សេចក្តីប្រកាសព័ត៌មាន

  • វិច្ឆិកា ៤, ២០១៦

មាតុ​ភូមិ​និវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​ ៣២​ នាក់​​ពី​ប្រទេស​វៀត​ណាម​

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ សហការជាមួយអាជ្ញាធរវៀតណាម បានរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន៣២នាក់ (ក្នុងនោះកុមារមានចំនួន២៤នាក់) ដែលចូលទៅសុំទាននិងលក់ឆ្នោតខុសច្បាប់នៅក្នុងប្រទេសវៀតណាម ត្រឡប់មកកម្ពុជាវិញ នៅព្រឹកថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ហើយបានប្រគល់ជូនមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង។

ស្ថានអគ្គកុងស៊ុលបានផ្តល់ព័ត៌មានថា   ក្នុងចំណោមពលរដ្ឋទាំង៣២នាក់នោះ គឺ២៦នាក់ ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន និងប្រមូលផ្តុំនៅមជ្ឈមណ្ឌលសង្គ្រោះសង្គមទីក្រុងហូជីមិញ ហើយធ្លាប់បានគ្រោងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ប៉ុន្តែត្រូវពន្យារពេលរហូតមកដល់បច្ចុប្បន្ននេះ ដោយសារស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ពុំទាន់បានបញ្ចប់នីតិវិធី។ ចំណែកពលរដ្ឋ៦នាក់ទៀត ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន ក្នុ្ងងអំឡុងខែតុលាកន្លងទៅនេះ។

ក្នុងចំណោមពលរដ្ឋខ្មែរទាំង៣២នាក់ គឺ៣០នាក់ មានស្រុកកំណើតនៅខេត្តស្វាយរៀង ១នាក់នៅខេត្តកណ្តាល និង១នាក់ទៀតនៅខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០១៦នេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសម្របសម្រួលមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរដែលចូលទៅសុំទាននិងលក់ឆ្នោតខុសច្បាប់ ហើយត្រូវបានអាជ្ញាធរវៀតណាម ឃាត់ខ្លួន ចំនួន១៧៤នាក់ (គិតទាំងលើកនេះផង)៕

                        ភ្នំពេញ, ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ទាញយកឯកសារ PDF