សេចក្តីប្រកាសព័ត៌មាន

  • ខែ​ធ្នូ 19, 2016

ឯក​ឧត្ត​មទេស​រដ្ឋ​មន្ត្រី​ ប្រាក់​ សុខុន​ នឹង​​ធ្វើ​ជា​សហ​ប្រធាន​ដឹក​នាំ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​កិច្ច​សហ​ប្រត្តិ​បត្តិ​ការ​ មេ​គង្គ​-ឡានឆាង​ លើក​ទី២​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​ ២២​ ដល់​ថ្ងៃ​ទី​ ២៣​ ខែ​ ធ្នូ​ ឆ្នាំ​២០១៦​

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឋានៈជាសហប្រធាននៃកិច្ចប្រជុំ​​រដ្ឋមន្រ្តី​ការបរទេស​នៃកិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡាន​ឆាង​លើក​ទី​២ បានអញ្ជើញរដ្ឋមន្រ្តីការបរទេសនៃប្រទេសចិន និងរដ្ឋមន្រ្តី​ការបរទេសនៃ ប្រទេស​មេគង្គ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាន​ឆាងលើកទី២ ដែល នឹងប្រព្រឹត្តទៅ​​ពីថ្ងៃទី ២២ ដល់​ ២៣ ខែ ធ្នូ​ ឆ្នាំ ២០១៦ នៅ​ខេត្ត​សៀមរាប ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

ឆ្លើយតបនឹងការអញ្ជើញនេះ រដ្ឋមន្រ្តីការបរទេស និងតំណាង ដូចមានរាយនាម​ខាង​ក្រោម បាន​ឆ្លើយ​តបជាផ្លូវការពីការចូលរួមក្នុងកិច្ចប្រជុំនេះ។

១-    ឯកឧត្ដម វ៉ាង យី ​(Wang Yi) រដ្ឋមន្រ្តី​ការ​បរ​ទេស​​​​​​នៃ​សាធា​រ​ណ​​​​​​​​​​​រដ្ឋ​​ប្រជាមានិត​ចិន។ ឯកឧត្តម​នឹងជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង​លើកទី២

២-    ឯកឧត្ដម សាលើមសៃ គុំ​ម៉ាស៊ីត​​​ (Saleumxay KOMMASITH) រដ្ឋមន្រ្តី​​ការ​​បរទេស​​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ

៣-   ឯកឧត្ដម ក្យាវ ទីន (​Kyaw Tin) អនុរដ្ឋមន្រ្តី​ការបរទេស​​​នៃសាធារណរដ្ឋ​សហភាព​​មីយ៉ាន់ម៉ារ

៤-   ឯកឧត្ដម ដូន ប្រាំម៉ូដ​វីណៃ​ (DON​​​​​ Pramudwinai)​​ រដ្ឋមន្រ្តី​ការបរទេស​​​នៃ​ព្រះរាជា​​​​​​​​ណាចក្រថៃ និង

៥- ​  ឯកឧត្ដម ផាម ប៊ិញ មិញ (PHAM Binh Minh)​ ឧបនាយក​រដ្ឋមន្រ្ដី​ រដ្ឋ​មន្រ្តី​ការបរទេស​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម 

​កិច្ចប្រជុំនេះ នឹងផ្ដល់ឱកាសដ៏ប្រសើរ ដើម្បីពិនិត្យឡើងវិញនូវការរីកចម្រើន ដែលសម្រេច​បា​ន និងការផ្លាស់ប្ដូរទស្សនៈលើទិសដៅអនាគតនៃក្របខ័ណ្ឌកិច្ចសហ​ប្រតិបត្តិការ​មេ​គង្គ-ឡានឆាង ចាប់តាំងពីកិច្ចប្រជុំប្រកបដោយ​ជោគ​ជ័យ​​ថ្នាក់ដឹកនាំនៃកិច្ចសហ​ប្រតិបត្តិការ​មេគង្គ – ឡានឆាង​លើក​ទី​ នាខែ មីនា ឆ្នាំ​២០១៦ កន្លងមកនេះ។

            កិច្ចប្រជុំនឹងផ្តល់ការឯកភាពលើឯកសារដូចខាងក្រោមៈ

១-សេចក្តីប្រកាសព័ត៌មានរួមរបស់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការ​ មេគង្គ-ឡានឆាង លើកទី២

២-បញ្ជីតាមដានលទ្ធផលកិច្ចប្រជុំកំពូលមេគង្គ-ឡាងឆាងលើកទី១ និង

៣-គោលការណ៍ទូទៅសម្រាប់ការបង្កើតក្រុមការងាររួម ស្តីពីវិស័យអាទិភាពសំខាន់ៗនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង។

 ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹងមានជំនួបទ្វេភាគី​ជា​មួយប្រធានគណៈប្រតិភូនានាផងដែរ។

                                                           ភ្នំពេញ,​ ថ្ងៃទី ​​​​១៩  ខែ ធ្នូ  ឆ្នាំ ២០១៦

ទាញយកឯកសារ​ PDF