ដំណឹង

  • ខែ​វិច្ឆិកា 10, 2016

ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ ប្រាក់​ សុខុន​ អនុញ្ញាត​ឲ្យ​ឯក​ឧត្តម​ឯក​អគ្គ​រដ្ឋ​ទូត​ ស្យុង​ ប៉​ ចូល​ជួប​សម្តែង​ការ​គួរ​សម ​និង​ពិភាក្សា​ការងារ​

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឲ្យឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០១៦។

2-5_ok

នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១០:០០នាទី ព្រឹក នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូត ចូលកាន់តំណែងនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការតែងតាំងឯកឧត្តម Xiong Bo ជាឯកអគ្គរដ្ឋទូត របស់សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការងារដ៏ជិតស្និទ្ធិ ហើយនិង កិច្ចសហការដ៏ល្អរវាងឯកឧត្តមទេសរដ្ឋមន្រ្តីផ្ទាល់ ក៏ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងលោកជំទាវអតីតឯកអគ្គរដ្ឋទូតរបស់ចិន និងស្ថានទូតចិន ក្នុងរយៈកាលកន្លងមក ហើយឯកឧត្តម បានសម្តែងនូវជំនឿជឿជាក់ថា ទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធិ និងកិច្ចសហការដ៏ល្អនេះ នឹងបន្តទៅទៀតក្រោមអាណត្តិរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ។

ឯកឧត្តម Xiong Bo បានពាំនាំនូវការសួរសុខទុក្ខរបស់ឯកឧត្តម Wang Yi រដ្ឋមន្ត្រីការបរ-ទេសនៃសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ហើយក៏បានសម្តែងនូវអំណរគុណ ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏ដូចជារបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនចំពោះស្ថានទូតចិន ក្នុងរយៈកាលកន្លងមកនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការរីករាយពេញចិត្ត និងការវាយតំលៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាព ទំនាក់ទំនងជាអ្នកជិតខាងល្អ ហើយនិងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៦នេះ ដែលរួមមានព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទៅកាន់ប្រទេសចិន កាលពីខែ មិថុនា ទស្សនកិច្ចផ្លូវការរបស់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា និងរបស់សម្តេចអគ្គមហាពញ្ញាចក្រីប្រធានរដ្ឋសភា ទៅកាន់ប្រទេសចិន កាលពីខែ កក្កដា ទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី១ ហើយនិងវេទិកាបូអាវសម្រាប់អាស៊ី ឆ្នាំ២០១៦ នៅប្រទេសចិន កាលពីខែ មីនា ហើយនិងទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ឯកឧត្តម Xi Jinping មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែតុលាកន្លងមកនេះ បានរួមចំណែកដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាពដ៏ល្អ ហើយនិងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។

នៅក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាអំពីទំនាក់ទំនងទ្វេភាគី ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តម Xiong Bo សុទ្ធតែបានវាយតំលៃខ្ពស់ ចំពោះសារសំខាន់នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការរក្សាការពារនូវសន្តិភាព ស្ថេរភាព ហើយនិងសន្តិសុខនៅក្នុងតំបន់ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តម Xiong Bo ក៏បានពិភាក្សាផ្លាស់ប្តូយោបល់គ្នាផងដែរអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលគ្រោងធ្វើនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ក៏ដូចជាការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី២ របស់រដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង ដែលគ្រោងធ្វើនៅថ្ងៃទី ២២-២៣ ខែធ្នូ ឆ្នាំ ២០១៦ នៅទីក្រុងសៀមរាប ដែលមានឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង យី ធ្វើជាសហប្រធាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីការត្រៀមរៀបចំក្នុងការបង្កើតឡើងនូវវិទ្យាស្ថានការទូតនិងទំនាក់ទំនងអន្តរជាតិ របស់ក្រសួងការបរទេស និងសហប្រតិបត្តិ-ការអន្តរជាតិ ហើយបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាននេះ ជាមួយវិទ្យា-ស្ថានពាក់ព័ន្ធរបស់ចិន។

ឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសំដែងនូវការប្តេជ្ញាចិត្តខិតខំរួមគ្នាក្នុងការអនុវត្តន៍នូវបណ្តាកិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំ និងប្រទេសទាំងពីរ។

បន្ទាប់ពីជំនួប ឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលសំភារៈការិយាល័យ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលរួមមាន៖ កុំព្យូទ័រ ចំនួន២០គ្រឿង កុំព្យូទ័រយួរដៃ ចំនួន១០គ្រឿង ម៉ាស៊ីនថតចម្លង ចំនួន០៣គ្រឿង ម៉ាស៊ីនព្រីន ចំនួន៣០គ្រឿង ម៉ាស៊ីនស្កែន ចំនួន១០គ្រឿង ទូរស័ព្ទលើតុ ចំនួន១០០គ្រឿង  LCD Project ចំនួន០២គ្រឿង  ម៉ាស៊ីនត្រជាក់ ចំនួន០៥គ្រឿង និងឧបករណ៍ Server ចំនួន០១គ្រឿង។ ក្រៅពីជំនួយនេះ មិត្តចិនបានប្រកាសផ្តល់ទឹកប្រាក់ចំនួន៨០ ម៉ឺនយ័ន សម្រាប់ឆ្នាំ២០១៦ ហើយក្រសួង និងស្ថានទូតចិន កំពុងសម្របសម្រួលដើម្បីទិញសម្ភារៈការិយាល័យ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា នូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភគ្រប់បែបយ៉ាងរបស់រដ្ឋាភិបាល និងប្រជាជនចិនចំពោះដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ននេះ។

          ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

ទាញយកឯកសារ PDF