពេលនេះ ដែលបានផ្ដល់ការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងចំពោះកម្ពុជា ក្នុងពេល ដែលកម្ពុជាជួបនូវការលំបាកយ៉ាងខ្លាំងនិងមានតំរូវការជាច្រើន បន្ទាប់ពីបានរំដោះពីរបបប្រល័យ ពូជសាសន៍ប៉ុលពត ក្នុងឆ្នាំ១៩៧៩ ។

នៅក្នុងជំនួបនេះ ឯកឧត្តម Rustam Minnikhanov បានសម្ដែងនូវការចាប់អារម្មណ៍ យ៉ាងខ្លាំង និងការកោតស្ញប់ស្ញែងចំពោះវប្បធម៌កម្ពុជា ពិសេសមរតកវប្បធម៌ប្រាសាទបុរាណនានា នៅខេត្តសៀមរាប ដែលឯកឧត្តមផ្ទាល់និងគណៈប្រតិភូបានទៅទស្សនា មុន មកកាន់ទីក្រុងភ្នំពេញ។ ឯកឧត្តម បានចាត់ទុកថា មរតកវប្បធម៌ដ៏ថ្លៃថ្លារបស់កម្ពុជា គឺជាមូលដ្ឋានសម្រាប់ការទាក់ទាញទេសចរ ពីបរទេស និងពីប្រទេសរុស្ស៊ី ។

ឯកឧត្តម Rustam Minnikhanov បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ឯកឧត្តម និង គណៈប្រតិភូ នាពេលនេះ បាននាំមកនូវតំណាងរបស់ក្រុមហ៊ុនសំខាន់ៗជាច្រើនរបស់សាធារណរដ្ឋ តាតាកស្តង់ ដើម្បីធ្វើការទំនាក់ទំនងជាមួយនឹងសហគមន៍ធុរកិច្ចរបស់កម្ពុជា ធ្វើការពិភាក្សាដើម្បី បង្កើតឡើងនូវទំនាក់ទំនងផ្នែកធុរកិច្ចរវាងសាធារណរដ្ឋតាតាកស្តង់ជាមួយព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ក៏បានលើកឡើងនូវបំណងប្រាថ្នាចង់ឱ្យឯកឧត្តមទេសរដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូ ដែល រួមមានតំណាងសហគមន៍ធុរកិច្ចរបស់កម្ពុជា នៅក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំលើកទី១០របស់ គណៈកម្មការចម្រុះអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០១៧ នៅសាធា- រណរដ្ឋតាតាកស្តង់ ដើម្បីបន្តជួបពិភាក្សាជាមួយសហគមន៍ធុរកិច្ចរបស់សាធារណរដ្ឋតាតាកស្តង់។

នៅក្នុងជំនួបនេះដែរ ឯកឧត្តម Nikolay Nikiforov បានវាយតម្លៃខ្ពស់ និងបានសម្តែង នូវការពេញចិត្តចំពោះការរីកចម្រើន ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសគឺលទ្ធផល ប្រកបដោយផ្លែផ្កា នៅក្នុងឆ្នាំ២០១៦ ដែលជាខួបលើកទី៦០នៃទំនាក់ទំនងការទូតរវាងប្រទេស ទាំងពីរ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី និងរបស់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិ- បត្តិការរវាងប្រទេសទាំងពីរនេះ។

ឯកឧត្តម Nikolay Nikiforov និង ឯកឧត្តម Rustam Minnikhanov បានគូសបញ្ជាក់អំពីបំណងប្រាថ្នាក្នុងការស្វែងរកកាលានុវត្តភាពសម្រាប់ការពង្រីកទំនាក់ទំនងសហប្រតិបត្តិការ រវាង កម្ពុជានិងរុស្ស៊ី ក៏ដូចជារវាងកម្ពុជានិងសាធារណរដ្ឋតាតាកស្តង់ ក្នុងនោះក៏មានការធ្វើអាជីវកម្មរួម ផងដែរ។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវការស្វាគមន៍ចំពោះបំណងប្រាថ្នា របស់សហព័ន្ធរុស្ស៊ី ក្នុងការបង្កើតឱ្យមានអាជីវកម្មរួមរវាងកម្ពុជា-រុស្ស៊ី នៅក្នុងវិស័យទូរគមនាគមន៍ ហើយឯកឧត្តម ក៏បានជម្រាបជូនថា កម្ពុជា ត្រៀមខ្លួនទទួលដំណើរទស្សនកិច្ចរបស់អ្នកជំនាញការសហព័ន្ធរុស្ស៊ីមកកាន់កម្ពុជា ដើម្បីពិភាក្សាជាមួយនិងសហគមន៍ធុរកិច្ចកម្ពុជា ក្នុងការស្វែងរកកាលា- នុវត្តភាពសម្រាប់ពង្រីកទំនាក់ទំនងសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ។ល។ រវាងប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានលើកពីបំណងប្រាថ្នារបស់កម្ពុជា ក្នុងការនាំចេញនូវផលិតផលកសិកម្ម ផលិតផលវាយនភ័ណ្ឌ ទៅកាន់សហព័ន្ធរុស្ស៊ី ហើយបានអំពាវនាវឲ្យមានការវិនិយោគទុន ក្នុងផ្នែកឧស្សាហកម្មកិនស្រូវនៅកម្ពុជាផងដែរ។

ក្នុងវិស័យអប់រំ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីបំណងឱ្យមានការបណ្តុះបណ្តាលចំពោះនិស្សិតកម្ពុជា នៅតាមសកលវិទ្យាល័យនានារបស់សហព័ន្ធរុស្ស៊ី។

នៅក្នុងជំនួបនេះដែរ ភាគីទាំងពីរ ក៏បានស្របទស្សនៈគ្នាថា ទស្សនកិច្ចលើកនេះ គឺជាការ ចាប់ផ្តើម ហើយសង្ឃឹមថាទៅអនាគត នឹងមានការផ្លាស់ប្តូរទស្សនកិច្ចរវាងគណៈប្រតិភូ ក៏ដូចជារវាង សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីសម្រេចឱ្យបាននូវការពង្រីកទំនាក់ទំនងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍រវាងប្រទេសទាំងពីរ។

          ជំនួបពិភាក្សានេះ បានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង។

ទាញយកឯកសារ PDF