ដំណឹង

  • វិច្ឆិកា ៨, ២០១៦

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឲ្យឯកឧត្តម Lord Puttnam CBE ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឲ្យឯកឧត្តម Lord Puttnam CBE ប្រេសិតផ្នែកពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីអង់គេ្លសប្រចាំកម្ពុជា ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ នាថ្ងៃទី ០៨ វិច្ឋិកា ឆ្នាំ២០១៦។

3

2

1

នៅថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១០:០០នាទី ព្រឹក ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ Lord Puttnam បេសកជនពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយក្នុងការទទួលជួបជាមួយ Lord Puttnam ហើយបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចជារៀងរាល់ឆ្នាំរបស់ Lord Puttnam មកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៤មក ដើម្បីស្វែងរកកាលានុវត្តភាព ក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការលើផ្នែកពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការរីករាយពេញចិត្ត ចំពោះការរីកចម្រើនបច្ចុប្បន្ននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា-អង់គ្លេស ពិសេសគឺការរីកចម្រើននៅលើផ្នែកពាណិជ្ជកម្ម ហើយនិងវត្តមានរបស់ក្រុមហ៊ុននិងផលិតផលរបស់អង់គ្លេសជាច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សកម្មរបស់ឯកឧត្តម William Longhurst ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកស្ទួយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

Lord Puttnam បានអះអាងជូនឯកឧត្តមទេសរដ្ឋមន្រ្តី ថា ការផ្លាស់ប្តូរសភាពការណ៍នៅអង់គ្លេសនាពេលបច្ចុប្បន្ននេះ នឹងពុំមានផលអ្វីប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិ-បត្តិការរវាងកម្ពុជានិងអង់គ្លេសនោះឡើយ ហើយបានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រូបលោក បានផ្តោតជាសំខាន់ទៅលើការជំរុញបន្ថែមទៀត នូវការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

Lord Puttnam ក៏បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីការចាប់អារម្មណ៍ និងការវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនដ៏ឆាប់រហ័ស ពិសេសក្នុងផ្នែកសេដ្ឋកិច្ច ដែលរូបលោកផ្ទាល់បានកត់សំគាល់ឃើញ ក្នុងឱកាសទស្សនកិច្ចជាបន្តបន្ទាប់នៅកម្ពុជា ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីការពិភាក្សារវាងសម្ដេចអគ្គមហាសេនាបតី-តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយ Lord Puttnam ក្នុងខែតុលា ឆ្នាំ ២០១៤ អំពីលទ្ធភាពរបស់អង់គ្លេស ក្នុងការជួយដល់កម្ពុជា លើផ្នែកសញ្ញាពាណិជ្ជកម្ម(Trademark)សម្រាប់ ផលិតផលរបស់កម្ពុជា ហើយឯកឧត្តម ក៏បានគូសបញ្ជាក់ពីបំណងចង់ឱ្យអង់គ្លេសជួយដល់កម្ពុជាក្នុងការបង្កើតឡើងនូវសញ្ញាពាណិជ្ជកម្ម សម្រាប់អង្ករ និងម្រេចរបស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវថា ក្នុងឆ្នាំ ២០១៥ កម្ពុជាមានសល់ស្រូវចំនួន ៤,៥លានតោន ដែលអាចផលិតជាអង្ករសម្រាប់នាំចេញប្រមាណ ៣លានតោន ហើយនិងគុណភាពអង្ករកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់ជាអង្ករល្អបំផុតរបស់ពិភពលោក ក្នុងរយៈពេល៣ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ ២០១២មក។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើ Lord Puttnam ជួយជំរុញឱ្យមានវិនិយោគទុនអង់គ្លេស ក្នុងផ្នែកឧស្សាហកម្មកិនស្រូវនៅកម្ពុជា ដែលប្រឈមនឹងការខ្វះខាតលើផ្នែកទុនហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ដើម្បីជួយជំរុញការនាំចេញនូវអង្កររបស់កម្ពុជា ។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងLord Puttnam ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាផងដែរ អំពីការជួយឧបត្ថម្ភរបស់ចក្រភពអង់គ្លេស ក្នុងសកម្មភាពដោះមីននៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់អាជ្ញាធរជាតិកំចាត់មីនកម្ពុជា លើសកម្ម-ភាពបោសសំអាតមីននៅកម្ពុជា ដែលសមិទ្ធិផលសម្រេចបានក្នុងពេលឯកឧត្តម ធ្វើជាអនុប្រធានទី១របស់អាជ្ញាធរជាតិកំចាត់មីន រយៈពេល១១ឆ្នាំ គឺការថយចុះនៃចំនួនជនរងគ្រោះដោយគ្រាប់មីន ដែលពីមុនមានចំនួនប្រមាណ៤៣០០នាក់ក្នុង១ឆ្នាំ មកនៅត្រឹមប្រមាណ១០០នាក់ក្នុង១ឆ្នាំ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។  ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះការជួយឧបត្ថម្ភរបស់ចក្រភពអង់គ្លេស ក្នុងសកម្មភាពដោះមីននេះ។

នៅក្នុងឱកាសជំនួបនេះដែរ ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស ក៏បានជំរាបជូន ឯកឧត្តមទេសរដ្ឋមន្រ្តី អំពីការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងការបរទេសអង់គ្លេស ក្នុងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីអំពីការជួបពិគ្រោះយោបល់រវាងក្រសួងការបរទេសអង់គ្លេស និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស បានឯកភាពគ្នាថា  នឹងរៀបចំឱ្យមានការចុះហត្ថលេខាលើអនុ-ស្សារណៈនោះ ក្នុងពេលអនាគតដ៏ឆាប់ខាងមុខនេះ ។

          ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

ទាញយកឯកសារ PDF