សេចក្តីប្រកាសព័ត៌មាន

  • ខែ​ធ្នូ 21, 2016

មាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរ២នាក់ ពីប្រទេសម៉ាឡេស៊ី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំមាតុភូមិនិវត្តន៍​របស់ពលករ-ពលការិនី​ខ្មែរ​ចំនួន​២នាក់ ដូចខាងក្រោម៖ ​​

(១) ពលករ​ឈ្មោះ ស.ម អាយុ៣៦ឆ្នាំ មកពីស្រុកឆ្លូង ខេត្តក្រចេះ បានចាញ់បោក​មេខ្យល់ ទៅធ្វើការ​នៅរោងចក្រអារ​ឈើ​ក្នុងប្រទេស ម៉ាឡេស៊ី កាលពីខែមិថុនា ឆ្នាំ២០១៦។ ដោយធ្វើការលំបាក គាត់បានទៅ​ស្ថានទូត​នៅថ្ងៃទី២២ ខែ​វិច្ឆិកា ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានចេញលិខិតធ្វើដំណើរជូន ហើយ​អង្គការអន្តរជាតិ​ទេសន្ត​​ប្រវេសន៍(IOM) ឧបត្ថម្ភ​សំបុត្រ​យន្តហោះក្រោមកិច្ចសម្របសម្រួលរបស់ស្ថានទូត។

ពលករ ស.ម នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១៧:៣០នាទី  តាមជើងយន្តហោះ MH762 ។​​

(២) ពលការិនី យ.អ  អាយុ២៦ឆ្នាំ មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ បានទៅម៉ាឡេស៊ី​ធ្វើការ​ជាអ្នក​បោសសំអាត ពីខែមករា ឆ្នាំ២០១៥ តាម​រយៈ​ក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក នាងបានទៅស្ថាន​ទូត​នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្នើសុំស្ថានទូត ទាមទារប្រាក់ខែដែលនៅសល់ និង​ជួយ​ឲ្យបា​ន​ត្រឡ​ប់​​មក​កម្ពុជា។

ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ និយោជករបស់ពលការិនី បានយល់​ព្រម​ប្រគល់ប្រាក់ខែដែលនៅសល់ លិខិតឆ្លងដែន និងសំបុត្រយន្តហោះ ដល់នាង។

ពលការិនី យ.អ  នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK536 ។

ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជា ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ជូនដល់អ្នកទាំងពីរផងដែរ៕

 ភ្នំពេញ, ថ្ងៃទី​ ២១ ខែ ធ្នូ ឆ្នាំ ២០១៦