សេចក្តីប្រកាសព័ត៌មាន

  • ខែ​ធ្នូ 20, 2016

ការ​បន្ត​សុពល​ភាព ​​នៃអនុស្សរណៈ​​យោគ​យល់​ថ្មី​​ ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ការិយាល័យ​ឧត្ត​ម​ស្នង​ការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា​

  1. បន្ទាប់ពីឯកភាពឱ្យមានវត្តមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការ​​​សហ​ប្រជាជាតិ ​​នៅកម្ពុជាតាំងពីឆ្នាំ​១៩៩៣​មក ​ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យកវិធានការ​សំខាន់មួយទៀត ដោយធ្វើការសម្រេចឱ្យមានអនុស្សរណៈ​នៃការយោគយល់ថ្មីមួយ រវាងរាជ​រដ្ឋាភិបាលកម្ពុជា​​ និង​​​​ការិយាល័យ​ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​​ ដែលជា​កិច្ចព្រមព្រៀង ​ទ្វេ​ភាគីសម្រាប់​​កិច្ចប្រតិបត្តិការស្របច្បាប់របស់​​ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស​អង្គការ​​សហប្រជា​ជាតិ​​​​​នៅ​កម្ពុជា សម្រាប់រយៈពេលពីរឆ្នាំ។ ការបន្តសុពលភាពអនុស្សរណៈជាថ្មីនេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកា​រលើកកំពស់និង​​​ជំរុញ​​​គោលការណ៍នៃការគោរពសេរីភាពជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យ​ ដូចមានចែង ក្នុង​​រដ្ឋធម្មនុញ្ញនៃ​​ព្រះរាជា​ណាចក្រកម្ពុជា។
  1. គោលបំណងនៃអនុស្សរណៈដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ គឺជាការប្រកាស​​ពីបំណងរបស់ភាគីទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការអនុវត្ត “​ កម្មវិធីសហប្រតិបត្តិការ​​បចេ្ចកទេសលើវិស័យសិទ្ធិមនុស្ស ” និងដើម្បីបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការ ដោយឈរលើ​​មូលដ្ឋាននៃគោលបំណង និង​គោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហ-ប្រជាជាតិ​ មាត្រា២(កថាខ័ណ្ឌ៧) ដែលបាន​គូសបញ្ជាក់ថា “ពុំមានបទបញ្ញត្តិណាមួយនៅក្នុង ធម្មនុញ្ញ​អ.ស.ប អនុញ្ញាត​ឱ្យអ.ស.ប. ចូលជ្រៀតជ្រែកកិច្ចការដែលស្ថិតក្រោមយុត្តាធិការរបស់ប្រទេស​សមាជិកនីមួយៗឡើយ។”
  1. រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាយ៉ាងមុតមាំរបស់ខ្លួនក្នុងភាព​ជាដៃគូយ៉ាងពិត​​ប្រាកដ​និងស្មោះត្រង់ ជាមួយអង្គការសហប្រជាជាតិ​ ដើម្បីពង្រឹងការអនុវត្តអនុស្សរណៈនេះ​​ឱ្យមានប្រសិទ្ធភាពនិងពេញលេញ ​ដោយផ្អែកលើការគោរពគ្នាទៅវិញទៅ​មក និងពុំជ្រៀតជ្រែក ​​កិច្ចការផ្ទៃក្នុង សំដៅពង្រឹងបន្ថែមនូវនីតិរដ្ឋ និង​ជំរុញលើក​​កម្ពស់​ការការពារ​និងការគោរពសិទ្ធិមនុស្ស​​នៅកម្ពុជា។

ភ្នំពេញ, ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៦