សេចក្តីប្រកាសព័ត៌មាន

  • ខែ​ធ្នូ 15, 2016

សម្តេ​ច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយ​ក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ នឹង​ដឹក​​នាំ​ប្រតិភូ​ជាន់ខ្ពស់​ អញ្ជើញ​ទៅ​បំ​ពេញ​ទស្សន​កិច្ចផ្លូវ​ការ​នៅ​សារធារ​ណរ​ដ្ឋ​សង្គម​និយម​វៀត​ណាម​ ចាប់ពី​ថ្ងៃទី ​២០ ​ដល់ទី ​២១ ​ខែ​ ធ្នូ ​ឆ្នាំ​ ២០១៦

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅ​សារធារណរដ្ឋសង្គម​និយម​វៀតណាម ចាប់ពីថ្ងៃទី ២០ ដល់ទី ២១​ ខែ ធ្នូ ឆ្នាំ ២០១៦ តប​តាម​ការ​អញ្ជើញរបស់ឯកឧត្តម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc)​ នាយករដ្ឋមន្រ្តី នៃ​សា​ធារណរដ្ឋសង្គម​និយម​វៀត​ណាម​។ឯកឧត្តម  ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តម ប្រាក់ សុ​ខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញអមដំណើរ​ សម្តេចតេជោ​នាយករដ្ឋមន្រ្តី រួមជាមួយឥស្សរជនជាន់ខ្ពស់ដ៏ទៃទៀត ដូចជា

  • ឯកឧត្តម វ៉ា គីមហុង ទេស​រដ្ឋមន្រ្តី​ទទួលបន្ទុកកិច្ចការព្រំដែន
  • ឯកឧត្តម​ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ
  • ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល
  • ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
  • ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង
  • សមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។

ក្នុងអំឡុងពេលទស្សនៈកិច្ចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងជួប ពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ង្វៀន សួនហ្វ៊ុក ហើយនិងជួបសម្តែងការគួរសមដោយឡែកៗពីគ្នា​ជាមួយឯកឧត្តម ង្វៀន ហ៊្វូ​​ ជុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម  ឯកឧត្តម ត្រាន់ ដាយ ក្វាង (Tran Dai Quang) ប្រធានាធិបតីនៃសា​ធារណរដ្ឋសង្គម​និយម​វៀត​ណាម និងលោកជំទាវ ង្វៀន ធីគីម ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភានៃសា​ធារណរដ្ឋ​សង្គម​និយមវៀតណាម។​កិច្ចព្រមព្រៀង/អនុស្សារណៈមួយចំនួនត្រូវបានរំពឹងទុកថានឹងត្រូវបានចុះហត្ថលេខា​​ ដោយ​រដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា និងសមភាគីវៀតណាម​ ផងដែរ។ក្រៅពីនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏នឹងទទួលការជួបសម្តែងការគួរសម របស់សមាគមមិត្តភាពកម្ពុជា-វៀតណាម ថ្នាក់ដឹកនាំទីក្រុងហូជីមិញ និងអតីតយុទ្ធជន​វៀតណាម ព្រម​ទាំង​​​សមាជិកគ្រួសារផងដែរ។​

ភ្នំពេញ, ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៦

ទាញយកឯកសារ​ PDF