សេចក្តីប្រកាសព័ត៌មាន

  • ខែ​ធ្នូ 21, 2016

សេចក្តី​ថ្លែងការណ៍​រួម​រវាង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​

១. តាមការអញ្ជើញរបស់ឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៦

ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាជាមួយឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រី ជួបសម្តែងការគួរសមឯកឧត្តម ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម  និងឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋ ជួបជាមួយលោកជំទាវ ង្វៀន ធី គឹមងិន ប្រធានសភា ដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍បុព្វបុរស និងយុទ្ធជនពលី និងនៅវិមានតម្កល់សពលោកប្រធានហូជីមិញ និងបានអញ្ជើញទៅទស្សនកិច្ចនៅក្រុងហូជីមិញ និងខេត្តដុងណាយ

ក្នុងឱកាសនេះផងដែរ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន គឺ ១). សន្ធិសញ្ញាស្តីពីជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ២). សន្ធិសញ្ញាស្តីពីការផ្ទេរ ទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និង ៣). កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការ និងសាសនារបស់ព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការជនជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

២. ក្នុង​បរិយា​កាស​​​មិត្តភាព ការយោគ​យល់​គ្នាទៅ​វិ​ញទៅ​មក និងការទុកចិត្តគ្នា ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពី​រ​បាន​ពិភាក្សាយ៉ាងស៊ីជម្រៅពីទំ​នាក់​ទំ​នង​មិត្តភាព​ និង​កិច្ច​សហ​​ប្រតិបត្តិការ​​គ្រប់​ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់       វៀតណាម ក្នុងការស្តារ កសាង និងអភិវឌ្ឍជាតិ និងជូនពរប្រជាជនវៀតណាមទទួលបានជោគជ័យក្នុងការធ្វើឧស្សាហនីយកម្ម និងទំនើបកម្ម ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត និងរដ្ឋវៀតណាម

ឯកឧត្តមនាយករដ្ឋមន្ត្រី ង្វៀន សួនហ្វ៊ុក និងថ្នាក់ដឹកនាំដទៃទៀតរបស់វៀតណាមបានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលសំខាន់ ៗ ដែលប្រជាជនកម្ពុជាទទួលបាន ក្រោមការគ្រងរាជសម្បត្តិប្រកបដោយព្រះបញ្ញាញាណរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការកសាង និងអភិវឌ្ឍជាតិ ដែលបាននាំមកនូវស្ថិរភាពនយោបាយ និងសង្គម ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ក៏ដូចជាការពង្រឹងកាន់តែខ្លាំងឡើងនូវជំហរ និងតួនាទីរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងតំបន់ និងពិភពលោក។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំវៀតណាមបានជូនពរយ៉ាងស្មោះស្ម័គ្រជូនកម្ពុជាឱ្យទទួលបានជោគជ័យដ៏ធំធេងក្នុងការរៀប​ចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី នៅឆ្នាំ ២០១៨ និងការបន្តកសាងព្រះរាជាណាចក្រកម្ពុជាប្រកបដោយសន្តិភាព និងវិបុលភាព។

៣. ភាគី​ទាំង​ពីរបាន​កត់សម្គាល់ដោយការពេញចិត្តចំពោះការបោះជំហានទៅមុខនៃទំនាក់ទំនងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ​រវាងកម្ពុជា និងវៀតណាមនាពេលកន្លងមក ដែលនាំមកនូវផល​ប្រយោជ​ន៍​ជាក់ស្តែងជា​ច្រើន​សម្រាប់​​ប្រជា​ជន​នៃប្រទេសទាំង​ពីរ។

វៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមតែងតែផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ការគាំទ្រដ៏មានតម្លៃ និងជំនួយឧបត្ថម្ភនានារបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”  ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម  សីហមុនី ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ដែលបានផ្តល់ជូនប្រជាជនវៀតណាម ក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិកាលពីអតីតកាល ក៏ដូចជាការកសាង និងអភិវឌ្ឍជាតិនៅពេលបច្ចុប្បន្ន​។

កម្ពុជាបានសម្តែងការ​ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ខ្លាំងក្លា និងជំនួយឧបត្ថម្ភដែលថ្នាក់ដឹកនាំ និងប្រជាជន​វៀតណាម ជាច្រើនជំនាន់បានផ្តល់ជូនប្រជាជនកម្ពុជា នាអតីតកាល និងក្នុងបច្ចុប្បន្នកាល ដោយបញ្ជាក់ថា ប្រជាជនកម្ពុជាតែងតែចងចាំចំពោះការជួយឧបត្ថម្ភរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការសហការជាមួយប្រជាជនកម្ពុជា ដើម្បីរំដោះកម្ពុជាចេញពីរបបប្រល័យពូជ​សាសន៍ខ្មែរក្រហម នៅឆ្នាំ ១៩៧៩

៤. ភាគីទាំងពីរបានឯកភាពថា ការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាជាតិទាំងពីរ។ ប្រទេសទាំងពីរបាន    ប្តេជ្ញាបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ស្របតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។ ប្រទេសទាំងពីរ ក៏បានប្តេជ្ញាអនុវត្តយ៉ាងពេញលេញនូវគោលការណ៍ដែលមានចែងក្នុងសេចក្តីប្រកាសរួមកម្ពុជា – វៀតណាម ឆ្នាំ ១៩៩៩ ឆ្នាំ ២០០៥ ឆ្នាំ ២០០៩ ឆ្នាំ ២០១១ ឆ្នាំ ២០១៤ និងឆ្នាំ ២០១៦ ដើម្បីគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា និងធានាថាមិនឱ្យមានកម្លាំងអមិត្រណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីគំរាមកំហែងសន្តិសុខប្រទេសមួយទៀត និងដោះស្រាយរាល់បញ្ហាដែលកើតឡើងរវាងប្រទេសទាំងពីរតាមមធ្យោបាយសន្តិវិធី។

៥. ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចប្រជុំកម្រិតខ្ពស់ ការទាក់ទង និងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់ជាន់ថ្នាក់ និងជំរុញឱ្យមានការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ជាពិសេសរវាងប្រជាជននៅតាមបណ្តាខេត្តជាប់ព្រំដែន។ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការអប់រំប្រជាជនទាំងពីរឱ្យយល់ដឹងពីមិត្តភាពជាប្រពៃណីរវាងប្រជាជាតិទាំងពីរ និងការជួយគ្នាទៅវិញទៅមក។

៦. ភាគីទាំងពីរក៏បានឯកភាពធ្វើការជាមួយគ្នាក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០១៧) ដែលនឹងបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនប្រទេសទាំងពីរ ជាពិសេសរវាងយុវជនជំនាន់ក្រោយ និងបានប្រគល់ភារកិច្ចជូនក្រសួងការបរទេសទាំងពីរក្នុងការរៀបចំខួបអនុស្សាវរីយ៍នេះ។

៧. ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យនានា ដែលបានចុះ ហត្ថលេខា និងបានឯកភាពណែនាំឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធធ្វើការសម្របសម្រួលគ្នាក្នុងការកែសម្រួលយន្តការពាក់ព័ន្ធ ដើម្បីស្វែងរកវិធានការដែលមានប្រសិទ្ធភាពក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យ សម្រេចតាមគោលដៅ ៥ ពាន់លានដុល្លារអាមេរិកនាបណ្តាឆ្នាំខាងមុខ។

៨. ភាគីទាំងពីរបានបញ្ជាក់អះអាងសារជាថ្មីនូវការគោរព និងការអនុវត្តឱ្យបានពេញលេញសន្ធិសញ្ញាកំណត់ព្រំដែន និងកិច្ចព្រមព្រៀងព្រំដែនពាក់ព័ន្ធដទៃទៀតរវាងរដ្ឋទាំងពីរ។ ភាគីទាំងពីរបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកដែលសម្រេចបានជាង ៨៣% នៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកក្នុងរយៈពេលកន្លងមក ដោយឈរលើមូលដ្ឋាននៃសន្ធិសញ្ញាកំណត់ព្រំដែន រវាងប្រទេសទាំងពីរ។ ជាមួយនឹងសមិទ្ធផលដែលសម្រេចបានទាំងនេះ ភាគីទាំងពីរបានប្តេជ្ញាថានឹងស្វែងរកដំណោះស្រាយជាស្ថាពរនូវកំណាត់ខ្សែព្រំដែនដែលនៅសេសសល់ ដើម្បីបញ្ចប់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឱ្យបានឆាប់ និងបញ្ចប់ឯកសារខណ្ឌសីមាពាក់ព័ន្ធឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីកសាងបន្ទាត់ព្រំដែននៃសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

៩. ឯកឧត្តមនាយករដ្ឋមន្ត្រី ង្វៀន សួនហ្វ៊ុក និងថ្នាក់ដឹកនាំវៀតណាមដទៃទៀតបានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ថ្នាក់ដឹកនាំដទៃទៀត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់កម្ពុជា ដែលបានផ្តល់ការជួយឧបត្ថម្ភដល់អនិកជនវៀតណាមនាពេលកន្លងមក។​​ ក្នុងស្មារតីភាពជាអ្នកជិតខាងដ៏ល្អរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំវៀតណាមសង្ឃឹមថា កម្ពុជានឹងបន្តចាត់វិធានការសមស្របនានាក្នុងការធានាសិទ្ធិស្របច្បាប់របស់អនិកជនវៀតណាមនៅកម្ពុជា ដែលត្រូវបានប្រព្រឹត្តដោយស្មើភាព ដូចជនបរទេសដទៃទៀតដែលរស់នៅកម្ពុជា ស្របតាមច្បាប់ និងលិខិតបទដ្ឋានរបស់ប្រទេសកម្ពុជា ដែលនឹងរួមចំណែកដល់ការពង្រឹង និងពង្រីកមិត្តភាពជាប្រពៃណីរវាងប្រជាជនប្រទេសទាំងពីរ។

១០. ភាគីទាំងពីរអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងវេទិកាពហុភាគីនាអតីតកាល ជាពិសេសការគាំទ្រគ្នាទៅវិញទៅមកចំពោះបេក្ខភាពរបស់ប្រទេសនីមួយៗ ក្នុងអង្គការអន្តរជាតិសំខាន់ ៗ របស់អង្គការសហប្រជាជាតិ។ ក្នុងបរិបទនៃការកើនឡើងនូវភាពស្មុគ្រស្មាញក្នុងតំបន់ និងសកលលោក ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសម្របសម្រួល ការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី​ ជាពិសេសអាស៊ាន

១១. ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាព​ ស្ថិរភាព​ និងសន្តិសុខនៅសមុទ្រចិនខាងត្បូង ការដោះស្រាយជម្លោះដោយមធ្យោបាយសន្តិវិធី ការអត់ធ្មត់ ការជៀសវាងការគំរាមកំហែង និងការប្រើប្រាស់កម្លាំង ស្របតាមគោលការណ៍ច្បាប់អន្តរជាតិដែលទទួលស្គាល់ជាសកល រួមមាន អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS)។ ភាគីទាំងពីរបានប្តេជ្ញាប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ ស្តីពីក្រមប្រតិបត្តិនៃបណ្តា​​​​​ភាគីក្នុងសមុទ្រចិនខាងត្បូង (DOC) និងការបញ្ចប់ឱ្យបានឆាប់នូវក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង (COC)។

១២. ភាគីទាំងពីរក៏បានសន្យាផងដែរថា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងជាមួយសមាជិកផ្សេងទៀតក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គដទៃទៀត ដើម្បីធានាការគ្រប់គ្រង និងការប្រើប្រាស់ធនធានទឹកក្នុងអាងទន្លេ    មេគង្គប្រកបដោយចីរភាព ស្របទៅតាមការអនុវត្តជាអន្តរជាតិ ក៏ដូចជាការធ្វើសុខដុមនីយកម្មនៃផលប្រយោជន៍របស់ប្រទេសជាប់ដងទន្លេ ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។

១៣. ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមាន និងអត្ថន័យយ៉ាងជ្រាលជ្រៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប្រទេសវៀតណាម ដោយបានចាត់ទុកថាជាព្រឹត្តិការណ៍មួយដ៏សំខាន់ ដែលអំណោយផលវិជ្ជមាន ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងភាពរីកចម្រើនប្រកបដោយចីរភាពរវាងកម្ពុជា និងវៀតណាម។​

១៤. សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវអំណរគុណយ៉ាងស្មោះស័្មគ្រចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ជូនចំពោះគណៈប្រតិភូជាន់ខ្ពស់កម្ពុជាក្នុងកំឡុងដំណើរទស្សនកិច្ចនេះ។

១៥.​ ក្នុងឱកាសនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមអញ្ជើញឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក​ ស្តីពីអាស៊ានលើកទី ២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០១៧ និងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ​២០១៧។ ឯកឧត្តមនាយករដ្ឋមន្រ្តី ង្វៀន សួនហ្វ៊ុក បានសម្តែងអំណរគុណ និងទទួលយកការអញ្ជើញនេះ។

 

ភ្នំពេញ ថ្ងៃទី  ២១ ខែ ធ្នូ ឆ្នាំ ២០១៦​