សេចក្តីប្រកាសព័ត៌មាន

  • វិច្ឆិកា ១៨, ២០១៦

ឯក​ឧត្តម​ ទេស​រដ្ឋ​មន្ត្រី​ ប្រាក់​ សុខុន ​នឹង​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ​អញ្ជើញ​ចូល​រួម​សន្និសីទ​កំ​ពូល​លើក​ទី​ ១៦ នៅ​ទី​ក្រុង​ អង់​តា​ណា​ណា​រីវ៉ូ​ សា​ធា​រ​ណ​រដ្ឋ​ម៉ា​ដា​ហ្គា​ស្កា​

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទកំពូលលើកទី១៦នៃបណ្តាប្រទេសនិយាយភាសាបារាំង ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧  ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅទីក្រុង អង់តាណាណារីវ៉ូ (Antananarivo) សាធារណរដ្ឋម៉ាដាហ្គាស្កា តបតាមការអញ្ជើញរបស់ឯកឧត្តម ហេរី រ៉ាចៅណារីមុំាព្យ៉ានីណា (Hery RAJAONARIMAMPIANINA) ប្រធានាធិបតីនៃសាធារណរដ្ឋ ម៉ាដាហ្គាស្កា

សន្និសីទកំពូលនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «កំណើនដែលមានការចែករំលែក និងការ អភិវឌ្ឍន៍ដែលមានការទទួលខុសត្រូវ ៖ លក្ខខណ្ឌសំរាប់ស្ថិរភាពពិភពលោក និងក្នុងប្រទេសហ្រ្វង់កូហ្វូន» ក្នុងគោលបំណងការពារនូវភាពសំបូរបែប បរិស្ថាន  បេតិកភ័ណ្ឌ ជំរុញបច្ចេកវិទ្យាថ្មី និងចូលរួមចំណែក ដល់ការអភិវឌ្ឍន៍មនុស្សជាតិប្រកបដោយចីរភាព។

អង្គការអន្ដរជាតិហ្រ្វង់កូហ្វូនី ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧០។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមរតនកោដិ នរោត្តម សីហនុ គឺជាស្ថាបនិកមួយអង្គក្នុងចំណោមស្ថាបនិកដទៃទៀត។ បច្ចុប្បន្ន អង្គការនេះមានរដ្ឋជាសមាជិក ចំនួន៨០ ដែលប្រើប្រាស់ភាសាបារាំង(សមាជិកពេញសិទ្ធិចំនួន ៥៧ និងសមាជិកសង្កេតការណ៍ចំនួន ២៣) គឺស្មើនឹងប្រជាជនប្រមាណ ៨៩០លាននាក់ ដែលតំណាងឱ្យមួយភាគបីនៃរដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ចំនួនអ្នកនិយាយភាសាបារាំងនៅក្នុងពិភពលោកមានចំនួនប្រមាណ២៧៨លាននាក់។

ទាញយកឯកសារ PDF