ព័ត៌មាន

  • វិច្ឆិកា ២៦, ២០១៦

ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​​ ប្រាក់​​ សុខុន​​ ​អញ្ជើញ​ចូលរួម​សន្និសីទ​កំពូល​លើក​ទី១៦​​ នៃ​បណ្តា​ប្រទេស​និយាយ​ភាសាបារាំង​​ នៅ​ទី​ក្រុង​អង់​តាណាណារីវ៉ូ​​ សាធារណរដ្ឋ​ម៉ាដាហ្គាស្កា​

1111

 ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទីក្រុង អង់តាណាណារិវ៉ូ ប្រទេសម៉ាដាហ្គាស្ការ ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើទី ១៦ តាមការអញ្ជើញរបស់ឯកឧត្តម ហេរី រ៉ាចៅណារីំម៉ាមព្យ៉ានីណា (Hery RAJAONARIMAMPIANINA) ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាដាហ្គាស្ការ ។

គណៈប្រតិភូដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ មានចំនួនជាង ៦៥០០ នាក់ ក្នុងនោះមានថ្នាក់ប្រមុខរដ្ឋ/ រដ្ឋាភិបាល ២០ ប្រទេស និងប្រតិភូតំណាងប្រមាណ ២៥០០ នាក់ មកពី ៨០ប្រទេសសមាជិក (សមាជិកពេញសិទ្ធិ ៥៧ និងសង្កេតកាណ៍ ២៣) នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី  (OIF) និងតំណាងអង្គការអន្តរជាតិជាដៃគូ ដូចជាក្រុមប្រឹក្សាសន្តិសុខ និងដេប៉ាតឺម៉ង់ប្រតិបត្តិការថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហភាពអាហ្វ្រិក ព្រមទាំងធានាគារអាហ្វ្រិកសម្រាប់ការអភិវឌ្ឍន៍ ។

នៅក្នុងកិច្ចប្រជុំកំពូលលើកទី ១៦ នៃអង្គការហ្វ្រង់កូហ្វូនី ដែលដឹកនាំដោយប្រធានាធិបតីនៃសាធារណរដ្ឋម៉ាដាហ្គាស្ការនេះ ប្រមុខរដ្ឋ/រដ្ឋាភិបាលបានសម្រេចអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងអង់តាណាណារីវ៉ូ នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦។ សេចក្តីថ្លែងការណ៍នេះ រំឮកជាថ្មីនូវចំណងដែលមិនអាចញែកបានរវាងកំណើនដែលមានការបែងចែក និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទទួលខុសត្រូវ ដើម្បីធានាស្ថិរភាពពិភពលោក និងនៅក្នុងបណ្តាប្រទេសហ្រ្វង់កូហ្វូន ។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់លើការលើកកម្ពស់តម្លៃហ្វ្រង់កូហ្វូន ក្នុងការបំរើសាកលភាវូបនីយកម្មឱ្យកាន់តែមានភាព សុខដុមរមនា និងកំណត់ការអភិវឌ្ឍន៍ដោយចីរភាពនិងទទួលខុសត្រូវ រួមទាំងថាមពលសម្រាប់ទាំងអស់គ្នាជាគោលដៅអាទិភាព។

ប្រមុខរដ្ឋ/រដ្ឋភិបាលដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ បានសម្តែងការសប្បាយរីករាយចំពោះភាពជឿនលឿននៃយុទ្ធសាស្ត្រេសដ្ឋកិច្ចសម្រាប់ហ្វ្រង់កូហ្វូនី ដោយផ្តោតលើការគាំទ្រសហគ្រិន ភាព និងការបង្កើតការងារ ។ បញ្ហាសន្តិសុខក៏ជាស្នូលនៃកិច្ចពិភាក្សា ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីជាគោលដៅរួមនៃការការពារប្រជាជនពីអំពើភេរវកម្ម រួមទាំងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងភាពជ្រុលនិយម ។ជាមួយគ្នានេះដែរ កិច្ចប្រជុំកំពូល បានអនុម័តផងដែរនូវសេចក្តីសម្រេចចំនួន ១៣ ដែលផ្តោតទៅលើបញ្ហាផ្សេងៗគ្នា ដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃតម្លៃជាមូលដ្ឋានរបស់អង្គការហ្វ្រង់កូហ្វូនី រួមទាំងសកម្មភាពជាអាទិភាពសម្រាប់បណ្តាប្រទេសហ្វ្រង់កូហ្វូន និងស្ថិរភាពក្នុងពិភពលោក ដែលរួមមាន ៖ (១) សេចក្តីសំរេច ស្តីពីស្ថានភាពវិបត្តិ ការចេញពីវិបត្តិ និងការពង្រឹងសន្តិភាព ក្នុងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (២) សេចក្តីសំរេច ស្តីពីការបង្កើតអង្គភាពអចិន្រ្តៃយ៍ក្នុងអង្គការ OIF ដើម្បីលើកតម្កើងភាពស្មើគ្នារវាងបុរស និងស្រ្តី សិទ្ធិ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី (៣) សេចក្តីសំរេច ស្តីពីការបង្ការលទ្ធិជ្រុលនិយម និងអំពើហឹង្សាជ្រុលដែលបង្ករឱ្យមានអំពើភេរវកម្ម (៤) សេចក្តីសំរេច ស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (៥) សេចក្តីសំរេច ស្តីពីថាមពលស្អាត និងចីរភាពសំរាប់ប្រជាជននៅទ្វីបអាហ្វ្រិក (៦) សេចក្តីសំរេច ស្តីពីការលើកតម្កើងពហុភាសា (៧) សេចក្តីសំរេច ស្តីពីអាពាហ៍ពិពាហ៍កុមារ អាពាហ៍ពិពាហ៍មុនអាយុកាល និងអាពាហ៍ពិពាហ៍ដោយបង្ខំ (៨) សេចក្តីសំរេច ស្តីពីវិមជ្ឈការ និងការអភិវឌ្ឍន៍ក្នុងតំបន់ (៩) សេចក្តីសំរេច ស្តីពី “ធនធានទឹក  សន្តិភាព និងសន្តិសុខ” (១០) សេចក្តីសំរេច ស្តីពីការលើកតម្កើងវប្បធម៌សន្ទនា ដែលជាកត្តាអភិវឌ្ឍប្រកបដោយចីរភាព (១១) វិនិយោគក្នុងវិស័យសុខាភិបាល ដើម្បីទ្រទ្រង់កំណើនដែលមានការចែករំលែកក្នុងបណ្តាប្រទេសហ្វ្រង់កូហ្វូន (១២) សេចក្តីសំរេច ស្តីពីសុវត្ថិភាពផ្លូវគោក និង (១៣) សេចក្តីសំរេច ស្តីពីសេដ្ឋកិច្ចខៀវ ។

នៅក្នុងសន្និសីទកំពូលនេះ ប្រមុខរដ្ឋ/រដ្ឋាភិបាលបានអនុម័តបេក្ខភាពនៃរដ្ឋ/រដ្ឋាភិបាលចំនួន៤ឲ្យក្លាយជាសមាជិកហ្វ្រង់កូហ្វូនី ៖ ប្រទេសនូវ៉ែល-កាឡេដូនី (Nouvelle-Calédonie) ជាសមាជិកមិនពេញសិទ្ធិ (membre associé) ប្រទេសអាហ្សង់ទីន (Argentine) ប្រទេសកូរ៉េខាងត្បូង (Corée du Sud) និង ខេត្តអុងតារីយ៉ូនៃប្រទេសកាណាដា(Canada-Ontario) ជាសមាជិកសង្កេតការណ៍។កិច្ចប្រជុំកំពូលក៏បានសម្រចឱ្យប្រទេសអាម៉េនី (Arménie) ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលហ្វ្រង់កូហ្វូនីលើកទី ១៧ នៅឆ្នាំ ២០១៨ និងប្រទេសទុយនីស៊ី (Tunisie) ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលហ្វ្រង់កូហ្វូនីលើកទី ១៨ នៅឆ្នាំ ២០២០ ដែលនឹងជាខួបលើកទី ៥០ ឆ្នាំ នៃអង្គការហ្វ្រង់កូហ្វូនី។បន្ទាប់ពីចូលរួមកក្នុងកិច្ចប្រជុំកំពូលលើកទី១៦នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង ពីថ្ងៃទី ២៨ ដល់ ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦ តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ្សង់ ម៉ាក អេរ៉ូ (Jean-Marc AYRAULT) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍អន្តរជាតិនៃសាធារណរដ្ឋបារាំង ។ក្នុងអំឡុងពេលបំពេញទស្សនកិច្ច ឯកឧត្តមទេសរដ្ឋមន្រ្តី និង សមភាគីបារាំង សំដែងនូវសេចក្តីសប្បាយរីករាយអំពីកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ និង បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់នាពេលអនាគត ជាពិសេសលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ សន្តិសុខ ព្រមទាំងពិភាក្សាលើប្រធានបទដែលជាអត្ថប្រយោជន៍រួមនៃប្រទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារសំខាន់នៃការចូលរួមចំណែករបស់ប្រទេសបារាំងក្នុងការធ្វើឲ្យមានសន្តិភាពឡើងវិញនៅកម្ពុជា ការកសាងប្រទេសកម្ពុជាឡើងវិញ ជាពិសេសការអភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ចសង្គមកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩០ និងការលើកតម្កើងបេតិភ័ណ្ឌវប្បធម៌កម្ពុជា ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការសប្បាយរីករាយចំពោះការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងមានបំណងឱ្យការផ្លាស់ប្តូរសេដ្ឋកិច្ចនេះ ត្រូវបានពង្រឹងបន្ថែមទៀត តាមរយៈការវិនិយោគបារាំងនៅកម្ពុជា កាន់តែច្រើនឡើងឯកឧត្តម ហ្សង់ ម៉ាក អេរ៉ូ បានគូសបញ្ជាក់ថា ប្រទេសបារាំងរីករាយបន្តចូលរួមអមដំណើរការអភិវឌ្ឍ និងការរីកចម្រើននៃប្រទេសកម្ពុជា លើវិស័យជាអាទិភាព ដូចជាសេដ្ឋកិច្ច ទេសចរណ៍ បេតិកភណ្ឌ កសិកម្ម ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ក្នុងវិស័យអភិវឌ្ឍន៍ដោយចីរភាព ជាពិសេសការផ្តល់សច្ចាប័ននាពេលថ្មីៗនេះរបស់កម្ពុជាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ។

ឯកឧត្តម ហ្សង់ ម៉ាក អេរ៉ូ បានយល់ស្របជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី លើទំនាក់ទំនងសេដ្ឋកិច្ចដ៏ល្អរវាងប្រទេសទាំងពីរ និងមានបំណងឱ្យទំនាក់ទំនងសេដ្ឋកិច្ចនេះពង្រឹងបន្ថែមទៀត ជាពិសេស តាមរយៈវត្តមានសហគ្រាសធុនតូច និងមធ្យម ដែលភាគច្រើនស្ថិតក្នុងវិស័យអភិវឌ្ឍដោយចីរភាព ក្នុងនយោបាយសង្គម និងបរិស្ថាន ដែលបន្ថែមលើក្រុមហ៊ុនធំៗដែលមានវត្តមានរួចហើយនៅកម្ពុជា ។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តម ហ្សង់ ម៉ាក អេរ៉ូ ក៏បានពិភាក្សាផងដែរអំពីការវិវត្តថ្មីៗនៃបច្ចុប្បន្នភាពតំបន់ និងពិភពលោក ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជួបទទួលទានអាហារថ្ងៃត្រង់ការងារជាមួយលោកជំទាវ កាតេរីន កេរ៉េ (Catherine QUÉRÉ) ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា  និងដោយមានការចូលរួមផងដែរពីឯកឧត្តម វ៉ាំងសង់ អេប្លេ ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា និងឡាវ។ ក្នុងអំឡុងពេលជួបពិភាក្សាការងារ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរលើវិស័យបណ្តុះបណ្តាលធានធានមនុស្សនៅកម្ពុជា ជាពិសេស អ្នកច្បាប់កម្ពុជាដែលចេះភាសាបារាំង ការវិវត្តនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលការណ៍នីតិរដ្ឋ ។តាមរយៈដំណើរទស្សនកិច្ចជាច្រើនលើកនៅកម្ពុជា ប្រធានក្រុមមិត្តភាពរដ្ឋសភា ព្រិទ្ធសភាបារាំង-កម្ពុជា បានកត់សំគាល់ពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ និង បានគូសបញ្ជាក់ពីសារសំខាន់នូវការគោរពគោលការណ៍ប្រជាធិបតេយ្យ តាមរយៈការរៀបចំបោះឆ្នោតដោយសេរី និងយុត្តិធម៌ ។ឯកឧត្តមទេសរដ្ឋមន្រ្តី និង គណៈប្រតិភូបានអញ្ជើញទៅទស្សនាសាលាបារាំងចុងបូព៌ា (EFEO) ។ ក្នុងពេលជំនួបជាមួយ លោក អ៊ីវ ហ្គូឌីណូ (Yves Goudineau) នាយកសាលាបារាំងចុងបូព៌ា ឯកឧត្តមទេសរដ្ឋមន្រ្តី បានអបអរសាទរចំពោះការងារគួរឲ្យកត់សម្គាល់របស់សាលាបារាំងចុងបូព៌ា ក្នុងការលើកកម្ពស់តម្លៃបេតិភណ្ឌវប្បធម៌កម្ពុជាតាំងពីជាងមួយសតវត្សមកនេះ ។ក្នុងពេលទស្សនាមូលនិធិ ឆាល ដឺហ្គោល ឯកឧត្តមទេសរដ្ឋមន្រ្តី និង ឯកឧត្តម ហ្សាក់ ហ្គូដហ្វាំង  (Jacques Godfrain) ប្រធានមូលនិធិ ឆាល ដឺហ្គោល បានរំឮកពីដំណើរជិវិតរបស់ ឧត្តមសេនីយ៍ ឆាល ដឺហ្គោល អ្នកមានទស្សនវិស័យវែងឆ្ងាយ ដែលសុន្ទរកថាទីក្រុងភ្នំពេញជាប្រវត្តិសាស្រ្ត កាលពីខែកញ្ញា ឆ្នាំ ១៩៦៦ ស្ថិតនៅជាបច្ចុប្បន្នភាព។

 

ភ្នំពេញ   ថ្ងៃទី   ៣០  ខែ វិច្ឆិកា ឆ្នាំ ២០១៦

 

ទាញយកឯកសារ PDF