សេចក្តីប្រកាសព័ត៌មាន

  • ធ្នូ ២៧, ២០១៦

មាតុ​ភូមិ​និវត្ត​ន៍​រ​បស់​ពល​រ​ដ្ឋ​ខ្មែរ​ពី​ប្រទេស​ម៉ាឡេស៊ី​ និង​ចិន​

– ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ-​និវត្តន៍​​របស់ពលរដ្ឋ​ខ្មែរ​ចំនួន​៦នាក់ ដូចខាងក្រោម៖ ​​​

ស្ត្រីឈ្មោះ អ.ស.ធ អាយុ៣៣ឆ្នាំ មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំ​កូន​ប្រុស​ម្នាក់ អាយុ២ខែ ធ្វើដំណើរទៅម៉ាឡេស៊ីដោយខុសច្បាប់ នៅខែតុលា ឆ្នាំ២០១៦ ដើម្បី​ស្វែងរក​ស្វាម៉ី​ដែល​កំពុង​ធ្វើការ​នៅ​ម៉ាឡេស៊ី ប៉ុន្តែរកពុំឃើញ។  បន្ទាប់ពីបាន​​ទទួលព័ត៌មាន​ពីម​ន្ទីរពេទ្យមួយក្នុងរដ្ឋ Selangor ថាស្រ្តីរូបនេះ​ធ្លាក់ខ្លួនឈឺ ខ្វះខាតថវិកា និង​មិនមាន​អ្នកណា​ជួយ​   ស្ថានទូតបានចាត់មន្ត្រីទៅ​សួរ​សុខ​ទុក្ខ  និងបានធ្វើ​អន្តរាគមន៍​​ទៅ​​មន្ទីរពេទ្យ ដើម្បី​អោយ​នាងនិង​កូន​ប្រុស​​ ​រួច​ផុតពី​ការ​បង់​ថ្លៃដល់ម​នី្ទរ​ពេទ្យ​​ចំនួន​​​​៨០០០​រីង​ហ្គីត (ប្រមាណ​២០០០​ដុល្លារ​អាមេរិក)។

ស្ថានទូតបានទទួលនាងនិងកូនប្រុស​ ឲ្យស្នាក់នៅ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ហើយ​ស្ថានទូត​​ក៏​បានបង់​ពិន័យជូនការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី និងឧបត្ថម្ភ​សំបុត្រ​យន្តហោះជូននាង​និង​កូន​​​​ផងដែរ។

ពលករឈ្មោះ ហ.ក.ស អាយុ២៤ឆ្នាំ មកពីស្រុកបវិល ខេត្តបាត់ដំបង បានទៅធ្វើការ​នៅ​ទូកនេសាទ​ថៃក្នុងដែនសមុទ្រម៉ាឡេស៊ី កាលពីឆ្នាំ២០១៥ ហើយមានទំនាស់ឈ្លោះ​វាយតប់គ្នា​ជាមួយ​ថៅកែ​ជនជាតិថៃ នៅថ្ងៃទី១៦ ខែ​កក្ក​ដា​ ឆ្នាំ២០១៦។ ពលករបានលោតចូលសមុទ្រ ហើយ​ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី ជួ​យសង្គ្រោះ​នៅចុងខែកក្កដាឆ្នាំ២០១៦​។ បន្ទាប់ពី​បានទទួល​ព័ត៌មាននេះ  ស្ថានទូតបានចាត់​មន្ត្រី​​ទៅទទួល​ពលករពីរដ្ឋ Terrenganu នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ មកស្នាក់នៅក្នុងស្ថានទូត។  ស្ថានទូត​​បានបង់ពិន័យ​ជូន​ការិយាល័យ​​អន្តោប្រវេសន៍ម៉ាឡេស៊ី និង​ឧបត្ថម្ភ​សំបុត្រយន្តហោះ​ដល់ពលករ​។​

ស្រ្តីឈ្មោះ អ.ស.ធ និងកូន ព្រមទាំងពលករ ហ.ក.ស បានដល់ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង០៧:៥០នាទីព្រឹក តាមយន្តហោះលេខ AK536

– ពលការិនី ម.ច.ធ អាយុ៣២ឆ្នាំ មកពីស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ   បានទៅម៉ាឡេស៊ី កាលពី ខែមេសា ឆ្នាំ២០១៦ និង​ពលការិនី ខ.យ  អាយុ២៤ឆ្នាំ មកពីស្រុកដំបែរ ខេត្តត្បូងឃ្មុំ បានទៅម៉ាឡេស៊ី​នៅ​ខែកញ្ញា ឆ្នាំ២០១៦ ហើយអ្នកទាំងពីរ​ធ្វើការជាអ្នកបោសសំអាត  តាម​រយៈក្រុមហ៊ុនមួយនៅកម្ពុជា។  ដោយធ្វើការលំបាក ពលការិនី​ទាំងពីរនាក់បានទៅស្ថានទូត​នៅ​ថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្នើសុំជួយ​ឲ្យបានត្រឡប់មក​កម្ពុជា​វិញ។​

– ពលការិនី ជ.ស.ល អាយុ២៨ឆ្នាំ មកពីស្រុកស្ទឹងសែន ខេត្តកំពង់ធំ បានទៅម៉ាឡេស៊ី​ធ្វើការ​ជាអ្នកបោសសំអាត ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា ។ ដោយធ្វើការ​លំបាក នាងបាន​ទៅ​ស្ថាន​ទូត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្នើសុំជួយឲ្យបានត្រឡប់ទៅកម្ពុជាវិញ។

ក្រោមកិច្ចអន្តរាគមន៍​របស់​​ស្ថាន​ទូត ​នៅថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ២០១៦ និយោ​ជករបស់ពលការិនី​ ទាំង៣នាក់ ​​​​បានយល់ព្រមប្រគល់ប្រាក់ខែ​ដែល​នៅ​សល់  លិខិត​ឆ្លង​ដែន​ និងសំបុត្រ​យន្តហោះ  ជូន​ដល់​ពលការិនីទាំង៣នាក់។

ពលការិនីឈ្មោះ ម.ច.ធ ឈ្មោះខ.យ និងឈ្មោះជ.ស.ល នឹងមកដល់ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៧:៥០នាទីព្រឹក តាមយន្តហោះលេខ AK536

– ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានសម្របសម្រួលជាមួយប៉ូលីសទីក្រុងប៉េកាំង រៀបចំ​មាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរម្នាក់ ឈ្មោះ .ម ​​អាយុ២៩ឆ្នាំ មកពីស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែល​បាន​ស្ម័គ្រចិត្តធ្វើដំណើរទៅប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៣ និងបានរៀបការ​ជាមួយ​បុរសជនជាតិ​ចិន​នៅខែមករា ឆ្នាំ២០១៤។  ដោយសាររស់នៅមិនចុះសំរុងជាមួយប្តី នៅថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០១៦ នាងបានស្នើសុំស្ថានទូត​ជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានផ្តល់កន្លែង​ស្នាក់​នៅដល់នាង អំឡុង​​​ពេលដោះស្រាយជាមួយប្តីនិងប៉ូលីសចិន ហើយអង្គការ IOM នៅទីក្រុងប៉េកាំង ជាអ្នកផ្តល់សំបុត្រ​យន្តហោះ ។

ស្រ្តីឈ្មោះ .ម ​បានត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង២៣:៣០នាទី តាមយន្តហោះលេខ CZ323

               ភ្នំពេញ, ថ្ងៃទី​ ២៧ ខែ ធ្នូ ឆ្នាំ ២០១៦