សេចក្តីប្រកាសព័ត៌មាន

  • ខែ​ធ្នូ 16, 2016

សេចក្តី​ជូនព័ត៌មានស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីននៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦

តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៣ ដល់ទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៦។

ឯកឧត្តម រ៉ូឌ្រីហ្គោ ឌូតឺតេ និងគណៈប្រតិភូ បានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហា ក្សត្រ  នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។

ក្នុងអំឡុងពេលការចរចារផ្លូវការដែលបានប្រព្រឹត្តទៅនៅវិមានសន្តិភាពនៅថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតី ឌុយតឺតេ បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក និងបានពិភាក្សាលើការពង្រឹង និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានស្នើឯកឧត្តមប្រធានាធិបតីឌុយតឺតេ ធ្វើការពិនិត្យពីកាលានុវត្តភាពក្នុងការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម ទេសចរណ៌ ការងារ និងការវិនិយោគលើវិស័យកសិកម្ម ជាពិសេសស្រូវ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការរត់ពន្ធគ្រឿងញៀន។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ពីការគាំទ្រ និងការអបអរសាទររបស់កម្ពុជា ដល់ប្រទេសហ្វីលីពីនដែលនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១៧។

ឯកឧត្តមប្រធានាធិបតី ឌូតឺតេ បានជំរុញប្រទេសទាំងពីរលើកកំពស់កិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងផ្នែកស្រូវ ការអភិវឌ្ឍធនធានមនុស្ស ការតភ្ជាប់រវាងប្រជាជន​ និងប្រជាជន។ ឯកឧត្តមក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការសម្រេចចិត្តរបស់ឯកឧត្តមក្នុងការផ្តល់អាហារូបករណ៍ចំនួន៦០កន្លែងដល់និស្សិតកម្ពុជាទៅសិក្សានៅហ្វីលីពីន នៅក្នុងឆ្នាំសិក្សា២០១៧។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណហ្វីលីពីនចំពោះការផ្តល់អាហារូបករណ៍ និងជំនួយចំពោះកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីររៀបចំរួមគ្នាពិធីរំលឹកខួបអនុស្សាវរីយ៦០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ  នៅឆ្នាំ២០១៧ និងរៀបចំកិច្ចប្រជុំលើកទី២របស់គណៈកម្មការចំរុះកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរជាប្រធាន។

បន្ទាប់ពីកិច្ចចរចាផ្លូវការ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានាធិបតី ឌុយតឺតេ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារ ដូចខាងក្រោម៖

–   អនុស្សារណៈយោគយល់គ្នា រវាងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និងនគរបាលជាតិនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលត្រូវបានចុះហត្ថលេខាដោយឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Perfector Yasay រដ្ឋមន្រ្តីការបរទេសហ្វីលីពីន

–   អនុស្សារណៈនៃកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលត្រូវបានចុះហត្ថលេខាដោយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ និងឯកឧត្តម Perfector Yasay រដ្ឋមន្រ្តីការបរទេសហ្វីលីពីន

–   អនុស្សារណៈនៃកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងគណកម្មាការកីឡានៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា ដែល​ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Perfector Yasay រដ្ឋមន្រ្តីការបរទេសហ្វីលីពីន និង

–   កម្មវិធីអនុវត្តនៃកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ (២០១៦-២០២០) រវាងក្រសួងទេសចរណ៍នៃព្រះរជាណាចក្រកម្ពុជា ​និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋហ្វីលីពីនដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក​​ជំទាវ Wanda Corazon Tulfo-Teo រដ្ឋមន្រ្តីទេសចរណ៍​ហ្វីលីពីន។

                                                                             ភ្នំពេញ, ថ្ងៃទី​ ១៦ ខែ ធ្នូ ឆ្នាំ ២០១៦