News

  • ខែ​មករា 13, 2017

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបនិស្សិតកម្ពុជា ២៧ នាក់ ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់

នៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង១៦:០០នាទី ឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតអោយនិស្សិតកម្ពុជា ដែលប្រឡងជាប់អាហារូបករណ៍ក្របខ័ណ្ឌអាស៊ាន-នូវែលហ្សេឡង់ ចំនួន២៧នាក់ (ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់២៥នាក់ និងថ្នាក់បណ្ឌិត២នាក់) ដែលត្រូវចេញសិក្សានៅប្រទេសណូវែលហ្សេឡង់ក្នុងឆ្នាំ២០១៧​​ នេះ ចូលជួបសម្តែងការគួរសម។

ក្នុងចំណោមនិស្សិតចំនួន២៧នាក់នេះ គឺមាន៨នាក់មកពីស្ថាប័នរដ្ឋ ចំនួន១១នាក់មកពីវិស័យឯកជន និងចំនួន៨នាក់មកពីអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ មុខវិជ្ជាដែលត្រូវសិក្សា រួមមាន នយោបាយ​សាធារណៈ គណនេយ្យ និងហិរញ្ញវត្ថុ សេដ្ឋកិច្ច ច្បាប់ សុខាភិបាល ទំនាក់ទំនងអន្តរជាតិ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ពន្ធដារ និង e-government ជាដើម។

ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរចំពោះនិស្សិតទាំង២៧នាក់ ដែលប្រឡងជាប់អាហារូបកណ៍សំរាប់ការសិក្សានៅប្រទេសនូវែលហ្សេឡង់ ក្នុង​ឆ្នាំ២០១៧​ នេះ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានចែករំលែកជូននិស្សិតដែលត្រូវចេញសិក្សាទាំងអស់នោះ នូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់​ឯកឧត្ដម ក្នុងឋានៈជាកូនក្នុងគ្រួសារអ្នកការទូត ដែលធ្លាប់បានឆ្លងកាត់ដំណាក់កាលត្រូវចាកចេញពីគ្រួសារនិងមាតុប្រទេស ដើម្បីទៅធ្វើការសិក្សា និងអំពីការលំបាកផ្សេងៗដែលត្រូវជួបប្រទះនៅក្នុងអំឡុងពេលរស់នៅដោយខ្លួនឯង និងបំពេញការសិក្សា​នោះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំដល់និស្សិតទាំង២៧រូប ត្រៀមលក្ខណៈអោយបានល្អ ព្រោះការទៅសិក្សានៅបរទេសនឹងមានការប្រឈមមិនបានគ្រោងទុក ដែលអាចកើតមានឡើងលើជីវភាព ម្ហូបអាហារ​ ធាតុអាកាស និងទំនៀមទំលាប់ ដែលខុសពីទំនៀមទំលាប់របស់យើង។ ឯកឧត្តម​បានបញ្ជាក់ថា ត្រូវផ្តោតការយកចិត្តទុកដាក់អោយបានខ្លាំង លើបញ្ហាភាសាអង់គ្លេស ព្រមទាំងលើកទឹកចិត្តអោយធ្វើការស្រាវជ្រាវឲ្យបានច្រើន ព្រោះការរៀនសូត្រទោះបីជារៀនមួយជិវិតក៏ចេះមិនអស់ដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្ដល់ការផ្ដាំផ្ញើនិងអនុសាសន៍ទៅនិស្សិតទាំង២៧រូបនោះ អោយយកចិត្តទុកដាក់ក្នុងការសិក្សាយកចំណេះវិជ្ជា និងបទពិសោធន៍ផ្សេងៗពីប្រទេសនូវេហ្សេឡង់ ត្រូវបង្កើនទំនាក់ទំនងជាមួយនិស្សិតផ្សេងៗទៀត និងប្រជាជននូវេហ្សឡង់ ហើយនិងថែរក្សាកិត្តិយសរបស់ខ្លួននិងរបស់ប្រទេសជាតិ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានសំដែងនូវក្ដីសង្ឃឹមដោយជឿជាក់ថា និស្សិតទាំង២៧រូប នឹងសម្រេចការសិក្សាដោយជោគជ័យ ហើយ​​ក្លាយជាអ្នកបន្តវេនក្នុងការងារ        សំខាន់ៗ​​ជាច្រើន នៅថ្ងៃអនាគត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជាដំណឹងដល់និស្សិតទាំងអស់ពីការបាត់បង់ជិវិតរបស់កងកំលាំងថែរក្សាសន្តិភាពរបស់កម្ពុជាចំនួន ២រូប ដោយសារជំងឺក្នុងពេលបំពេញបេសកកម្មនៅបរទេស (១នាក់នៅប្រទេសម៉ាលី និងម្នាក់ទៀតនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល) ដែលជាឧទាហរណ៍ជាក់ស្តែង សម្រាប់ទាក់ទាញការប្រុងប្រយ័ត្នរបស់និស្សិតចំពោះការថែរក្សាសុខភាព។

បន្ទាប់ពីស្តាប់មតិណែនាំ និងអនុសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី លោក សេង សំអូន តំណាងនិស្សិតទាំង ២៧ ក៏បានធ្វើការចាប់អារម្មណ៍ និងសម្តែងអំណរគុណដល់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ដែលបានចែករំលែកនូវបទពិសោធន៍របស់ឯកឧត្ដមផ្ទាល់ ក៏ដូចជាការផ្ដាំផ្ញើរនិងអនុសាសន៍សំខាន់ៗ​ មួយចំនួន ដើម្បីនិស្សិតសម្រេចបានជោគជ័យក្នុងការសិក្សានៅក្រៅប្រទេស។

នៅចុងបញ្ចប់នៃពិធីសំណេះសំណាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានឧបត្ថម្ភជាថវិកា មួយចំនួនដល់និស្សិតទាំង២៧រូបនេះ ផងដែរ៕