សេចក្តីប្រកាសព័ត៌មាន

  • វិច្ឆិកា ៤, ២០១៦

មាតុ​ភូមិ​និវត្តន៍​របស់​ពល​ការិនី​ខ្មែរ​៣​នាក់​ ពី​ប្រទេស​ម៉ាឡេស៊ី​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរ៣នាក់

– ពលការិនី ឈ្មោះ .ច អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បានទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី ពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជាឈ្មោះ 168 Manpower។ ដោយសារការងារលំបាក នាងបានទៅស្ថានទូត ដើម្បីស្នើជួយអោយបានត្រឡប់មកកម្ពុជាវិញ។ ដោយសាម៉ីខ្លួនមិនស្គាល់ឈ្មោះនិងអាស័យដ្ឋានរបស់ថៅកែ ស្ថានទូតបានស្នើអោយក្រុមហ៊ុន168 Manpower ទិញសំបុត្រយន្តហោះ និងចេញថ្លៃបង់ពិន័យអោយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី សម្រាប់ពលការិនី។

ពលការិនី .ច បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៦ វេលា ម៉ោង១៦:០០នាទី តាមជើងយន្តហោះលេខAK534

– ពលការិនី ឈ្មោះ យ៉.ផ អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល បានធ្វើដំណើរទៅម៉ាឡេស៊ី ដោយខ្លួនឯង និងធ្វើការជាអ្នកលក់កាហ្វេ ពីថ្ងៃ០៦ ខែឧសភា ឆ្នាំ២០១៥។ ដោយទិដ្ឋាការផុតសុពលភាព ពលការិនីបានទៅស្ថានទូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្នើជួយអោយបានត្រឡប់មកកម្ពុជាវិញ។

– ពលការិនី ឈ្មោះ វ៉.ធ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រះវិហារ បានធ្វើដំណើរទៅម៉ាឡេស៊ី ដោយខ្លួនឯង និងធ្វើការជាអ្នកបោសសំអាត ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤។ ដោយទិដ្ឋាការផុតសុពលភាព ពលការិនីបានទៅស្ថានទូតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ស្នើជួយអោយបានត្រឡប់មកកម្ពុជាវិញ។

ពលការិនី យ៉.ផ និង វ៉.ធ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង០៧:៥០នាទីព្រឹក តាមជើងយន្តហោះលេខ AK536

អំឡុងពេលរង់ចាំមកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ដល់ពលការិនី ទាំង៣នាក់ខាងលើផងដែរ៕

                        ភ្នំពេញ, ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ទាញយកឯកសារ PDF