សេចក្តីប្រកាសព័ត៌មាន

  • វិច្ឆិកា ២៨, ២០១៦

លទ្ធ​ផល​នៃ​កិច្ច​ប្រ​ជុំ​កំពូល​កម្ពុជា​-ឡាវ​-វៀត​ណាម​ លើក​ទី​​៩ ​ស្តី​ពី​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍​ (CLV DTA)​ ថ្ងៃ​ទី​ ២២​​ និង២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ ​២០​១៦

ដោយនៅឆ្នាំនេះ កម្ពុជាទទួលរៀបចំកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី ៩ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV DTA) ដែលតែងតែប្រារព្ធឡើងជារៀងរាល់ពីរឆ្នាំម្តង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំកំពូលនេះនៅ ខេត្តសៀមរាប កាលពីថ្ងៃទី ២២-២៣ វិច្ឆិកា ២០១៦។ ឯកឧត្តម ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះដែរ។

នៅក្នុងពិធីបើក  សម្តេចតេជោនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាននាបច្ចុប្បន្ននេះ ក្រោមកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម រួមមាន ការអនុវត្តគម្រោងដែលបានដាក់ចេញ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការកាត់បន្ថយការជួញដូរមនុស្ស និងគ្រឿងញៀន កិច្ចសម្រួលពាណិជ្ជកម្ម ការបង្កើនទំនាក់ទំនងប្រជាជន និងប្រជាជន និងការលើកកម្ពស់វិស័យទេសចរណ៍ និងការអភិវឌ្ឍវិស័យកសិកម្ម។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រី និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ដើម្បីសម្រេចបានលទ្ធផលទាំងនេះ ក៏ដូចជា ចំពោះរដ្ឋាភិបាលជប៉ុន និងដៃគូអភិវឌ្ឍន៍នានា ដែលបានបន្តផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍនៅតំបន់ត្រីកោណនេះ។

សមិទ្ធផលដ៏ធំធេងនេះបានរួមចំណែកដល់ការអភិវឌ្ឍតំបន់ត្រីកោណរបស់យើង ដោយបានធ្វើឱ្យតំបន់នេះលែងជាតំបន់ដាច់ស្រយាលទៀតហើយ តែជាតំបន់ពោរពេញដោយសក្តានុពលសេដ្ឋកិច្ច និងមានភាពទាក់ទាញក្នុងការរស់នៅ និងវិនិយោគ។

នៅក្នុងកិច្ចពិភាក្សានាកិច្ចប្រជុំកំពូល CLV DTA នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និងវៀតណាម បានពិនិត្យ ឡើងវិញនូវការវិវត្តនៃការអនុវត្តផែនការមេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច – សង្គមនៃ CLV DTA ឆ្នាំ ២០១០-២០២០ ដែលកែសម្រួលថ្មី លទ្ធផលនៃកិច្ចប្រជុំកំពូល CLV DTA លើកទី នាឆ្នាំ ២០១៤ និងលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការសម្របសម្រួលចម្រុះ CLV លើកទី ១០ និងកិច្ចប្រជុំពាក់ព័ន្ធនាឆ្នាំ ២០១៥

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម ថងលូន ស៊ីសូលីត និង    ឯកឧត្តម ង្វៀន សួនហ្វ៊ុក បាន ១). ធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការសម្របសម្រួលពាណិជ្ជកម្ម ២). អនុម័តគម្រោងអាទិភាព CLV DTA ថ្មីទាំង ១៥ គម្រោង និង ៣). ចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូល CLV DTA លើកទី ។ នាយករដ្ឋមន្ត្រីប្រទេសទាំងបីបានឯកភាពពង្រឹងកិច្ចសហការរវាង CLV DTA ជាមួយក្របខណ្ឌកិច្ចសហប្រតិបត្តិការដទៃទៀតក្នុងអនុតំបន់មេគង្គ ជាពិសេស កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។ កិច្ចប្រជុំកំពូលក៏បានឯកភាពចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការបង្កើត video conference សម្រាប់ការប្រជុំរវាងនាយករដ្ឋមន្ត្រី CLV និងការប្រជុំរបស់គណៈកម្មការសម្របសម្រួលចម្រុះ CLV ក៏ដូចជា ឧត្តមមន្ត្រី និងមន្ត្រីជំនាញ ដើម្បីកាត់បន្ថយការចំណាយលើការធ្វើដំណើរទៅក្រៅប្រទេសដើម្បីចូលរួមកិច្ចប្រជុំ។

ស្របនឹងកិច្ចប្រជុំកំពូលនេះ អាហារពេលព្រឹកការងារត្រីភាគីត្រូវបានរៀបចំទទួលដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីប្រទេសទាំងបីបានផ្លាស់ប្តូរទស្សនៈដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីប្រទេសឡាវ និងវៀតណាម ផងដែរ ក្រោមបរិយាកាសមិត្តភាព និងស្និទ្ធស្នាល ដោយបានផ្លាស់ប្តូរទស្សនៈលើបញ្ហាទ្វេភាគី ក្នុងគោលបំណងជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីជាមួយប្រទេសនីមួយៗ ឱ្យឈានដល់កម្រិតមួយថ្មីទៀត ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។

រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ទាញយកឯកសារ PDF