សេចក្តីប្រកាសព័ត៌មាន

  • ខែ​មករា 13, 2017

មាតុ​ភូមិ​និវត្តន៍​របស់​ពលករ​-ពលកា​រិនី​ខ្មែរ​៤នាក់​ ពី​ម៉ា​ឡេស៊ី​ និង​ស្រ្តី​ខ្មែរ​ម្នាក់​ពី​ប្រទេស​ចិន​

        I. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​និវត្តន៍​​​របស់ពលករ-ពលការិនី​ខ្មែរ​ចំនួន​៤នាក់ ដូចខាងក្រោម៖ ​​​

 (១) ពលការិនី .អាយុ២៨ឆ្នាំ មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (២) ពលការិនី .អាយុ២៩ឆ្នាំ មកពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ (៣) ពលករ .. អាយុ២៩ឆ្នាំ មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និង (៤) ពលករ . អាយុ២៤ឆ្នាំ មកពីស្រុកបាកាន ខេត្តពោធិសាត់។ ពលករ-ពលការិនី​ទាំង​៤នាក់ បានទៅម៉ាឡេស៊ីខុសច្បាប់ដោយខ្លួនឯង ហើយធ្វើការនៅរោងចក្រផលិតតុ ទូ ​និងគ្រឿងសង្ហារឹម នៅ​ឆ្នាំ២០១៥។ ដោយចង់ត្រឡប់មកកម្ពុជាវិញ  អ្នកទាំង៤ បានទៅស្ថានទូតនៅថ្ងៃទី០៩ ខែមករា ឆ្នាំ​២០១៧ ស្នើជួយរៀបចំមាតុភូមិនិវត្តន៍។​

ស្ថានទូតបានចេញលិខិតធ្វើដំណើរ សម្រប​សម្រួល​ជាមួយការិយាល័យអន្តោប្រវេសន៍​ម៉ាឡេស៊ី​ ព្រមទាំ​ងផ្តល់ការស្នាក់នៅនិងអាហារបរិភោគ ជូនដល់ពួកគេ ក្នុងអំឡុងពេលរង់ចាំ​ត្រឡប់​មក​កម្ពុជាវិញ។

ពលករ-ពលការិនីទាំង៤នាក់ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី ខែ មករា ឆ្នាំ​២០១៧ វេលាម៉ោង០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK536

       II. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានរៀបចំមាតុភូមិនិវត្តន៍ស្រ្តីខ្មែរ ម្នាក់ឈ្មោះ ..អាយុ២៤ឆ្នាំ មកពីស្រុកបាភ្នំ ខេត្តព្រៃវែង ដែលត្រូវបានមេខ្យល់នាំចូលប្រទេសចិន ឆ្លងកាត់តាមប្រទេសវៀតណាម ដើម្បីទៅរៀបការជាមួយបុរសជនជាតិចិនក្នុងខេត្តជាំងស៊ី ដោយពុំមានចុះ លិខិតអាពាហ៍ពិពាហ៍។ ដោយរស់នៅមិនចុះសំរុងជាមួយប្តី នាងបានស្នើអន្តរាគមន៍ពីស្ថានអគ្គកុងស៊ុល នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ ២០១៦ ជួយអោយបានត្រឡប់មកកម្ពុជាវិញ។

​​        ស្ថានអគ្គកុងស៊ុល បានសហការជាមួយអាជ្ញាធរទីក្រុងសៀងហៃ និងអាជ្ញាធរខេត្តជាំងស៊ី រៀបចំ បែបបទធ្វើដំណើរជូនស្រ្តីរងគ្រោះ ហើយនាងនឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង០៣:៤៥នាទីទៀបភ្លឺ តាមជើងយន្តហោះK6 867

               ភ្នំពេញ, ថ្ងៃទី​ ១៣ ខែ មករា ឆ្នាំ ២០១៧