សេចក្តីប្រកាសព័ត៌មាន

  • មករា ៣១, ២០១៧

សុន្ទ​រក​​ថា​របស់​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ ប្រាក់ ​សុខុន​ ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​ លើ​ «កិច្ច​សម្រប​សម្រួល​ក្រប​ខ័ណ្ឌ​ ស្តី​ពី​កា​​រ​ផ្តល់​ឥណទាន​សម្បទាន​នៃ​មូល​និ​ធិ​សហ​ប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច» ​និង «​កិច្ច​សម្រប​សម្រួល​ ស្តី​ពី​ការ​ផ្តល់​ឥណ​ទាន​សម្ប​ទាន សម្រាប់​​គម្រោង​លើក​កម្ពស់​គុណ​ភាព​ផ្លូវ​ជាតិ ​លេខ​៤៨» ​ថ្ងៃ​ទី ​៣១​ ខែ​មករា ​ឆ្នាំ​២០​១៧។

ឯកឧត្តម គីម វ៉ន ជីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ភ្ញៀវកិត្តិយស អស់លោក លោកស្រី

ថ្ងៃនេះ ឯកឧត្តម គីម វ៉ន​ ជីន តំណាងឲ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងរូបខ្ញុំ ជំនួសមុខឲ្យ រាជរដ្ឋាភិបាលកម្ពុជា ទើបតែបានចុះហត្ថលេខាលើឯកសារសំខាន់ចំនួនពីរ គឺៈ

 ១- កិច្ចសម្របសម្រួលក្របខ័ណ្ឌ «ស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិ​-
បត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០១៦ ដល់ ២០១៨» ដែលមានទឹកប្រាក់ចំនួន៣៥០ លានដុល្លារអាមេរិក និង

២- កិច្ចសម្របសម្រួល «ស្តីពីការផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងលើកកម្ពស់គុណ​ភាព​ផ្លូវជាតិ លេខ៤៨» ដែលមានទឹកប្រាក់ចំនួន ៦៧.៤៣៤.០០០ ដុល្លារអាមេរិក។

 មូលនិធិកិច្ចសម្របសម្រួលក្របខ័ណ្ឌនេះ នឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ គម្រោងអាទិភាពនានា លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សុខភាព ផ្លូវជនបទ និងប្រព័ន្ធលូបង្ហូរទឹក។ គួរកត់សំគាល់ជាសំខាន់ថា កិច្ចសម្របសម្រួលក្របខ័ណ្ឌនេះ គឺមានភាពស្របគ្នាយ៉ាង ល្អជាមួយវិស័យអាទិភាពនានា ដូចដែលបានកំណត់ឡើងដោយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣។

ចំពោះការសម្របសម្រួលដ៏ទៃផ្សេងទៀត គម្រោងនឹងត្រូវប្រើប្រាស់ដើម្បីធ្វើឲ្យប្រសើរឡើង ផ្លូវជាតិលេខ៤៨ ដែលលាតសន្ធឹងពីស្រុកស្រែអំបឹលទៅកាន់ខេត្តកោះកុង។ ការធ្វើឲ្យប្រសើរឡើងនេះ នឹងសម្រួលថែមទៀតដល់ការធ្វើដំណើររបស់ប្រជាជន ក៏ដូចជាទំនិញនៅតំបន់ភាគខាងត្បូង នៃប្រទេសកម្ពុជា។

ខ្ញុំសូមធ្វើការបញ្ជាក់ផងដែរថា ប្រាក់កម្ចីនៃកិច្ចសម្របសម្រួលរបស់មូលនិធីសហប្រតិបត្តិ-ការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០១៦ដល់២០១៨ មានកំណើនលើសពីរដង ពីកិច្ចសម្របសម្រួលក្របខ័ណ្ឌកន្លងមក (២០១៣-២០១៦) ដែលមានចំនួន២០០លានដុល្លារអាមេរិក។ ការកើនឡើងនេះគឺជាសក្ខីកម្មនៃការបន្តប្តេជ្ញាចិត្ត និងការគាំទ្ររបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការធ្វើឲ្យប្រសើរឡើងដល់សុខមាលភាពប្រជាជន។

ខ្ញុំសូមរំលឹកឡើងវិញថា ពីឆ្នាំ២០០១ ដល់ ២០១៦ សាធារណរដ្ឋកូរ៉េបានផ្តល់ប្រាក់កម្ចីពី មូលនិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ ដល់កម្ពុជាមានចំនួនប្រហែល ៥៣៥លានដុល្លារអាមេរិក  សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំនួន១៧។

ឆ្លៀតឱកាសនេះ ជំនួសមុខឲ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងស្មោះ ស្ម័គ្រដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ចំពោះការគាំទ្រដល់ការអភិវឌ្ឍកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូត គីម វ៉ន ជីន ចំពោះកិច្ចប្រឹងប្រែង និងការរួមចំណែក របស់ឯកឧត្តមដល់ការជម្រុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទេ្វភាគីរបស់យើង។

ឆ្នាំនេះ ប្រទេសទាំងពីរនឹងប្រារព្វខួបអនុស្សាវរីយ៌លើកទី២០នៃទំនាក់ទំនង ការទូត ហើយខ្ញុំមានជំនឿចិត្តរឹងមាំថា ជាមួយកិច្ចប្រឹងប្រែងរួមរបស់យើង យើងអាចពង្រឹងថែមទៀតនូវទំនាក់ទំនង​ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការផ្លែផ្កាសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសនិងប្រជាជនយើងទាំងពីរ។

            សូមអរគុណ