សេចក្តីប្រកាសព័ត៌មាន

  • វិច្ឆិកា ១១, ២០១៦

មាតុ​ភូមិ​និវត្តន៍​របស់​ពល​រដ្ឋ​ខ្មែរ​ពី​ប្រទេស​ម៉ាឡេស៊ី​ ថៃ​ និង​ចិន​

១- ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរឈ្មោះ រ.ណ អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ដែលបានទៅធ្វើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០០៩ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ពលការិនីត្រូវបាន និយោជករបស់ខ្លួន នាំទៅប្រគល់ជូនស្ថានទូត ដោយសារពលការិនីមានចិត្តមិនស្មោះត្រង់។ តាមសំណើរបស់ស្ថានទូត និយោជករបស់ពលការិនី បានប្រគល់ប្រាក់ខែដែលនៅសល់ លិខិតឆ្លងដែន និងសំបុត្រយន្តហោះដល់ពលការិនីនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ពលការិនី រ.ណ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយ នៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១៦:០០នាទី តាមជើងយន្តហោះលេខ AK534។ អំឡុងពេលរង់ចាំមកកម្ពុជាវិញ ស្ថានទូតបានផ្តល់ កន្លែងស្នាក់នៅ និងអាហារបរិភោគដល់ពលការិនីផងដែរ។

២- ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្របសម្រួលមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរម្នាក់ ដែលមានសតិមិនប្រក្រតី ឈ្មោះ ស.ស.រ អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង។ បុរសរូបនេះ បានទៅធ្វើការសំណង់នៅប្រទេសថៃជាច្រើនឆ្នាំមកហើយ ដោយពុំមានឯកសារសំគាល់អត្តសញ្ញាណជាប់ខ្លួនទេ។ គាត់ត្រូវបានអ្នកបើកបររថយន្តតាក់ស៊ីជនជាតិថៃម្នាក់ ជួយជូនដំណើរទៅកាន់ស្ថានទូត។ស្ថានទូតបានផ្តល់សំលៀកបំពាក់ថ្មី អាហារបរិភោគ និងចេញឯកសារធ្វើដំណើរបណ្តោះអាសន្នដល់គាត់ ហើយបានចាត់អោយបុគ្គលិកស្ថានទូត ជូនមកកម្ពុជាវិញតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ និងស្នើស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ទាក់ទងជាមួយអាជ្ញាធរក្រុងប៉ោយប៉ែត អោយទទួល និងជូនដំណើរពលរដ្ឋខាងលើទៅដល់ស្រុកកំណើតវិញ។

៣- ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានសហការជាមួយប៉ូលីសចិន ជួយសង្រ្គោះនារីខ្មែរ ម្នាក់ឈ្មោះ ភ.ភ អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល ដែលត្រូវបានមេខ្យល់លួងលោមយកទៅធ្វើការ នៅប្រទេសចិន តែក្រោយមកតម្រូវអោយរៀបការជាមួយបុរសជនជាតិចិន។នារីរងគ្រោះខាងលើ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១៧:៤០ នាទី តាមជើងយន្តហោះលេខKA206 ។

ភ្នំពេញ, ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ទាញយកឯកសារ PDF