ដំណឹង

  • ខែ​ធ្នូ 9, 2016

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបគណៈប្រតិភូចិន ដឹកនាំដោយលោក លីវ គ័នយ័ន

កាលពីថ្ងៃទី​០៩ ខែ ធ្នូ ឆ្នាំ​២០១៦ វេលាម៉ោង​៣:៣០ នាទីរសៀល ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតអោយ គណៈប្រតិភូដឹកនាំដោយឯកឧត្តម  LIU GUANGYUAN អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសន្តិសុខ ក្រៅប្រទេសរបស់ក្រសួងការបរទេសចិន ចូលជួបសម្តែងការគួរសម ​នៅ​ទីស្ដីការក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ។

បន្ទាប់ពីសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ ចំពោះទស្សនកិច្ចរបស់គណៈប្រតិភូ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវការរីករាយពេញចិត្តចំពោះការវិឌ្ឍន៍ដ៏ល្អប្រសើរ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ លើកកំពស់ដល់កំរិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីខែធ្នូ ឆ្នាំ២០១០ កន្លងមកនេះ ព្រមទាំងការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៦នេះ​ ដែលរួមមាន ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ទស្សនកិច្ចរបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិនប្រធានរដ្ឋសភា និង​ របស់សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ ប្រធានព្រឹទ្ធសភា ទស្សនកិច្ចរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី​ ផ្ទាល់ ​ហើយនិងទស្សនកិច្ចនៅកម្ពុជារបស់ឯកឧត្តម ប្រធានាធិបតី Xi Jing Ping  ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការបរទេសចិន WANG  YI  ចំនួន ០២លើក ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិចិន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវការរីករាយពេញចិត្តចំពោះការរីកចម្រើនដ៏ល្អប្រសើរ ក្នុងកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច ការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគទុន ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ពិសេសក្នុងក្របខ័ណ្ឌ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ។

 ឯកឧត្តម LIU GUANGYUAN បានពាំនាំនូវការសួរសុខទុក្ខរបស់ឯកឧត្តម WANG YI  រដ្ឋមន្ត្រីក្រសួងការបរទេសចិន ជូនចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ហើយបានយល់ស្របចំពោះការវាយតម្លៃរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ចំពោះការរីកចម្រើនដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ​ និងបានវាយតំលៃខ្ពស់ចំពោះការរួមចំណែកដោយផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏ដូចជារបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

ឯកឧត្តមប្រធានគណៈប្រតិភូ បានជំរាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី      អំពីគោលបំណងនៃដំណើរ​ទស្សនកិច្ចរបស់គណៈប្រតិភូ មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីធ្វើការជួបពិគ្រោះជាមួយភាគីកម្ពុជា ពាក់ព័ន្ធទៅនឹងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខ ហើយនិងការប្រឆាំងនឹងភេរវកម្ម​ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត ដែលស្របទៅតាមការព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

 ឯកឧត្តម LIU GUANGYUAN ក៏បានជំរាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី ដោយត្រួសៗអំពី លទ្ធផល​ផ្លែផ្កានៃការជួបពិគ្រោះពិភាក្សាផ្លាស់ប្តូរនូវពត៌មាននិងបទពិសោធន៍គ្នាទៅវិញទៅមក ពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការប្រឆាំងនឹងភេរវកម្ម និងការទប់ស្កាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតរវាងក្រុមការងាររបស់ភាគីចិន ជាមួយនឹងក្រុមការងារអន្តរក្រសួងរបស់កម្ពុជាកាល ពីព្រឹកមិញនេះ ហើយនិងការព្រមព្រៀងរបស់ភាគីទាំងពីរ ក្នុងការបង្កើតឡើងនូវយន្តការមួយសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដ៏សំខាន់នេះ និងបានស្នើសុំការគាំទ្ររបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងដំណើរការបង្កើតយន្តការនេះ។

ឯកឧត្តមប្រធានគណៈប្រតិភូ បានជំរាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី អំពីការស្នើអញ្ជើញរបស់ភាគីចិន ចំពោះក្រុមការងារអន្តរក្រសួងរបស់កម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងឆ្នាំ២០១៧ ដើម្បីបន្តការពិភាក្សា ពីកិច្ចសហប្រតិបត្តិការលើការងារនេះ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ​បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃការពិភាក្សារវាងក្រុមការងាររបស់ប្រទេសទាំងពីរ ហើយបានសម្តែងនូវការគាំទ្រចំពោះការព្រមព្រៀងក្នុងការបង្កើតអោយមានជាយន្តការសំរាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងទស្សនកិច្ចនៅប្រទេសចិនរបស់ក្រុមការងារកម្ពុជា នៅឆ្នាំក្រោយ ដើម្បីបន្តកិច្ចពិភាក្សាបន្តទៀត ។

ឯកឧត្តមទេសរដ្ឋមន្ត្រី និង ឯកឧត្តមអគ្គនាយក LIU GUANGYUAN  បានស្របទស្សនៈគ្នាលើភាពចាំបាច់ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យសន្តិសុខ ការប្រឆាំងភេរវកម្ម និងការទប់ស្កាត់ឧក្រិដ្ឋតាមប្រព័ន្ធអ៊ីនធឺណេត ។

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ​ និងស្និទ្ធស្នាលក្រៃលែង។

ភ្នំពេញ, ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៦

ទាញយក PDF