សេចក្តីប្រកាសព័ត៌មាន

  • មករា ២៦, ២០១៧

មាតុ​ភូមិ​និវត្តន៍​របស់​ពល​រដ្ឋ​ខ្មែរ​រង​គ្រោះ​១៦​នាក់​ ពី​ប្រទេស​ឥណ្ឌូ​នេស៊ី ​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី សហការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី និងអង្គការ​ អន្តរជាតិ​ទេសន្តរប្រវេសន៍(IOM) បានរៀបចំមាតុភូមិនិវត្តន៍ ជូនពលរដ្ឋខ្មែររងគ្រោះចំនួន​១៦នាក់ (ក្នុង​ចំណោម​១៨នាក់) ដែលជាពលករ​លើ​ទូក​នេសាទឈ្មោះ KM.JHF 6525 T  បន្ទាប់ពីពួកគេ​ត្រូវបាន​​ឃាត់ខ្លួនមួយ​រយៈ​នៅការិយាល័យអន្តោប្រវេសន៍ប្រចាំទីក្រុង Tanjung Pinang ប្រទេសឥណ្ឌូនេស៊ី និង​ក្រោយ​ពីស្ថានទូត​និងអង្គការ​IOM បាន​បញ្ចប់ការសាកសួរ ដើម្បីកំណត់អត្តសញ្ញាណ រួចមក។

ពលរដ្ឋខ្មែររងគ្រោះទាំង១៦នាក់ ត្រូវមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមការរៀបចំ និងកាលបរិច្ឆេទដោយឡែកពីគ្នា ដូចខាងក្រោម៖

– ក្រុមទី១ មានចំនួន៨នាក់ បានមកដល់នៅថ្ងៃទី២៤ មករា ឆ្នាំ២០១៧ វេលាម៉ោង១៩:៣៥ នាទី

– ក្រុមទី២ មានចំនួន៨នាក់ នឹងមកដល់នៅថ្ងៃទី៣០ មករា ឆ្នាំ២០១៧ វេលាម៉ោង១៩:៣៥ នាទី។

ក្រៅពីនេះ តាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី កំពុងទាមទារប្រាក់ខែនិងផលប្រយោជន៍ផ្សេងៗទៀតពីម្ចាស់ទូកនេសាទ ជូន​ពលករខ្មែរទាំង១៨នាក់ផងដែរ។ ពលករទាំងអស់មានសុខភាពល្អធម្មតា ទទួលបានកន្លែង​ស្នាក់​នៅ​​សមរម្យ និងអាហារបរិភោគគ្រប់គ្រាន់ អំឡុងពេល​ជាប់ឃុំនៅការិយាល័យ​អន្តោប្រវេសន៍​ប្រចាំ​ទីក្រុង Tanjung Pinang

សូមរំលឹកថា ពលរដ្ឋខ្មែរទាំង១៨នាក់ មានអាយុចន្លោះពី១៧ឆ្នាំទៅ៥៨ឆ្នាំ មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពត និងកំពង់ធំ បានចូលក្នុងប្រទេសថៃ នៅចុងខែមិថុនា ឆ្នាំ២០១៦ ស្នាក់នៅ​ក្នុងខេត្ត​ប៉ាតានី ជាមួយមិត្តភក្តិនិងបងប្អូន ហើយបន្ទាប់មក ត្រូវបានម្ចាស់ទូកនេសាទនាំទៅនេសាទនៅខេត្ត Endau ប្រទេសម៉ាឡេស៊ី។ ម្ចាស់ទូកនេសាទ បានសន្យាជាមួយពួកគាត់ថា នឹងផ្តល់ប្រាក់ខែយ៉ាងតិច៥ពាន់បាត ក្នុង​១ខែ ឬច្រើន​ជាងនេះ ប្រសិនបើរកត្រីបានច្រើន និងធ្វើការនេសាទនៅក្នុងដែនសមុទ្រ​ម៉ាឡេស៊ីតែ​   ​​ប៉ុណ្ណោះ​។ ពួកគេត្រូវ​ធ្វើការ​យ៉ាងតិច១៥ម៉ោងក្នុង១ថ្ងៃ ហើយការសម្រាកនិងអាហារបរិភោគ មិនបានគ្រប់​គ្រាន់​ឡើយ។  ក្រោយ​​ពីនេសាទបានជាង២០ថ្ងៃ ទូកនេសាទដែលមានឈ្មោះ KM.JHF 6525 T នោះ បាន ​ចូលនេសាទដោយគ្មានការ​អនុញ្ញាត​ក្នុងដែនទឹកឥណ្ឌូនេស៊ី រួចត្រូវបាន​ឃាត់​​ដោយឆ្មាំសមុទ្រ​ឥណ្ឌូនេស៊ី។

នៅថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ ពលករខ្មែរទាំង១៨នាក់ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ី​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ការិយាល័យ​​អន្តោ​​ប្រវេសន៍ Immigration Class III Tarempa ប្រចាំកោះRiau។ បន្ទាប់មក នៅថ្ងៃទី២៧ ខែ​តុលា ឆ្នាំ២០១៦ ពលករខ្មែរចំនួន១៦នាក់ (ក្នុងចំណោម១៨នាក់) ត្រូវបាន​បញ្ជូន​បន្តទៅការិយាល័យអន្តោប្រវេសន៍ប្រចាំទីក្រុង Tanjung Pinang តាមសំណើសុំរបស់ស្ថានទូត និង​អង្គការIOM ដើម្បីសម្រួលក្នុងការធ្វើដំណើរទៅសម្ភាសនិងកំណត់​អត្តសញ្ញាណ ខណៈដែលពលករ​២នាក់​​ផ្សេង​ទៀត ត្រូវបានការិយាល័យ​អន្តោប្រវេសន៍​ប្រចាំកោះ Riau  ស្នើទុកសម្រាប់ធ្វើជាសាក្សី ដើម្បី​កាត់ទោស​​ម្ចាស់ទូកនេសាទ។ ចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ តំណាងស្ថានទូត​និង​អង្គការ IOM  បានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយពលករខ្មែរទាំង១៦នាក់ និងកំណត់បានថា ពួកគេ​ពិតជា​ជន​​រងគ្រោះជនជាតិខ្មែរ ប្រាកដមែន។

ចំណែកពលរដ្ឋខ្មែររងគ្រោះ២នាក់ផ្សេងទៀត ត្រូវបានសម្ភាសនិងកំណត់អត្តសញ្ញាណរួចហើយ រង់ចាំការត្រឡប់មកកម្ពុជាវិញក្នុង​ពេល​​ឆាប់ៗ​ខាងមុខនេះ ក្រោមការសម្របសម្រួលរបស់ស្ថានទូត អាជ្ញាធរ ឥណ្ឌូនេស៊ី  និងអង្គការIOM នៅទីក្រុងហ្សាកាតា៕

               ភ្នំពេញ, ថ្ងៃទី ​២៥ ខែ មករា ឆ្នាំ ២០១៧