ព័ត៌មាន

  • វិច្ឆិកា ១៨, ២០១៦

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឲ្យ លោកស្រី Ulrika Modeer ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង០៩:៣០នាទី នៅទីស្តីការក្រសួង

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោកជំទាវ Ulrika Modéer រដ្ឋលេខាធិការក្រសួងកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិនៃព្រះរាជាណាចក្រ ស៊ុយអែដ ចូលជួបពិភាក្សាការងារ ក្នុងឱកាសដែលលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

%e1%9f%a1

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹកពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរយូរលង់រវាងកម្ពុជា-ស៊ុយអែត ដោយចាប់ផ្តើមពីការផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ តាំងពីឆ្នាំ១៩៦១ និងបានថ្លែងអំណរគុណ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះរដ្ឋាភិបាល និងប្រជាជនស៊ុយអែដ ដែលបានផ្តល់ជំនួយឧបត្ថម្ភផ្នែកមនុស្សធម៌ និងអភិវឌ្ឍន៍ដល់ប្រទេស កម្ពុជាក្រោយឆ្នាំ១៩៧៩ រហូតដល់ពេលបច្ចុប្បន្ន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ប្រទេស ស៊ុយអែដ គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចនៅលោកខាងលិច ដែលបានថ្កោលទោសការឡើងកាន់អំណាចរបស់ប៉ុលពតនៅឆ្នាំ១៩៧៥ និងបានផ្តល់ឲ្យកម្ពុជាបើកការិយាល័យព័ត៌មាននៅទសវត្សរ៍ ឆ្នាំ១៩៨០ បើទោះជាប្រទេសលោកខាងលិចផ្សេងទៀតបានដាក់ទណ្ឌកម្មលើកម្ពុជាក៏ដោយ ។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស៊ុយអែដ នៅក្នុងការអនុវត្តន៍ គម្រោងដែលមានជាអាទិ៍៖

  1. អំពីបញ្ហាសិទ្ធិមនុស្ស៖ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអរគុណប្រទេសស៊ុយអែដ ដែលបានជួយអប់រំប្រជាពលរដ្ឋកម្ពុជាអំពីបញ្ហាសិទ្ធិមនុស្ស ហើយស្នើសុំថា គួរអប់រំឲ្យគាត់ស្គាល់ផងដែរនូវកាតព្វកិច្ច របស់ពលរដ្ឋដែលរស់នៅក្រោមច្បាប់។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអរគុណផងដែរ ចំពោះវិភាគទានរបស់ស៊ុយអែដ ដល់តុលាការខ្មែរក្រហម ដែលការកាត់ទោសនេះ ទុកជាមេរៀនសំរាប់ខ្មែរជំនាន់ក្រោយ កុំឲ្យជាន់ដាននេះទៀត។ ឯកឧត្តម ក៏បានអរគុណចំពោះប្រទេសស៊ុយអែដដែលបានជួយឧបត្ថម្ភដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ មុខជំនាញដល់យុវជនកម្ពុជា ។
  2. ប្រជាធិបតេយ្យ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹង អំពើពុករលួយ ហើយចាត់ទុកមជ្ឈត្តិកម្មក្នុងជំលោះពាក់ព័ន្ធនឹងការងារជាការសំខាន់ ដែលនេះជាមូលហេតុចំបងនាំឲ្យសម្តេចតេជោនាយករដ្ឋមន្រ្តី គាំទ្រ “ គំនិតផ្តួចផ្តើមស្តីពីកិច្ចព្រមព្រៀងសាកល ” របស់លោកនាយករដ្ឋមន្រ្តីស៊ុយអែដ ដែលគោលដៅសំខាន់ គឺជំរុញកំណើនសេដ្ឋកិច្ច និងការងារសមរម្យ តាមរយៈកិច្ចសន្ទនារវាងរដ្ឋាភិបាល និយោជក និងសហជីព។ ឯកឧត្តមទេស- រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សត្រូវអនុវត្តនៅក្នុងក្របខ័ណ្ឌច្បាប់ ។
  3. ចំពោះការអប់រំ និងការបង្កើតការងារធ្វើ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអរគុណស៊ុយអែដ ចំពោះការឧបត្ថម្ភដល់ការរៀបចំឲ្យមានសមភាពក្នុងការទទួលការអប់រំប្រកបដោយគុណភាព ព្រមទាំងគាំទ្រ ដល់ការអភិវឌ្ឍន៍ចំណេះដឹងដើម្បីបង្កើនតំលៃបន្ថែមក្នុងផលិតកម្ម និងការងារធ្វើសំរាប់យុវជន។
  4. ការប្រែប្រួលអាកាសធាតុ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ប្រជាជនកម្ពុជាភាគច្រើន ជាកសិករ ដែលភោគផលពឹងផ្អែកមួយផ្នែកធំទៅលើធម្មជាតិ ពិសេសទឹកភ្លៀង។ ប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស រួមចំណែកជាមួយប្រទេសផ្សេងទៀត សំដៅទប់ស្កាត់ផលប៉ះពាល់បង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ហើយបានដាក់កិច្ចព្រមព្រៀងនេះ ជូន ស្ថាប័ននីតិបញ្ញត្តិ ផ្ដល់សច្ចាប័នឲ្យបានមុនដំណាច់ឆ្នាំ២០១៦នេះ។

លោកជំទាវ Ulrika Modéer បានឯកភាពចំពោះទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជានិងស៊ុយអែដ ដែលមានការរីកចម្រើនទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៧ ដែលជាដៃគូផ្នែកកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ជាអាទិភាពរបស់ស៊ុយអែដ។ ប្រទេសស៊ុយអែដ នឹងបន្តជួយអភិវឌ្ឍធនធានមនុស្សដល់កម្ពុជា ជាពិសេសក្នុងការហ្វឹកហ្វឺនខាងផ្នែកមុខវិជ្ជាជីវៈ។ លោកជំទាវក៏បានអបអរសារទរកម្ពុជាដែលបានក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ដែលជាសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកជំទាវ Ulrika Modéer បានឯកភាពជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ពីសារៈសំខាន់នៃការអប់រំផ្នែកសិទ្ធិមនុស្ស គឺត្រូវផ្តោតលើទាំងសិទ្ធិនិងកាតព្វកិច្ច។ ចំពោះការគ្រប់គ្រងធនធានធម្មជាតិ លោកជំទាវ បានសំដែងនូវការពេញចិត្តចំពោះកិច្ចសន្ទនាក្នុងន័យស្ថាបនារវាងក្រសួងបរិស្ថានកម្ពុជានិងសង្គមស៊ីវិល។

ឆ្លៀតឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរាបជូនលោកជំទាវ Ulrika Modéer អំពីស្ថានភាព នយោបាយក្នុងប្រទេសកម្ពុជា ដោយបង្ហាញពីការអនុវត្តច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តខុស និងពីឆន្ទៈរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានប្រកាន់ខ្ជាប់នូវការសន្ទនារវាងខ្មែរនិងខ្មែរ ដើម្បីដោះស្រាយជម្លោះតាំងពីដើមមក។

លោកជំទាវ Ulrika Modéer បានសំដែងក្តីសង្ឃឹមថា រដ្ឋាភិបាលនឹងរៀបចំឲ្យមានការបោះឆ្នោតខាងមុខនេះ ប្រកបដោយសេរីនិងយុត្តិធម៌។ ជាមួយគ្នានេះ លោកជំទាវបានថ្លែងអំណរគុណជូនរាជរដ្ឋាភិបាលកម្ពុជា ដែលបានបោះឆ្នោតគាំទ្រស៊ុយអែដ ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិសំរាប់អាណត្តិ ២០១៧-២០១៨ ។

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

ទាញយកឯកសារ PDF