សេចក្តីប្រកាសព័ត៌មាន

  • ខែ​មករា 17, 2017

ស្ថានទូតកម្ពុជានៅប្រទេសជប៉ុន ជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍​​ ដល់ស្ត្រីខ្មែររងគ្រោះចំនួន៧នាក់

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយអាជ្ញារមានសមត្ថកិច្ចខេត្ត Gunma ប្រទេសជប៉ុន បានជួយសង្រ្គោះ និងរៀបចំមាតុភូមិនិវត្តន៍ដល់ស្រ្តីខ្មែរចំនួន៧នាក់ ដែលរងគ្រោះដោយ​ការជួញដូរផ្លូវភេទ ក្រោយ​ពីមានការផ្តល់ព័ត៌មានផ្ទាល់ពីស្រ្តីរងគ្រោះ​ទៅកាន់ទំព័រហ្វេសប៊ុក​របស់​ស្ថានទូត។

ស្រ្តីរងគ្រោះទាំង៧នាក់ (២នាក់មកពីភ្នំពេញ ២នាក់ពីខេត្តព្រៃវែង ម្នាក់ពីខេត្តពោធិ៍សាត់ ម្នាក់ពីខេត្តកំពង់ស្ពឺ និងម្នាក់ទៀតពីខេត្តតាកែវ) ត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅដល់ប្រទេសជប៉ុន កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការរៀបចំឯកសារសុំទិដ្ឋាការ និងសំបុត្រយន្តហោះ ពី​បុរស​ជនជាតិ​ជប៉ុនម្នាក់ ដែលជាម្ចាស់ភោជនីយដ្ឋានមួយនៅក្នុងខេត្ត Gunma ។ បុរសនោះ បានសន្យា​ផ្តល់ការងារ​ធ្វើនៅភោជនីយដ្ឋានរបស់ខ្លួន ដល់ស្រ្តីរងគ្រោះជាមួយនឹងប្រាក់ខែខ្ពស់ តែផ្ទុយទៅវិញ បាន​គំរាម​កំហែង និងបង្ខំអោយស្រ្តីរងគ្រោះ បំរើសេវាផ្លូវភេទដល់ភ្ញៀវនៅភោជនីយដ្ឋានទៅវិញ និង​មិន​បានផ្តល់ប្រាក់​បៀវត្ស​​ឡើយ។

ភ្លាមៗ បន្ទាប់ពីទទួលបានសំណើពីសាម៉ីខ្លួន ស្ថានទូតបានអន្តរាគមន៍ជួយស្រ្តីរងគ្រោះទាំង៧នាក់ និងនាំពួកគេទៅស្នាក់នៅស្ថានទូតជាបណ្តោះអាសន្ន ដោយផ្តល់អាហារបរិភោគ សេវាថែទាំសុខភាព និង សម្ភារៈប្រើប្រាស់ចាំបាច់ដទៃទៀតផងដែរ។

ស្ថានទូតក៏បានបំពេញកិច្ចការមួយចំនួនទៀត ដើម្បីការពារប្រយោជន៍ដល់ស្រ្តីរងគ្រោះ ដូចជា៖

– សហការជាមួយនគរបាលខេត្ត Gunma សាកសួរព័ត៌មានពីស្រ្តីរងគ្រោះ ដើម្បី​រៀបចំ​សំណុំ​ឯកសារ​បញ្ជូនទៅតុលាការ និងស្វែងរកជនសង្ស័យនិងអ្នកពាក់ព័ន្ធ មកផ្តន្ទាទោសតាម​ច្បាប់​។

– ស្វែងរកក្រុមមេធាវីស្ម័គ្រចិត្ត ដើម្បីប្តឹងទៅតុលាការ ជួយទាមទារប្រាក់ខែដែលជនសង្ស័យ ​សន្យា​ផ្តល់អោយ និងទាមទារប្រាក់ជំងឺចិត្តជូនស្រ្តីរងគ្រោះ។

– ស្នើសុំអោយអង្គការអន្តរជាតិទេសសន្តរប្រវេសន៍ (IOM) ជួយដោះស្រាយសំបុត្រយន្តហោះ ជូន​ស្រ្តីរងគ្រោះទាំង៧នាក់ និងបន្តគាំពារពួកគេពេលមកត្រឡប់មកដល់កម្ពុជាវិញ។ IOM បាន ឯកភាពតាមសំណូមពររបស់ស្ថានទូត។

ដោយសារបញ្ហាសុខភាព ស្រ្តីរងគ្រោះម្នាក់ បានស្នើសុំត្រឡប់មកកម្ពុជាមុន ហើយបានមកដល់​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៩:៣៥នាទី។

ដោយឡែក ស្រ្តីរងគ្រោះ៦នាក់ផ្សេងទៀត នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃ ទី១៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៩:៣៥នាទី ក្រោយបញ្ចប់ការសាកសួរពីសំណាក់អាជ្ញាធរខេត្ត Gunma មន្រ្តីអន្តោប្រវេសន៍ ក្រុមមេធាវី និងមន្រ្តីអង្គការIOM ៕

             ភ្នំពេញ, ថ្ងៃទី​ ១៧ ខែ មករា ឆ្នាំ ២០១៧