ដំណឹង

  • វិច្ឆិកា ៨, ២០១៦

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួប ឯកឧត្តមបណ្ឌិត Vítězslav Grepl ដែលបានបញ្ចប់បេសកកម្មការទូតជាឯកអគ្គរដ្ឋទូតឆេកប្រចាំកម្ពុជា

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត Vítězslav Grepl ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆេកប្រចាំនៅកម្ពុជា ដែលបានបញ្ចប់បេសកកម្មការទូត នាថ្ងៃទី ០៨ វិច្ឆិកា ២០១៦។

img_6468_ok-jpg

3

 

img_6468_ok

នៅថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១៥:៣០នាទី រសៀល នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត Vitêzslav Grepl  ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបជម្រាបលាក្នុងឱកាស ឯកឧត្តម បញ្ចប់បេសកកម្មការទូត នៅកម្ពុជា ។

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការរីករាយពេញចិត្តចំពោះការរីកចម្រើនក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៅក្នុងការលើកស្ទួយទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា អតីតឆេកូស្លូវ៉ាគី ស្ថិតនៅក្នុងចំណោមបណ្តាប្រទេស ដែលបានចូលមកជួយដល់កម្ពុជាដំបូងបំផុត បន្ទាប់ពីត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលក្នុងពេលនោះ កម្ពុជាជួបនឹងការលំបាក និងការខ្វះខាតគ្រប់បែបយ៉ាង ហើយបានគូសបញ្ជាក់ថា ប្រជាជនកម្ពុជាចងចាំនូវការជួយឧបត្ថម្ភដ៏ថ្លៃថ្លាទាំងនោះ ដោយកតញ្ញូតាធម៌ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសឆែក មកកាន់កម្ពុជា កាលពីខែ មីនា ឆ្នាំ ២០១៦កន្លងមកនេះ ដែលនៅក្នុងឱកាសនោះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតឱ្យមាននូវយន្តការ សម្រាប់ការពិគ្រោះរវាងក្រសួងការបរទេសនៃប្រទេស ទាំងពីរ និងបានឯកភាពគ្នាខិតខំជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងទំនាក់ទំនងផ្នែកធុរកិច្ចរវាងប្រទេសទាំងពីរ ហើយក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការ ក្នុងផ្នែកកសិកម្ម ថាមពល និងទេសចរណ៍។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីសេចក្តីសោមន្សរីករាយ និងការវាយតម្លៃខ្ពស់របស់ឯកឧត្តមផ្ទាល់ ក៍ដូចជារបស់ប្រទេសឆែកចំពោះទំនាក់ទំនងពិសេស និងជិតស្និទ្ធរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ជាមួយសាធារណរដ្ឋឆែក ដែលជាស្ពានដ៏រឹងមាំសម្រាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ វាងប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនលើគ្រប់វិស័យ ដែលកម្ពុជាសម្រេចបាន ហើយបានគូសបញ្ជាក់ថា ក្នុងរយៈពេល៤ឆ្នាំ ដែលឯកឧត្តមបំពេញការងារនៅកម្ពុជានេះ ឯកឧត្តម បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចម្រើនរបស់កម្ពុជា ពិសេសក្នុងផ្នែកសេដ្ឋកិច្ច។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអះអាងជូនឯកឧត្តមទេសរដ្ឋមន្រ្តី ថា សាធារណរដ្ឋឆែក នៅតែចាត់ទុកកម្ពុជា គឺជាប្រទេសអាទិភាពក្នុងការផ្តល់នូវជំនួយអភិវឌ្ឍន៍ និងបានគូសបញ្ជាក់ថា សាធារណរដ្ឋឆែក មានសេចក្តីរីករាយដែលបានដោះស្រាយបញ្ហាបំណុលកម្ពុជា ចំពោះសាធារណរដ្ឋឆែក ដោយការប្រែក្លាយបំណុលនោះ ទៅជាជំនួយអភិវឌ្ឍន៍ទៅតាមគម្រោងផ្សេងៗនៅកម្ពុជា។

ទន្ទឹមនឹងការផ្តល់ជំនួយក្នុងក្របខ័ណ្ឌទ្វេភាគី ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីការផ្តល់ជំនួយរបស់សាធារណរដ្ឋឆែក ក្នុងក្របខ័ណ្ឌនៃការផ្តល់ជំនួយអភិវឌ្ឍន៍របស់សហភាពអឺរ៉ុបមកដល់កម្ពុជាផងដែរ។

នៅក្នុងវិស័យអប់រំ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីសេចក្ដី រីករាយរបស់ឯកឧត្តម ដែលបានជួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសឆេកូស្លូវាគី ក្នុងបណ្ដាទសវត្សទី៦០និងទី៧០ ហើយនិងការផ្ដល់អាហារូបករណ៍ជាថ្មីទៀត របស់សាធារណរដ្ឋឆែកដល់និស្សិតកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបពីបំណងរបស់រដ្ឋាភិបាលឆែកក្នុងការ ពង្រីកបន្ថែមទៀតនូវការផ្លាស់ប្ដូរពាណិជ្ជកម្ម និងទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាមួយកម្ពុជា និងបានសម្ដែងការពេញចិត្តចំពោះការកើនឡើង ក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រហូតដល់១១៣លានដុល្លា នៅក្នុងឆ្នាំ២០១៥ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការរីករាយពេញចិត្តចំពោះកិច្ចសហ-ប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ពិសេសគឺការកើនឡើងនូវភ្ញៀវទេសចររបស់ឆែក មកកាន់ព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្ដែងអំណរគុណចំពោះរដ្ឋាភិបាលឆែក ដែលនៅតែចាត់ទុកកម្ពុជា ជាប្រទេសអាទិភាពក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍ និងបានវាយតម្លៃខ្ពស់ចំពោះការផ្ដល់ជំនួយអភិវឌ្ឍន៍កន្លងមក ពិសេស ជំនួយផ្នែកមនុស្សធម៌របស់ប្រទេសឆែកដល់កុមារកម្ពុជា ដែលមានជំងឺបេះដូងតាមរយៈការបញ្ជូនគ្រូពេទ្យមកធ្វើការវះកាត់ ជូនដល់កុមារដែលមានបញ្ហាបេះដូងនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីបំណងចង់ឱ្យរដ្ឋាភិបាលឆែក បន្តផ្ដល់អាហារូបករណ៍ដល់កម្ពុជា និងជួយដល់ការបណ្ដុះបណ្ដាលមន្ត្រីការទូតកម្ពុជាផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីបំណងរបស់កម្ពុជា ចង់ឱ្យមានការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ លើផ្នែកទេសចរណ៍រវាងប្រទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាផងដែរ អំពីកិច្ចសហប្រតិបត្តិការលើការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្ដរជាតិ និងបានសម្ដែងនូវការ ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។

          ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

ទាញយកឯកសារ PDF