សេចក្តីប្រកាសព័ត៌មាន

  • ខែ​មករា 2, 2017

មាតុ​ភូមិ​និវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​៣​នាក់​ ពី​ប្រទេស​ម៉ាឡេស៊ី​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​និវត្តន៍​​​របស់ពលរដ្ឋ​ខ្មែរ​ចំនួន​៣នាក់ ដូចខាងក្រោម៖ ​​​

          – ពលរដ្ឋខ្មែរឈ្មោះ ស.ធ អាយុ៣៤ឆ្នាំ មកពីស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បាននាំភរិយា និងកូនចំនួន៥នាក់ រួមទាំង​កូនស្រី​ឈ្មោះ​ ធ.ល. អាយុ២ឆ្នាំ ទៅធ្វើការខុសច្បាប់​នៅរោង​ចក្រ​ផលិត​ប្លាស្ទិក តាំងពី​ឆ្នាំ​២០១២។

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថានទូតបានទទួលដំណឹងពីមន្ទីរពេទ្យមួយនៅម៉ាឡេស៊ី ថា​  កុមារី .. បានព្យាបាលជំងឺរយៈពេលពីរខែ និងត្រូវបង់ថវិកាចំនួន៤០.០០០​រីងហ្គីត​ (ប្រហែល​​១០.០០០ដុ​ល្លារ​អាមេរិក) ប៉ុន្តែ​​​ក្រុមគ្រួសារពុំមានលទ្ធភាពបង់គ្រប់ឡើយ។ ស្ថាន​ទូត​បាន​ចាត់​មន្ត្រី​ទៅ​សួរ​សុខទុក្ខ និង​បានចរចា​ជាមួយ​មន្ទីរពេទ្យចំនួន៣លើក រហូតមន្ទីរ​​​ពេទ្យ​​បានយល់ព្រមបញ្ចុះតម្លៃឲ្យទាប​បំផុត ​ចំនួន​តែ​៥.០០០​រីង​ហ្គីត (ប្រមាណ​​​​​១.០០០​​ដុល្លារ​អាមេរិក) ប៉ុណ្ណោះ។

ស្ថានទូតបាននាំពលរដ្ឋ ស.ធ និងកុមារី ធ.ល. ទៅស្នាក់នៅ​ស្ថានទូតនៅថ្ងៃទី៣០ ខែ​ធ្នូ ឆ្នាំ​២០១៦ ហើយបានធ្វើលិខិតធ្វើដំណើរជូន និងសម្រប​សម្រួល​ជាមួយ​ការិយា​ល័យ​អន្តោ​ប្រវេសន៍​ម៉ាឡេស៊ី។

 អ្នកទាំងពីរ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៦:០០នាទី តាមជើងយន្តហោះ AK534  

          – ពលការិនីខ្មែរឈ្មោះ វ.ស.វ អាយុ៣៤ឆ្នាំ​ មកពីខេត្តកំពង់ធំ​​​ ​បានធ្វើដំណើរទៅ​ម៉ាឡេស៊ី​ខុសច្បាប់​ដោយ​ខ្លួនឯង និងធ្វើការងារតាមផ្ទះ ពីខែមករា ឆ្នាំ២០១៥។

ពលការិនី ត្រូវបាននិយោជកបរទេសចាប់រំលោភនៅរដ្ឋ Perak ​ហើយបាន​រត់​តាមផ្លូវ និងត្រូវ​បាន​នគរបាលរដ្ឋ Perak ជូនទៅស្ថានទូតនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ​២០១៦។ ស្ថានទូតបាន​ស្នើ​អាជ្ញាធរ​ម៉ាឡេស៊ី​តាមចាប់ជនល្មើស ដើម្បីផ្តន្ទាទោសតាមច្បាប់។ ប៉ុន្តែអាជ្ញាធរ​ម៉ាឡេស៊ី មិនអា​ច​រក​​​ឃើញ​ជន​ល្មើស​ទេ ដោយ​​សារពលការិនី​​មិនចាំ​អាស័យដ្ឋាន​ដែល​នាង​ធ្លាប់​ស្នាក់​នៅឡើយ​។ ពលការិនី បានសម្រេច​ស្នើ​សុំ​ស្ថាន​ទូត​​ជួយ​ឲ្យបានត្រឡប់​មកកម្ពុជាវិញ។ ស្ថាន​​ទូត​បាន​សម្រប​សម្រួល​ជាមួយការិ​យា​ល័យ​អន្តោ​ប្រវេសន៍ ​ម៉ាឡេស៊ី  និង​ឧបត្ថម្ភ​សំបុត្រ​យន្ត​ហោះ​ជូននាងផងដែរ។

          ពលការិនី វ.ស.វ  បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK536

ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់ការស្នាក់នៅ និងអាហារបរិភោគ ជូនដល់ពលរដ្ឋខ្មែរទាំង៣នាក់ផងដែរ។

               ភ្នំពេញ, ថ្ងៃទី​ ០២ ខែ មករា ឆ្នាំ ២០១៧