News

  • ខែ​ធ្នូ 27, 2016

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឲ្យឯកឧត្តម Hidehisa Horinouchi ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឲ្យ ឯកឧត្តម Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៧ ខែ ឆ្នូ ឆ្នាំ ២០១៦។

នៅព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៦​ វេលាម៉ោង ១០:៣០ នាទី ឯកឧត្តម ​ប្រាក់ សុខុន ទេសរដ្ឋ​​មន្រ្តី រដ្ឋមន្រ្តី​ការបរ​ទេស និង​សហ​​ប្រតិបត្តិការអន្តរជាតិ បាន​អនុញ្ញាត​​ឱ្យឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតថ្មី​របស់ជប៉ុនប្រចាំនៅកម្ពុជា ជួប​សំ​ដែង​ការ​គួរសម នៅ​ទី​ស្តី​​​​ការ​ក្រ​សួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

នៅក្នុងជំនួបនេះ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ បានសំដែងនូវការស្វាគមន៌យ៉ាងកក់ក្តៅ ​និងការ​អប​អរសាទចំពោះការតែងតាំងឯកឧត្តម HORINOUCHI ជាឯកអគ្គរាជទូត​របស់ជប៉ុន ប្រចាំនៅព្រះរាជាណាកម្ពុជា។​

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បានវាយតំលៃខ្ពស់ និងការរីករាយពេញចិត្ត​ចំពោះ​ការីក​ចំរើន​ដ៏ល្អប្រសើរ​ ក្នុងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងកម្ពុជា​និងជប៉ុន ​ ​ហើយឯកឧត្តម​ទេស​​រដ្ឋមន្រ្តី ក៏បានសំដែង​ការ​​រីករាយ​ និងការស្វាគមន៍ចំពោះបំណងប្រាថ្នា​របស់ជប៉ុន ដែលចង់តម្លើងកម្រិត​​ទំនាក់​ទំនងរវាងប្រទសទាំងពីរ ពី”ភាពជាដៃគូរយុទ្ធសាស្ត្រ”​ ដែលបានកសាងឡើងនៅឆ្នាំ​២០១៣ ​ទៅ​ដល់​កំរិត “ភាពជាដៃគូ​យុទ្ធ​សាស្ត្រ​​​ទូលំទូលាយ”។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ក៏បានលើកឡើងអំពីទំនាក់ទំនងការងារ ក៏ដូចជាទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អរវាង​ឯកឧត្តម ជាមួយ​និងឯកអគ្គរាជទូតមុន ហើយឯកឧត្តម បានសំដែងនូវក្តីសង្ឃឹមថា ឯកឧត្តមឯកអគ្គរាជទូតថ្មី ​របស់ជប៉ុនដែល​មានបទ​ពិសោធន៌​ការទូតសម្បូរបែប នឹងរួមចំណែកដ៏សកម្មក្នុង​ការពង្រឹងនិងពង្រីក​​បន្ថែម​ទៀត​ នូវទំនាក់ទំនងនិង​កិច្ច​សហប្រតិបត្តិការរវាងប្រទសទាំងពីរ។

ឯកឧត្តមឯកអគ្គរាជទូត បានសំដែងការឯកភាពជាមួយឯកឧត្តម​ទេស​រដ្ឋមន្រ្តី ក្នុងការវាយតម្លៃខ្ពស់​ដោយការរីករាយពេញចិត្ត ចំពោះការវិវត្តន៍ដ៏ល្អប្រសើរនៃទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទសទាំង​ពីរ។ ឯកឧត្តមឯកអគ្គរាជទូត ក៏បាន​​សំដែងនូវការរីករាយចំពោះការកើនឡើងយ៉ាងខ្លាំងនូវវិនិយោគទុនរបស់ជប៉ុននៅកម្ពុជា ក្នុងនោះគឺវិនិយោគទុនសំរាប់ការសាងសង់ផ្សារទំនើប AEON ទីមួយនៅកម្ពុជា​​  ហើយឯកឧត្តម ក៏បានលើកឡើងអំពីដំណើរការសាងសង់នាពេលបច្ចុប្បន្ននូវផ្សារទំនើប AEON ទីពីរ ដែលបញ្ជាក់អំពីការចាប់អារម្មណ៌របស់វិនិយោគិនជប៉ុន ក្នុងការរកស៊ីនៅកម្ពុជា។ ឯកឧត្តម ក៏បានជម្រាបជូនឯកឧត្តម​ទេស​រដ្ឋមន្រ្តី ថា ឯកឧត្តមនឹងខិតខំក្នុងការជំរុញវិនិយោគទុនរបស់ជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត ។

​ឯកឧត្តមឯកអគ្គរាជទូត ក៏បានជំរាបជូនឯកឧត្តម​ទេស​រដ្ឋមន្រ្តី ថា បច្ចុប្បន្នជប៉ុនកំពុងតែត្រៀមរៀបចំសម្រាប់ការបើកការិយាល័យកុងស៊ុលរបស់ជប៉ុនប្រចាំនៅខេត្តសៀមរាប​ ដែលនឹងរួមចំណែកថែមទៀត ក្នុងការបង្កើនឡើងនូវភ្ញៀវទេសចរជប៉ុនមកកម្ពុជា បន្ទាប់ពីការបង្កើតអោយមានជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ក៏បានជំរាបជូនឯកឧត្តមឯកអគ្គរាជទូតជប៉ុន អំពីការរីកចម្រើនលើផ្នែកសេដ្ឋកិច្ច អំពីការវិវត្តន៍ដ៏ល្អនៃសភាពការណ៍នៅកម្ពុជានាពេលបច្ចុប្បន្ន ពិសេសគឺអំពីជោគជ័យនៃការចុះឈ្មោះបោះឆ្នោតរបស់ប្រជាជនកម្ពុជា សំរាប់ការបោះឆ្នោតនាពេលខាងមុខនេះហើយដែលក្នុងនោះ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះជប៉ុន សំរាប់ការគាំទ្រនិងការជំនួយឧបត្ថម្ភដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានសំដែងនូវការចាប់អារម្មណ៌ហើយនិងការវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលកម្ពុជាសម្រេចបាន ក្នុងការចុះឈ្មោះបោះឆ្នោតក្នុងពេលកន្លងមកថ្មីៗនេះដែលក្នុងនោះមានប្រជាជនប្រមាណ ៨១% នៃចំនួនប្រជាជនគ្រប់អាយុបោះឆ្នោត បានចុះឈ្មោះបោះឆ្នោត  ហើយឯកឧត្តម ក៏បានធានាអះអាងចំពោះឯកឧត្តម​ទេស​រដ្ឋមន្រ្តីថា ជប៉ុននឹងបន្តគាំទ្រ និងផ្តល់នូវការជួយឧបត្ថម្ភដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងអំពីការវាយតម្លៃខ្ពស់របស់​ឯកឧត្តមផ្ទាល់ ក៏ដូចជារបស់​រដ្ឋាភិបាលជប៉ុន ចំពោះដំណើការប្រជាធិបតេយ្យនៅកម្ពុជាដែលឯកឧត្តមបានគូសបញ្ជាក់ថា បើប្រៀបធៀបជាមួយប្រទេសនានាក្នុងតំបន់ ឃើញថា កម្ពុជាអនុវត្តបានល្អ នូវដំណើរការប្រជាធិបតេយ្យ នាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីដំណើរការកែទម្រង់ដែលបាននិងកំពុងដំណើរការនាពេលបច្ចុប្បន្ន នៅក្នុងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិពិសេសគឺការកែប្រែរចនាសម្ពន័្ធរបស់ក្រសួង ការសាងសង់អាគារថ្មី នៅក្នុងបរិវេណក្រសួងបន្ថែមទៀត ហើយនិងការរៀបចំបង្កើតឡើងនូវវិទ្យាស្ថានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ​​និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាអំពី
លទ្ធភាពសហប្រតិបត្តិការក្នុងអនាគត រវាងវិទ្យាស្ថានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនិងវិទ្យាស្ថានរបស់ក្រសួងការបរទេសជប៉ុន​ ហើយឯកឧត្តមឯកអគ្គរាជទូត ក៏បានស្នើ
ឯកឧត្តម​ទេស​រដ្ឋមន្រ្តី
បញ្ជូនគណៈប្រតិភូក្រសួងការបរទេស ទៅពិនិត្យ និងផ្លាស់ប្តូរបទពិសោធន៍ អំពីការបង្កើតឡើងនូវវិទ្យាស្ថានការទូតរបស់ជប៉ុន។

 

ភ្នំពេញ ថ្ងៃទី​ ២៩​ ​ខែ ធ្នូ ឆ្នាំ​២០១៦