សេចក្តីប្រកាសព័ត៌មាន

  • វិច្ឆិកា ១៩, ២០១៦

សម្តេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ហ៊ុន​ សែន​ នឹង​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​កំ​ពូល​ កម្ពុជា​ ឡាវ​ និង​វៀត​ណាម​ លើក​ទី៩​ ស្តីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ​២២​​ និង​២៣​ ខែ ​វិច្ឆិកា​ ឆ្នាំ​ ២០១៦​ ​

តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម (CLV) លើកទី៩ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun SISOULITH) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសារធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម លើកទី ៩ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅខេត្ត សៀមរាប ព្រះរាជាណាចក្រកម្ពុជា

កិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាមលើកទី ៩  ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណនឹង ពិនិត្យលើការរីកចម្រើន និងបញ្ហាប្រឈមចំពោះមុខ ក្នុងការអនុវត្តឯកសារសំខាន់ៗ ដូចខាងក្រោមៈ

១- ផែនការមេដែលបានកែប្រែឡើងវិញ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (ឆ្នាំ២០១០-២០២០)។

២- លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម កម្ពុជា ឡាវ និងវៀតណាម លើកទី ១០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែលបានប្រព្រឹត្តទៅកាលពីខែ ធ្នូ ឆ្នាំ២០១៥ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ។

៣- ការអនុវត្តលទ្ធផលកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាមលើកទី ៨ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ  នៅទីក្រុងវៀងច័ន្ទ ចាប់តាំងពីឆ្នាំ ២០១៤ មក។

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងបី  នឹងចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ព្រមទាំងធ្វើសន្និសិទ្ធកាសែតរួមរបស់កិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាមលើកទី ៩ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ ព្រមទាំងរំពឹងថា គម្រោង និងកិច្ចព្រមព្រៀងមួយចំនួន នឹងត្រូវបានអនុម័តយល់ព្រម និងចុះហត្ថលេខា។

នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះដែរ សម្តេចតេជោ ហ៊ុន សែន នឹងជួបចរចាទ្វេភាគីដោយឡែកពីគ្នា ជាមួយឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ និងឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។

                                                                                       ភ្នំពេញ ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ទាញយកឯកសារ PDF