ដំណឹង

  • ខែ​មករា 17, 2017

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឲ្យឯកឧត្តម Jang Yun Gon ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧​ វេលាម៉ោង​១០:០០ ព្រឹក នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរ​ទេស និង​សហ​​ប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូតវិសាមញ្ញ ​និងពេញសមត្ថភាពរបស់សាធារណរដ្ឋប្រជាមានិតប្រជា-ធិបតេយ្យកូរ៉េ​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប​សម្ដែងការគួរសម ​និងពិភាក្សាការងារ។

ដោយនេះជាជំនួបផ្លូវការលើកដំបូង ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​​​ ប្រាក់ សុខុន បានសំដែងនូវការ​ស្វាគមន៍ ​និងការអបអរសាទរ ចំពោះការតែងតាំងរូបឯកឧត្តម​ Jang Yun Gon ជាឯកអគ្គ​រដ្ឋទូត ប្រចាំនៅកម្ពុជា។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ​ដែល ត្រូវបានកសាងឡើងដោយព្រះករុណា ”ព្រះបរមរតនកោដ្ឋ” ព្រះមហាវីរក្សត្រកម្ពុជា​ ជាមួយនឹង       ឯកឧត្តមសេនាប្រមុខ គីម ​អ៊ីលស៊ុង អតីតថ្នាក់ដឹកនាំកំពូលរបស់ស.ប.បកូរ៉េ ​និងបានគូសបញ្ជាក់​ពីបំណង​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ក្នុងការបន្តរក្សានូវទំនាក់ទំនងដ៏ល្អ​រវាងប្រទេសទាំងពីរ។ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ បានអះអាង​ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសហការ និងការគាំទ្រដល់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា​ឲ្យប្រព្រឹត្តទៅ​ដោយ​​​​រលូន​និង​ជោគជ័យ។

ឯកឧត្តម Jang Yun Gon បានរំលឹកឡើងវិញពីចំណងទាក់ទងរវាងប្រទេសទាំងពីរ ដោយបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពនេះ និងបានលើកឡើងថា ​​ពិតមែនតែសភាពការណ៍នៅលើ ពិភព​​លោកមានការប្រែប្រួល ប៉ុន្តែទំនាក់ទំនង​រវាងកម្ពុជា ​និងស.ប.បកូរ៉េ នៅតែមានលក្ខណៈល្អដដែលពុំមានអ្វីផ្លាស់ប្ដូរឡើយ។

ឯកឧត្តម Jang Yun Gon បានជំរាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំស.ប.ប.​កូរ៉េ ក្នុងការបន្តថែរក្សា​និងពង្រីកទំនាក់ទំនងជាមួយព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ​ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ​ក្នុងការបំពេញភារកិច្ចរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តម​នឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនេះ។

នៅក្នុងឱកាសនោះ​ដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជំរាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី ​ដោយ ត្រួសៗ អំពីសមិទ្ធិផលដែលរដ្ឋាភិបាលស.ប.បកូរ៉េសម្រេចបាននៅក្នុងការកសាងប្រទេសជាតិ​ខ្លួន  ​ហើយ​​​និងអំពីសភាពការណ៍នៅស.ប.ប.​កូរ៉េ ​និងនៅឧបទ្វីបកូរ៉េទាំងមូល​។ ឯកឧត្តមឯកអគ្គរដ្ឋទូត បាន​គូស​បញ្ជាក់​​អំពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលស.ប.ប.​កូរ៉េក្នុងការប្រកាន់ខ្ជាប់នូវការបង្រួប​បង្រួមប្រទេសកូរ៉េ​ទាំងពីរដោយសន្តិវិធី​ ហើយស.ប.ប.កូរ៉េបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការ​ជួបចរចាដោយ​ផ្ទាល់​ជាមួយនឹងសាធារណរដ្ឋកូរ៉េ លើការបង្រួបបង្រួមប្រទេសកូរ៉េទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តី បានឯកភាព​​ចំពោះ​ការវាយតម្លៃរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ស្តីពីទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បាន​​សម្តែងនូវ​​ការវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល ដែលរដ្ឋាភិបាលស.ប.ប.កូរ៉េ សំរេចបាននៅក្នុង​​ការកសាងប្រទេស​ជាតិខ្លួនក្នុងរយៈ​កាល​កន្លង​​មកនេះ។

ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានតាមដាន​យ៉ាងយកចិត្តទុកដាក់ ចំពោះការ​វិវត្តន៍​​នៃសភាពការណ៍នៅឧបទ្វីបកូរ៉ និងបាន​​​លើកឡើងអំពីការគាំទ្ររបស់កម្ពុជា ចំពោះ​ការប្តេជ្ញាចិត្ត​របស់ស.ប.ប.កូរ៉េ​​ក្នុងការជំរុញឲ្យមានការបង្រួបបង្រួមនៃប្រទេសកូរ៉េទាំងពីរដោយសន្តិវិធី។ ចំពោះការប្រឈមនឹងអ្វីដែលស.ប.ប.កូរ៉េ​ ចាត់ទុកថាជាការគំរាមកំហែងពីខាងក្រៅ  ឯកឧត្តម​​ទេសរដ្ឋមន្រ្តី​  ក៏បានលើកឡើងពីបទពិសោធន៍របស់កម្ពុជា ហើយយល់ថា ដំណោះស្រាយ​ត្រូវ​ធ្វើ​ឡើងដោយសន្តិវិធី តាមរយៈការចរចា ពុំមែនតាមរយៈការប្រឈមមុខដាក់គ្នា និងប្រើប្រាស់កម្លាំងឡើយ។

ទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បាន​ពន្យល់ថា ដោយ​ព្រះរាជាណាចក្រ    កម្ពុជា ​ជាសមាជិកមួយរបស់អង្គការសហប្រជាជាតិ ដូច្នេះកម្ពុជាចាំបាច់ត្រូវគោរព​និងអនុវត្តទៅតាមសេចក្តីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីអំពីការសាកល្បងអាវុធនុយក្លេអ៊ែរ របស់ស.ប.ប.កូរ៉េ ​។

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ​ និងស្និទ្ធស្នាល។

 ភ្នំពេញ ថ្ងៃទី​១៨ ​ខែ មករា  ឆ្នាំ​២០១៧