ដំណឹង

  • វិច្ឆិកា ៣, ២០១៦

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឲ្យ ឯកឧត្តម ស៊ីសាបា អូរីុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១០:០០នាទី ព្រឹក ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម Csaba Ory ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

1

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះដំណើររបស់ឯកឧត្តមឯកអគ្គរដ្ឋទូតមកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយបានសម្តែងនូវការពេញចិត្តចំពោះស្ថានភាពបច្ចុប្បន្ន នៃ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ  និងបានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានដោយផ្ទាល់របស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹកឡើងវិញថា ប្រទេសហុងគ្រី គឺស្ថិតក្នុងចំណោមប្រទេស ដែលបានផ្តល់ការគាំទ្រ និងចូលមកជួយកម្ពុជាមុនគេ បន្ទាប់ពីកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅក្នុងឆ្នាំ ១៩៧៩ ហើយតាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវកតញ្ញុតាធម៌ជូនចំពោះរដ្ឋាភិបាល និងប្រជាជនរបស់ហុងគ្រី សម្រាប់ការជួយឧបត្ថម្ភនាឱកាសនោះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញ ពីលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែ មករា ឆ្នាំ២០១៦ កន្លងមកនេះ ដែលក្នុងឱកាសនោះ ភាគីទាំងពីរ បានចុះហត្ថលេខានៅលើកិច្ចព្រមព្រៀង ស្តីអីពីការជំរុញ និងការការពារវិយោគទុនទៅវិញទៅមក ហុងគ្រីបានសន្យាផ្តល់ដល់កម្ពុជានូវឥណទានចំនួន២៧ លានដុល្លារ សម្រាប់ ប្រើប្រាស់ក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយនិងការព្រមព្រៀងគ្នា ឱ្យមានការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីអំពីការជួបពិគ្រោះ រវាងក្រសួងការបរទេសទាំងពីរ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើង នូវបំណងជំរុញឱ្យមានការចុះហត្ថលេខាលើអនុស្សារណៈនេះ  ឱ្យបានឆាប់រហ័សក្នុងពេលខាងមុខ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីការយកចិត្តទុកដាក់របស់ឯកឧត្តម ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ថា ហុងគ្រី គោរពនូវរាល់ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញឡើងដោយការបោះឆ្នោតជ្រើសតាំងដោយសេរីរបស់ប្រជាជនកម្ពុជា ហើយឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះបេក្ខភាពរបស់ហុងគ្រីជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស សម្រាប់អាណត្តិឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ។

នៅក្នុងការពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានស្របយោបល់គ្នាថា ការបង្កើតឡើងនូវមន្ទីរពាណិជ្ជកម្មហុងគ្រី – កម្ពុជា (Hungarian – Cambodian Trading House )នៅទីក្រុងភ្នំពេញ កាលពីខែមករា ២០១៦ កន្លងមកនេះ គឺបានបង្កលក្ខណៈងាយស្រួលសម្រាប់ការជំរុញទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្នទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងផ្នែកទេសចរណ៍រវាងប្រទេសទាំងពីរ នៅមានកំរិត ហើយឯកឧត្តម ក៏បានលើកឡើងពីបំណងរបស់កម្ពុជា ចង់ឱ្យមានការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច ទេសចរណ៍ រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានជំរាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី ថា ហុងគ្រី នឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយប្រមុខទីប្រឹក្សារបស់រដ្ឋមន្រ្តីការបរទេសហុងគ្រី មកកាន់កម្ពុជា នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ដើម្បីធ្វើការពិភាក្សាជាក់ស្ដែងជាមួយនឹងកម្ពុជា នៅលើលទ្ធភាពនៃការពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

ចំពោះការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីអំពីការជួបពិភាក្សារវាងក្រសួងការបរទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជំរាបជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ថា ភាគីហុងគ្រី បានត្រៀមខ្លួនស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការបរទេសកម្ពុជា ទៅប្រទេសហុងគ្រី ដើម្បីចុះហត្ថលេខាលើអនុស្សារណៈ ស្តីពីការជួបពិគ្រោះរវាងក្រសួងការបរទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ផងដែរ អំពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលកន្លងមក គឺហុងគ្រីបានយល់ព្រមផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន១៥អាហារូបករណ៍ក្នុង១ឆ្នាំ សំរាប់ទៅសិក្សានៅប្រទេសហុងគ្រីក្នុងចន្លោះឆ្នាំ២០១៤-២០១៦ ប៉ុន្តែក្នុងការអនុវត្តជាក់ស្ដែង គឺជ្រើសរើសបានតែនិស្សិតចំនួន០៥នាក់ប៉ុណ្ណោះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើឯកឧត្តមឯកអគ្គរដ្ឋទូត ពិភាក្សាជាមួយក្រសួងអប់រំកម្ពុជារិៈរកវិធី ដើម្បីធ្វើយ៉ាងណាអាចប្រើប្រាស់ឱ្យបានអស់នូវអាហារូបករណ៍ ដែលប្រទេសហុងគ្រី បានផ្ដល់ឱ្យនិស្សិតកម្ពុជា។

          ជំនួបពិភាក្សានេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ។

ទាញយកឯកសារ PDF