ដំណឹង

  • ធ្នូ ២៧, ២០១៦

ជំនួបពិភាក្សាការងារទ្វេភាគីរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយឯកឧត្តម George Edgar

ជំនួបពិភាក្សាការងារទ្វេភាគីរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជា នាថ្ងៃ⁣ទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៦។

កាលពីថ្ងៃទី​ ២៧ ខែ ធ្នូ ឆ្នាំ​២០១៦ វេលាម៉ោង​ ០៩:៣០ នាទីព្រឹក ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម   George Edgar ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ​នៅ​ទីស្ដីការក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ។

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុប ផ្តោតទៅលើចំណុច៣សំខាន់ គឺ ៖

– អំពីការរីកចំរើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ហើយនិងការប្រព្រឹត្តិទៅជាប្រក្រតីធម្មតានៃជីវភាពរស់នៅរបស់ប្រជាជន ដោយឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការរីកចំរើនលើផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបានប្រមាណ ៧,៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល​ពីរទស្សវត្សរ៍ចុងក្រោយនេះ ដែលបង្ហាញឱ្យឃើញច្បាស់ ពីការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋា​ភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ក្នុងចំណុចនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ ពី​ការប្រព្រឹត្តទៅជាធម្មតានៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដូចជា ការប្រកបរបររកស៊ី សាលារៀន ការកំសាន្តសប្បាយផ្សេងៗ ។ល។ ដែលពុំមានសញ្ញាណណាមួយបង្ហាញឱ្យឃើញថា សភាព​ការណ៍នៅកម្ពុជាមានភាពតានតឹង គួរឱ្យព្រួយបារម្ភនោះទេ។

– អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ ២០១៧ ក៏ដូចជាការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ ដែលនៅក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើការធ្វើវិសោធនកម្មនៃច្បាប់បោះឆ្នោត ការរៀបចំឡើងវិញនូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិសេសការចុះឈ្មោះបោះឆ្នោត ដែលទើបនឹងបានបញ្ចប់ថ្មីៗនេះ ​ ដើម្បីរៀបចំឡើងវិញនូវបញ្ជី​បោះឆ្នោតថ្មីឆ្នាំ ២០១៦ សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ ហើយដែលការចុះឈ្មោះ​បោះឆ្នោតនេះ សម្រេចបានលទ្ធផលមួយគួរឱ្យមានការចាប់អារម្មណ៍ខ្លាំង គឺប្រជាជនចំនួនប្រមាណ​៨១% នៃចំនួនប្រជាជនដែលមានអាយុគ្រប់បោះឆ្នោត បានទៅចុះឈ្មោះបោះឆ្នោត។ ក្នុងស្មារតីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានជួយឧបត្ថម្ភ និងផ្ដល់កិច្ចសហការដល់ការចុះឈ្មោះបោះឆ្នោតនេះ។

ក្នុងការត្រៀម​រៀបចំការបោះឆ្នោតនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីការខិតខំរបស់​គណបក្សប្រជាជនកម្ពុជា ក៏ដូចជាការខិតខំរបស់រាជរដ្ឋភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ដោះស្រាយនូវរាល់បញ្ហាពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ និងរាល់សំណូមពររបស់ប្រជា​ជន ដែលបានបង្ហាញឱ្យឃើញច្បាស់ ពីការខិតខំរបស់​គណបក្សប្រជាជន ​ដើម្បីទទួលបានការគាំទ្ររបស់ប្រជាជន ដែលជាមូលដ្ឋានសម្រាប់ធានានូវជោគជ័យ​ក្នុង​ការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវ ពុំមែនដូចជាការចោទប្រកាន់គ្មានមូលដ្ឋានរបស់ជន​អគតិខ្លះ ចំពោះគណ​​បក្ស​ប្រជាជនកម្ពុជាឡើយ ។

– អំពីការវិវត្តន៍នៃសភាពការណ៍​នាពេលបច្ចុប្បន្ននេះ ​ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៅលើការលើកលែងទោសចំពោះឯកឧត្តម កឹម សុខា បន្ទាប់ពីឯកឧត្តម​ កឹម​ សុខា សរសេរលិខិតស្នើសុំទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមឱ្យទូលថ្វាយព្រះករុណា ព្រះមហាក្សត្រ លើក​លែងទោស​ដល់រូបគាត់  ការវិលត្រឡប់របស់គណបក្ស​សង្គ្រោះជាតិ ចូលរួមក្នុងកិច្ចប្រជុំរបស់រដ្ឋសភា ហើយនិងសកម្មភាពចូលរួមរបស់គណបក្ស​សង្គ្រោះជាតិ នៅក្នុងសកម្មភាពនានារបស់រដ្ឋសភាព្រមទាំងលទ្ធភាពដែលអាចមានការជួបសន្ទនាគ្នារវាងក្រុមសភា​ភាគច្រើន និងក្រុមសភាភាគតិច​ នៅពេលខាងមុខ។

ក្នុងចំណុចនេះ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរ អំពីការពិភាក្សារវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ​ដែលមានទីស្នាក់ការ នៅទីក្រុងហ្ស៊ឺណែវ ​​​ពិសេសការខិតខំសម្របសម្រួលផ្ទាល់របស់ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី រហូតសម្រេចបាននូវការព្រមព្រៀងគ្នាមួយ និងបានចុះហត្ថលេខាលើអនុស្សរណៈ ស្តីអំពីវត្តមានរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បន្តទៀត ។​​

 ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បានបញ្ជាក់ថា រាល់ការលើកឡើងខាងលើ​នេះ បានបង្ហាញពីការ​វិវត្តន៍
​ដ៏ល្អប្រសើរនៃសភាពការណ៍នៅកម្ពុជា ​ហើយក៏ជាមូលដ្ឋានសម្រាប់ធ្វើការវាយតម្លៃពីសភាពការណ៍​នៅកម្ពុជាផងដែរ ​​ ។ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បានគូសបញ្ជាក់ច្បាស់ថា ​អ្វីដែលឯកឧត្តម ក៏ដូចជារាជរដ្ឋា
ភិបាលកម្ពុជាចង់បាន គឺ​ការវាយតម្លៃឱ្យបានត្រឹមត្រូវ និងដោយសត្យានុម័តចំពោះសភាពការណ៍នៅកម្ពុជា​។

ឯកឧត្តម George Edgar បានសម្តែងការរីករាយចំពោះការវិវត្តន៍នៃសភាពការណ៍នៅកម្ពុជា ក្នុងរយៈពេលថ្មីៗនេះ និងបានធានាអះអាងជាមួយឯកឧត្តម​ទេស​រដ្ឋមន្រ្តី ថា ​ជំហររបស់សហភាពអឺរ៉ុប គឺពុំមានការ​គាំទ្រគណបក្សណាមួយនៅកម្ពុជា​នោះទេ ​​សហភាពអឺរ៉ុបគ្រាន់តែចង់​រក្សាទំនាក់ទំនងល្អជាមួយគណបក្សទាំងអស់ ហើយឯកឧត្តម ក៏ពុំមានបំណងការពារសកម្មភាពណាមួយ ដែលជាការរំលោភបំពានទៅលើច្បាប់របស់កម្ពុជា ឬមានគោលដៅញុះញង់អំពើហិង្សានោះឡើយ។​

ឯកឧត្តម George Edgar បានជម្រាបជូន ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ថា​​ ក្នុងការពិនិត្យមើលពីសភាពការណ៍នៅប្រទេសកម្ពុជា​ក្នុងពេលកន្លងមក ទាំងរូបឯកឧត្តមផ្ទាល់ ​និងសហភាពអឺរ៉ុប បានទទួលស្គាល់យ៉ាងច្បាស់ នូវការផ្លាស់ប្ដូរជាវិជ្ជមាន​និងការអភិវឌ្ឍយ៉ាងច្រើន នៅប្រទេសកម្ពុជា។

 ឯកឧត្តម George Edgar បានជម្រាបជូន ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អំពីការចាប់អារម្មណ៍ខ្ពស់របស់សហភាពអឺរ៉ុប ចំពោះដំណើរការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតនៅកម្ពុជា ​ជាពិសេសគឺការចុះឈ្មោះបោះឆ្នោត ដែលទើបតែនឹងបញ្ចប់ដោយលទ្ធផលល្អនាពេលថ្មីៗនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់​ថា សហភាពអឺរ៉ុប​ នឹងបន្តកិច្ចសហប្រតិបត្តិការ​ និងផ្តល់ជំនួយឧបត្ថម្ភចំពោះគណៈកម្មាការជាតិរៀបចំការបោះឆ្នោតបន្តទៅទៀត។

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ​ និងយោគយល់គ្នា៕

 

       ភ្នំពេញ ថ្ងៃទី​ ២៩​ ​ខែ ធ្នូ​ ឆ្នាំ​២០១៦