សេចក្តីប្រកាសព័ត៌មាន

  • វិច្ឆិកា ៨, ២០១៦

មាតុ​ភូមិ​និវត្តន៍​របស់​ពលករ​-​ពល​ការិនី​ខ្មែរ​ពី​ប្រទេស​ម៉ាឡេស៊ី​ ​និង​ការ​ឧបត្ថម្ភ​ដល់​ពលករ​ខ្មែរ​រង​របួស​នៅ​ប្រទេស​ថៃ ​

១- ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយដោះស្រាយបញ្ហារបស់ពលករ-ពលការិនីខ្មែរ៣នាក់ និងរៀបចំមាតុភូមិនិវត្តន៍របស់ពួកគេមកកម្ពុជាវិញ៖

– ពលការិនី ឈ្មោះ .គ អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ត្រូវបានមេខ្យល់បោកបញ្ឆោត យកទៅធ្វើការជាអ្នកបោសសំអាតនៅម៉ាឡេស៊ី ពីថ្ងៃ១៤ ខែតុលា ឆ្នាំ២០១៦។ ដោយធ្វើការលំបាក ពលការិនី បានទៅស្ថានទូត នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្នើសុំជួយអោយបានត្រឡប់មកកម្ពុជាវិញ។ តាមសំណូមពររបស់ស្ថានទូត ថៅកែរបស់ពលការិនី បានយល់ព្រមប្រគល់លិខិតឆ្លងដែនដល់ពលការិនីវិញ។ ដោយសារពលការិនីខ្វះខាតថវិកា ស្ថានទូតបានឧបត្ថម្ភសំបុត្រយន្តហោះសម្រាប់ការធ្វើដំណើរមកកម្ពុជា។

– ពលការិនី ឈ្មោះ .ស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង បានទៅធ្វើការជាអ្នកបោស សំអាតនៅម៉ាឡេស៊ី ពីថ្ងៃ០២ ខែកក្កដា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជាឈ្មោះAT។ ដោយធ្វើការលំបាក ពលការិនីបានទៅស្ថានទូតនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្នើជួយទាមទារប្រាក់ខែដែលនៅសល់ និង ជួយអោយបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ថៅកែរបស់ពលការិនី បានយល់ព្រម ប្រគល់លិខិតឆ្លងដែន និងប្រាក់ខែដែលនៅសល់ ដល់ពលការិនីវិញ។

ពលការិនី .គ និងពលការិនី .ស នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ០៧:៥០នាទីព្រឹក តាមជើងយន្តហោះលេខ AK536

– ពលករ ឈ្មោះ .វ អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល បានជាប់ឃុំនៅពន្ធនាគារSemenyih ក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ពីខែកុម្ភៈ ឆ្នាំ២០១៥ ដោយសាររស់នៅ និងធ្វើការខុសច្បាប់ ហើយពុំមានលិខិតឆ្លងដែន។ បច្ចុប្បន្ន ពលករបានរួចទោស ហើយស្ថានទូតបានឧបត្ថម្ភសំបុត្រយន្តហោះសម្រាប់ ការធ្វើដំណើរមកកម្ពុជាវិញ។

ពលករ .វ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១៦:០០នាទី តាមជើងយន្តហោះលេខ AK534

–  ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចាត់មន្រ្តីស្ថានទូតទៅសួរសុខទុក្ខ និងឧបត្ថម្ភថវិការ ចំនួន.៥០០បាត ដល់ពលករខ្មែរ ឈ្មោះ ច.រមហ អាយុ២២ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ដែលត្រូវបានពលករមីយ៉ាន់ម៉ារ ចាក់នឹងកាំបិតចំទ្រូងខាងឆ្វេង ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ពលកររូបនេះ បានចូលមកប្រទេសថៃ ដោយពុំមានឯកសារអ្វីទាំងអស់ កាលពីខែមេសា ឆ្នាំ២០១៦ ហើយធ្វើការខុសច្បាប់ជាមួយក្រុមហ៊ុនប្រមូលសំរាមមួយនៅជាយក្រុងបាងកក។

ពលកររងគ្រោះត្រូវបានសង្រ្គោះបឋមនៅមន្ទីពេទ្យមួយក្នុងខេត្តនន្ទបុរី (Nonthaburi) ដោយត្រូវចំណាយលើថ្លៃព្យាបាលចំនួន១២ម៉ឺនបាត។ តាមសំណើរបស់ស្ថានទូត  មន្ទីរពេទ្យបានយល់ព្រមឲ្យសាម៉ីខ្លួនបង់ត្រឹមចំនួន៦ម៉ឺនបាតប៉ុណ្ណោះ និងអោយចុះកិច្ចសន្យាសងប្រាក់ដែលខ្វះ នៅពេលណាមានថវិកា (តំណាងមន្ទីរពេទ្យបញ្ជាក់ថា កិច្ចសន្យានេះ គ្រាន់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយមន្ទីរពេទ្យមិនបង្ខំទារប្រាក់នៅខ្វះនេះឡើយ)។  នៅថ្ងៃទី ៤ ខែ វិច្ឆិកា  ពលកររងគ្រោះ ត្រូវបានបញ្ជូនបន្តទៅវះកាត់នៅមន្ទីរពេទ្យមួយទៀតក្នុងទីក្រុងបាងកក។

ក្រៅពីជម្រុញដំណើរការកាត់ទោសជនល្មើសទៅតាមផ្លូវច្បាប់ ស្ថានទូតកំពុងទាមទារអោយនិយោជករបស់ ពលកររងគ្រោះ ជួយឧបត្ថម្ភដល់ការព្យាបាលរបួសរបស់ពលកររូបនេះផងដែរ៕

                          ភ្នំពេញ, ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ទាញយកឯកសារ PDF