សេចក្តីប្រកាសព័ត៌មាន

  • ខែ​មករា 16, 2017

មាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរ៥នាក់ ពីប្រទេសម៉ាឡេស៊ី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​និវត្តន៍​​​របស់ពលការិនី​ខ្មែរ​ចំនួន​៥នាក់ ដូចខាងក្រោម៖ ​​​

(១) ពលការិនី ហ.ម អាយុ៣០ឆ្នាំ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម បានទៅម៉ាឡេស៊ី​ធ្វើការជាអ្នកបោសសំអាត ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥​ តាម​រយៈ​ក្រុមហ៊ុនមួយនៅកម្ពុជា​។ ដោយ​ធ្វើការ​លំបាក នាងបានទៅស្ថានទូត នៅថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។​

ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ និយោជក​របស់​ពលការិនី បានយល់ព្រមប្រគល់លិខិតឆ្លងដែន និងប្រាក់ខែ​ដែល​នៅ​សល់​ ជូននាង។

(២) ពលការិនិ ស.ស អាយុ៣៧ឆ្នាំ មកពីស្រុកបរសែត ខេត្តកំពង់ធំ បានទៅម៉ាឡស៊ី ​ធ្វើការ​ជាអ្នកបោសសំអាត ពីឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយពុំមាន​អ្នកថែរក្សា​កូនស្រីរបស់​ខ្លួន​នៅកម្ពុជា ពលការិនីបានស្នើស្ថានទូត នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ សុំជួយឲ្យបាន​ត្រឡប់​មក​កម្ពុជាវិញ។

(៣) ពលការិនី វ.វ.ក អាយុ២២ឆ្នាំ ​ មកពីខេត្តកំពង់ធំ បានទៅម៉ាឡេស៊ី ធ្វើការតាមផ្ទះ ពីថ្ងៃ​ទី​១១ ខែមករា ឆ្នាំ២០១៥ ​តាមរយៈមេខ្យល់ម្នាក់។ ដោយនិយោជក​របស់ពលការិនី ធ្វើទិដ្ឋាការការងារ​ក្លែងក្លាយ​ជូននាង ហេតុនេះនាងសម្រេចឈប់ធ្វើការ និងបានទៅស្ថានទូតនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

(៤) ពលការិនី គ.ស អាយុ៣៣ឆ្នាំ មកពីស្រុកចន្ទ្រា ខេត្តស្វាយរៀង បានទៅម៉ាឡេស៊ី​ដោយ​ខ្លួនឯង ធ្វើការនៅក្នុងភោជនីយដ្ឋាន ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦។ ដោយសារពលការិនីនឹកផ្ទះនិង​ក្រុម​គ្រួសារ នាងបានស្នើស្ថានទូត នៅថ្ងៃទី០៥ ខែមករា ឆ្នាំ​២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ ។

ពលការិនី៤នាក់ខាងលើ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី ១៥ ខែ មករា ឆ្នាំ​២០១៧ វេលាម៉ោង០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK536

(៥) ពលការិនី ..អាយុ៣៧ឆ្នាំ មកពីស្រុករមាសហែក ខេត្តស្វាយរៀង បានទៅម៉ាឡេស៊ី និងធ្វើការងារតាមផ្ទះតាំងពីឆ្នាំ២០១៤ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយនិយោជករបស់ខ្លួន បាន​ប្រើអំពើហឹង្សា ពលការិនីបានលួចរត់ចេញពីផ្ទះ និងដើរតាមផ្លូវ ហើយត្រូវបាននគរបាលរដ្ឋ Selangor ជូនទៅស្ថានទូតនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។ ស្ថានទូតពិបាកក្នុងការទាមទារសំណង ឬប្រាក់ខែដែល​នៅ​សល់ពីនិយោជកសម្រាប់ពលការិនី ដោយសារនាង​ពុំចងចាំឈ្មោះនិងអាស័យដ្ឋាន​ទាក់ទងរបស់​និយោជកខ្លួនឡើយ ។

ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ព្រមទាំងបានឧបត្ថម្ភ​សំបុត្រយន្តហោះ កន្លែងស្នាក់នៅ អាហារបរិភោគ និងថវិកាមួយចំនួន ដល់ពលការិនី អំឡុងពេលរង់ចាំ ត្រឡប់មកកម្ពុជាវិញ។

ពលការិនី ..បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង០៧:៥០ នាទីព្រឹក តាមជើងយន្តហោះ AK536

             ភ្នំពេញ, ថ្ងៃទី​ ១៦ ខែ មករា ឆ្នាំ ២០១៧