ព័ត៌មាន

  • ខែ​មករា 17, 2017

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឲ្យឯកឧត្តម Francisco Vaz Patto Portugal ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៧​ វេលាម៉ោង​១៦:០០នាទី នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ការបរ​ទេស និង​សហ​​ប្រតិបត្តិការអន្តរជាតិ បាន​អនុញ្ញាត​​ឲ្យឯកឧត្តម Francisco Vaz Patto ឯកអគ្គរដ្ឋទូតវិសាមញ្ញ ​និងពេញសមត្ថភាពរបស់​ប្រទេស​ព័រទុយហ្គាល់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួប​សម្ដែងការគួរសម ​និងពិភាក្សាការងារ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៌យ៉ាងកក់ក្តៅហើយនិងការអបអរ​សាទរ​ចំពោះការតែងតាំងរូបឯកឧត្តម Francisco Vaz Patto ជាឯកអគ្គរដ្ឋទូតប្រចាំនៅ​ព្រះរាជាណា​ចក្រកម្ពុជា ហើយឯកឧត្តមក៏បានអះអាងជូនឯកឧត្តមឯកអគ្គរដ្ឋទូតថា ក្រសួងការបរទេសនិង​  សហ​​​ប្រតិបត្តិការអន្តរជាតិ ក៏ដូចជាឯកឧត្តមផ្ទាល់ នឹងផ្តល់នូវការគាំទ្រចំពោះការបំពេញភារកិច្ច​ការងារ​របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ឲ្យប្រព្រឹត្តិទៅដោយរលូន​និងជោគជ័យ​។

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតព័រទុយហ្គាល់ បាន​ពិភាក្សា​ផ្លាស់ប្តូយោបល់គ្នាពាក់ព័ន្ធនឹងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ច​សហប្រតិ​បត្តិ​ការ​​​​រវាងប្រទេសទាំងពីរ​។

នៅក្នុងទំនាក់ទំនងមិត្តភាពរវាងប្រទេស​ទាំងពីរ ឯកឧត្តមទេសរដ្ឋមន្រ្តី បាន​លើក​ឡើង​អំពី​ចំណ​ង​ទាក់ទងរវាងប្រទេស​ទាំងពីរដែលបានកើតឡើងតាំងពីរយូរលង់មកហើយ គឺ​ចាប់​តាំង​ពីពេល​ដែល​​ពាណិជ្ជករ និងបេសកជនផ្សាយសាសនាគ្រឹស្តរបស់ប្រទេសព័រទុយហ្គាល់ បានធ្វើដំណើរ​មក​ដល់ព្រះ​រាជាណា​ចក្រ​កម្ពុជា​តាំងពីសតវត្សទី​១៥​ ហើយដែលប្រវត្តិសាស្ត្រកម្ពុជាក៏បាន​កត់ត្រាថា អ្នក​​ជំនួញ​​​ជនជាតិព័រទុយ​ហ្គាល់​​គឺជាជនបរទេសនៅអឺរ៉ុបដំបូងបំផុត ដែលបានធ្វើដំណើរមកដល់​ព្រះ​រា​ជា​ណាចក្រកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសំដែងមនោសញ្ចេតនារីករាយចំពោះ​ចំណង​ទាក់​ទង​ដ៏យូរ​លុងរវាង​ប្រជាជន នៃប្រទេសទាំងពីរ​។

នៅលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឯកឧត្តមទេសរដ្ឋមន្រ្តី បានកត់សំគាល់ដោយពេញចិត្ត​ចំពោះ​និន្នាការកើនឡើង​ក្នុងបរិមាណ​នៃការ​ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានស្នើ​ឯក​​-ឧត្តម​​ឯកអគ្គរដ្ឋទូតពិនិត្យលទ្ធភាព​ក្នុងការ​ស្វែង​រកកាលានុវត្តភាព ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់​ទំនង​ផ្នែក​​សេដ្ឋកិច្ច​រវាង​ប្រទេស​​ទាំងពីរ ពិសេសគឺការជំរុញអោយធុរៈកិច្ចជន ពាណិជ្ជករ និងវិនិ​យោ-​គិន​​របស់​ព័រទុយ​ហ្គាល់​​​ចូលមកវិនិយោគនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បាន​ជំរាប​ជូ​ន​ឯកឧត្តមទេស​រដ្ឋមន្រ្តី ​​អំពី​ការបើកឡើងនូវការិយាល័យពាណិជ្ជកម្ម​អមស្ថានទូត​ព័រទុយ​ហ្គាល់​នៅ​ទី​ក្រុង​បាងកក  ហើយ​បានអះអាងថា ការិយាល័យ​​ពាណិជ្ជកម្មនេះ នឹង​ពិនិត្យ​ផងដែរនូវ​កាលា​​នុវត្ត​ភាព សំរាប់​ការ​ជំរុញ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​​​ប្រទេស​ព័រទុយហ្គាល់ និង​ប្រទេ​ស​កម្ពុជា​​ផង​ដែរ​។

ក្នុងន័យនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានស្របទស្សនៈ​គ្នា​ពី​ភាពចាំបាច់​ក្នុងការ​រៀបចំ​​ឲ្យមានជាវេទិការធុរៈកិច្ចរវាងប្រទេសទាំងពីរ ដើម្បីឲ្យធុរៈកិច្ចជន និង​វិនិយោគិន បា​នជួបពិភាក្សាគ្នាក្នុងការស្វែងរកកាលានុវត្តភាព សំរាប់ជំរុញទំនាក់ទំនងផ្នែកធុរៈកិច្ច​​រវាង​​ប្រទេសទាំងពីរ។

 នៅក្នុងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជំរាបជូន​ឯកឧត្តមឯកអគ្គរដ្ឋទូតអំពីការត្រៀមលក្ខណៈរបស់កម្ពុជាធ្វើជាប្រទេសម្ចាស់ផ្ទះ​​សំរាប់កិច្ចប្រជុំ«វេទិកា​​សេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន»  ដែលនឹង​ប្រព្រឹត្តទៅនៅក្នុងខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ  ហើយ​ឯកឧត្តមក៏បានគូស​បញ្ជាក់​ថា នេះគឺឱកាសដ៏ល្អមួយសំរាប់​ធុរៈកិច្ចជន​ និងវិនិយោគិន របស់​ព័រទុយហ្គាល់​ចូលមកពិនិត្យអំពីលទ្ធ​ភាពនៃការវិនិយោគ​​នៅព្រះរាជាណាច​ក្រ​កម្ពុជា។ ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត បានសន្យាថានឹងពាំនាំនូវការអញ្ជើញរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី​ទៅជូន​​ធុរៈកិច្ចជន​របស់​ព័រទុយហ្គាល់ដើម្បីចូលរួមក្នុងវេទិកាដ៏សំខាន់នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានឆ្លៀតឱកាសនេះ លើកឡើងអំពីគុណភាពដ៏ល្អរបស់អង្ករកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់ជាអង្ករល្អលើពិភពលោក និងបាន​ស្នើ​ឲ្យ​ព័រទុយហ្គាល់បង្កើនកា​រ​នាំចូល​អង្ករកម្ពុជា ដើម្បីជាការជួយដល់វិស័យកសិកម្មកម្ពុជា។

លើផ្នែកកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ​ ឯកឧត្តមទេសរដ្ឋមន្រ្តី​ និង​ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផ្លាស់ប្តូយោបល់គ្នាអំពីការជំរុញ​អោយមានការចុះ​ហត្ថ​លេខា​បានឆាប់រហ័សលើអនុស្សារណៈស្តីអំពីការបង្កើតឡើងនូវក្បាលម៉ាស៊ីននៃការជួបពិគ្រោះជាប្រចាំរវាងក្រសួងការបរទេស​ទាំងពីរ ហើយបានឯកភាពគ្នាក្នុងការប្រើប្រាស់ក្បាលម៉ាស៊ីន​នេះ​ សំរាប់ការជួប​ពិភាក្សា​អំពីកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យរវាង​ប្រទេស​ទាំងពីរ​។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាដែរ​លើកិច្ចសហ​ប្រតិបត្តិ​កា​រផ្នែកវប្បធម៌ ហើយបានឯកភាពគ្នាឲ្យមានការពិចារណាអំពីការផ្លាស់​ប្តូរ​ទៅវិញទៅមកផ្នែកនិស្សិត និងគ្រូបង្រៀន​រវាងប្រទេសទាំងពីរ ​ហើយក្នុងនោះ​ក៏មានការសិក្សាភាសាព័រទុយហ្គាល់ផងដែរ និង​បាន​ចាត់ទុកថា​នោះគឺជាវិធានការដ៏ល្អមួយក្នុងការពង្រឹងទំនាក់ទំនងផ្នែក​វប្បធម៌​​រវាងប្រទសទាំងពីរ។

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ​ និងស្និទ្ធស្នាល។

  ភ្នំពេញ ថ្ងៃទី​ ២៣ ​ខែ មករា ឆ្នាំ​២០១៧