សេចក្តីប្រកាសព័ត៌មាន

  • វិច្ឆិកា ២២, ២០១៦

មាតុ​ភូមិ​និវត្តន៍​របស់​ស្ត្រី​ខ្មែរ​ ពី​ប្រទេស​ម៉ា​ឡេស៊ី​ និង​ចិន​

I– ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ដោះស្រាយបញ្ហា និងរៀបចំមាតុភូមិ និវត្តន៍របស់ពលការិនីខ្មែរចំនួន០៦នាក់ ដូចខាងក្រោម៖

(១) ពលការិនី . អាយុ២៩ឆ្នាំ មកពីខេត្តព្រះវិហារ បានទៅប្រទេសម៉ាឡេស៊ី ពីខែសីហា ឆ្នាំ២០១០។  (២) ពលការិនី ស.ណ អាយុ៣៥ឆ្នាំ មកពីខេត្តកំពង់ធំ បានទៅម៉ាឡេស៊ី ពីថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០១១។ ពលការិនីទាំងពីរនាក់ បានទៅធ្វើការនៅម៉ាឡេស៊ីតាមរយៈក្រុមហ៊ុន Philimore Cambodia ជាអ្នកបោសសំអាតនៅសណ្ឋាគារ EST ក្នុងរដ្ឋ Penang ។  ដោយធ្វើការលំបាក ពលការិនីទាំងពីរ បានទៅស្ថានទូតនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្នើស្ថានទូតទាមទារប្រាក់ខែដែលនៅសល់ និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រធានសណ្ឋាគារ EST បានយល់ព្រមប្រគល់ប្រាក់ខែដែលនៅសល់ និងលិខិតឆ្លងដែនជូនពលការិនីទាំងពីរវិញ។

ពលការិនី ឡ.ច នឹងមកដល់ព្រលានយន្តហោះខេត្តសៀមរាប ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង ០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK 542 

() ពលការិនី ហ.វ អាយុ២៦ឆ្នាំ មកពីខេត្តត្បូងឃ្មុំ បានទៅម៉ាឡេស៊ីធ្វើការតាមផ្ទះ ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក ពលការិនីបានទៅស្ថានទូតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជា។ ដោយសារពលការិនី ពុំស្គាល់អាស័យដ្ឋានទំនាក់ទំនងរបស់ថៅកែ ដូចនេះស្ថានទូតពុំអាចទាមទារប្រាក់ខែឲ្យនាងបានឡើយ។ ស្ថានទូតបានជួយសំរបសំរួលជាមួយ ការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី និងឧបត្ថម្ភសំបុត្រយន្តហោះដល់នាងសម្រាប់ការធ្វើដំណើរមកកម្ពុជាវិញ។

() ពលការិនី ស.ច.ណ អាយុ២៣ឆ្នាំ មកពីខេត្តពោធិ៍សាត់ បានទៅម៉ាឡេស៊ីធ្វើការជាអ្នកបោសសំអាត ពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុននៅកម្ពុជាឈ្មោះAYN។ ដោយធ្វើការលំបាក នាងបានទៅស្ថាន-ទូតនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ដោយសារនាងពុំស្គាល់ឈ្មោះ និងអាស័យដ្ឋានរបស់និយោជក ដូចនេះនាងសម្រេចមិនទាមទារប្រាក់ខែពីនិយោជកទេ។ ស្ថានទូតបានជួយសំរបសំរួលជាមួយការិយាល័យអន្តោប្រវេសន៍ និងឧបត្ថម្ភសំបុត្រយន្តហោះដល់នាងផងដែរ។

() ពលការិនី ព.ស.ណ អាយុ២១ឆ្នាំ មកពីខេត្តពោធិសាត់ បានទៅម៉ាឡេស៊ីធ្វើការនៅហាងលក់បារី ពីថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការច្រើនម៉ោងពេក ពលការិនី  បានទៅស្ថានទូត នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ស្នើសុំជួយអោយបានមកកម្ពុជាវិញ។ នាងសម្រេចចិត្តមិនទាមទារប្រាក់ខែនៅខ្វះមួយខែទេ។ ស្ថានទូត បានជួយសំរបសំរួលជាមួយការិយាល័យអន្តោប្រវេសន៍ និងឧបត្ថម្ភសំបុត្រយន្តហោះដល់ពលការិនី ដោយនាងខ្វះខាតថវិកា។

() ពលការិនី យ.ស.ឃ អាយុ៣៧ឆ្នាំ មកពីខេត្តកំពង់ចាម បានទៅម៉ាឡេស៊ីធ្វើការជាអ្នកបោសសំអាត ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុននៅកម្ពុជាឈ្មោះ AP TSE & C Cambodian Resource Co, Ltd។ ដោយធ្វើការលំបាក ពលការិនីបានទៅស្ថានទូតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ស្នើស្ថានទូតទាមទារលិខិតឆ្លងដែន ដើម្បីអាចត្រឡប់មកកម្ពុជាវិញ។ តាមសំណូមពររបស់ស្ថានទូត និយោជករបស់ពលការិនី បានយល់ព្រមប្រគល់លិខិតឆ្លងដែនដល់នាងវិញ ថ្ងៃទី០៨ ខែវិច្ឆិកាឆ្នាំ២០១៦។ ចំណែកប្រាក់ខែ គឺសាម៉ីខ្លួនបានទទួលគ្រប់ចំនួននិងបានផ្ញើមកគ្រួសារនៅកម្ពុជាអស់ហើយ។ ស្ថានទូតបានជួយសំរបសំរួលជាមួយការិយាល័យអន្តោប្រវេសន៍ និងឧបត្ថម្ភសំបុត្រយន្តហោះដល់នាងផងដែរ។

ពលការិនី ស.ណ, ហ.វ, ស.ច.ណ, ព.ស.ណ និង យ.ស.ឃ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK 536

II- ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានរៀបចំមាតុភូមិនិវត្តន៍របស់នារីខ្មែររង គ្រោះឈ្មោះ .ស.គ អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅខេត្តក្រចេះ ដែលត្រូវបានមេខ្យល់លួងលោមនាំទៅ ប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសវៀតណាម ដើម្បីរៀបការជាមួយបុរសជនជាតិចិន។ ដោយពុំអាចទ្រាំរស់ នៅជាមួយប្តីដែលមានជំងឺសសៃប្រសាទបាន នាងបានស្នើស្ថានទូត ជួយអោយបានត្រឡប់មកកម្ពុជាវិញ។

នារីឈ្មោះ .ស.គ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ខែ វិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង២៣:១៥នាទី តាមជើងយន្តហោះលេខ MU 759 ។ អំឡុងពេលរង់ចាំមកកម្ពុជា ស្ថានអគ្គកុងស៊ុល បានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគដល់នាងផងដែរ៕

                          ភ្នំពេញ, ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ទាញយកឯកសារ PDF