ដំណឹង

  • ខែ​កុម្ភៈ 9, 2017

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឲ្យលោកស្រី Lene Kroll Christiansen ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧​ វេលាម៉ោង​១០:០០ នៅទីស្តីការក្រសួង ឯកឧត្តម         ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរ​ទេស និង​សហ​​ប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យ លោកស្រី  Lene Kroll Christiansen តំណាងថ្មីរបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន​(UNFPA) ប្រចាំនៅព្រះ​​​រា​ជាណាចក្រកម្ពុជា ចូលជួប​សម្ដែងការគួរសម ​និង​ពិភាក្សាការងារ។

ជាបឋមលោកស្រី  Lene Kroll Christiansen បានប្រគល់ជូន ឯកឧត្តម​ទេស​រដ្ឋមន្រ្តី នូវ ​លិខិតរបស់អង្គការ UNFPA តែងតាំងលោកស្រី ជាតំណាងថ្មីនៅកម្ពុជា ។

ក្នុងឱកាសនេះ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ​បានសម្តែងការអបអរសាទរ និងការស្វាគមន៍យ៉ាង​កក់ក្តៅ​​ចំពោះការចូល​កាន់​តំ​ណែងរបស់លោកស្រី Lene Kroll Christiansen នៅកម្ពុជា។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះបទពិសោធន៍របស់​លោកស្រី​ឆ្លងតាមការបំពេញការងារនៅ​ទី​-ស្នាក់​ការ​កណ្ដាលរបស់ UNFPA នៅទីក្រុងញីវយ៉ក ហើយនិងជាតំណាងរបស់​ UNFPA នៅ ប្រទេស​​ Yemen, Sri Lanka, Maldives​ និងបានគូសបញ្ជាក់ថា ជាមួយបទពិសោធន៍​ទាំងនេះ លោកស្រីនឹងសម្រេច​បានដោយជោគជ័យ ក្នុងការ​បំពេញ​ការងារជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋ​ កម្ពុជា។ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីការរួមវិភាគទានដ៏សកម្មរបស់តំណាង UNFPA មុននេះ ក្នុងការអនុវត្តនូវបណ្តាគម្រោងនានា ក្រោមការជួយឧបត្ថម្ភរបស់អង្គការនេះ​ ។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា​ចំពោះការ​ជួយឧបត្ថម្ភគ្រប់បែបយ៉ាងរបស់អង្គការUNFPA ចាប់តាំង​ពីការ​បង្កើតការិយាល័យរបស់ អង្គការនេះ ​នៅកម្ពុជា ក្នុងឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ​ និងបានវាយតម្លៃខ្ពស់ចំពោះ ការរួមចំណែករបស់អង្គការ UNFPA ក្នុងការអនុវត្តនូវគោលដៅអភិវឌ្ឍន៍សហស្សវត្ស (MDGs) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព ​(SDGs) នាពេលបច្ចុប្បន្ននេះ។​

លោកស្រី Lene Kroll Christiansen  បានសំដែងនូវក្តីរីករាយចំពោះការតែងតាំង​លោកស្រី​អោយ​មកបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា ហើយលោកស្រីក៏បាន​គូសបញ្ជាក់​អំពីការ​ចាប់​អារម្មណ៍​របស់​​លោកស្រី ចំពោះការរីកចំរើនលើគ្រប់វិស័យនៅ​កម្ពុជា ពិសេសអំពីជីវភាព រស់​នៅពោរពេញ​ដោយ​សន្តិភាព សុវត្ថិភាព និងសន្តិសុខដ៏ល្អប្រសើរនៅប្រទសកម្ពុជា។

លោកស្រី បានជំរាបជូន ឯកឧត្តម​ទេស​រដ្ឋមន្រ្តីថា នៅក្នុងការបំពេញការងាររបស់លោកស្រី នៅកម្ពុជា លោកស្រីនឹងផ្តោតជាសំខាន់ទៅលើការ​ជួយ​ដល់ស្ត្រី​ និងការអនុវត្តនូវគំរោងផ្សេងៗ ដែលជាគុណប្រយោជន៍ដល់ប្រជាជនកម្ពុជា។ លោកស្រីបាន​សំដែងនូវការពេញចិត្តចំពោះ​លទ្ធ​ផល​ដែលទទួលបានក្នុងកិច្ចសហប្រតិបត្តិការរវាងអង្គការUNFPA ជាមួយបណ្តាក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​នៃ​​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវគម្រោងជំនួយឧបត្ថម្ភរបស់អង្គការ UNFPA នៅ​កម្ពុជា​ ពិសេសការរីកចំរើននៅក្នុងការ​កាត់បន្ថយអត្រា​មរណៈ​ក្នុងពេលសំរាលបុត្រ។

លោកស្រី Lene Kroll Christiansen ក៏បានជំរាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីគម្រោង ជួយឧបត្ថម្ភរបស់អង្គការ UNFPA ចំពោះកម្ពុជា នាពេលកន្លងមក ក៏ដូចជាគម្រោងនាពេលបច្ចុប្បន្ន សំរាប់ឆ្នាំ ២០១៦ ដល់ ២០១៨ ហើយបានសំដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលត្រូវ​បាន​ចាត់​បញ្ចូល​​ទៅក្នុងក្រុមប្រទេសដែលមានចំណូលមធ្យមកំរិតទាប។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បានជំរាបជូនតំណាងUNFPA ពីការយកចិត្តទុកដាក់របស់​រាជរដ្ឋា-​ភិបាល​ចំពោះបញ្ហាដែលពាក់ព័ន្ធនឹងសុខុមាលភាពរបស់ប្រជាជន ​​ពិសេសគឺកិច្ចការនារី តាមរយៈ​ការ​លើកកំពស់សមភាពយេនឌ័រ​ ការផ្ដល់អំណាចដល់ស្រ្តី និងការប្រឆាំងនឹងអំពើហិង្សា​​លើស្រ្តី​ភេទ​។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់មូលនិធិប្រជាជន អង្គការសហប្រជាជាតិ ក្នុងការជួយអប់រំស្ដីពីសុខភាពផ្លូវភេទនិងការមានបុត្រតាមបំណងប្រាថ្នា ពិសេសក្នុងស្រទាប់យុវវ័យ។ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បានលើកអំពីបញ្ហាដែលកំពុងតែចោទមាន ឡើងនៅកម្ពុជា​ពាក់ព័ន្ធនឹងការពរពោះជំនួស​ ហើយបានគូសបញ្ជាក់អំពីការខិតខំរបស់បណ្ដាស្ថា-​ប័នពាក់ព័ន្ធកម្ពុជាដើម្បីទប់ស្កាត់​មិន​ឲ្យបុត្រដែលកើតមកតាមរយៈ​ការពរពោះ​ជំនួស​នេះ ក្លាយ​ជា​ជនរងគ្រោះ។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីការខិតខំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ បន្ថយអត្រាមរណៈក្នុងពេលសំរាលបុត្រ ពិសេស​គឺតាមរយៈការលើកទឹកចិត្តមាតាអោយទៅសំរាល បុត្រនៅតាមមន្ទីរសម្ភពនៃមណ្ឌលសុខភាពនានា​ ដែលមានសុវត្ថិភាពច្រើនជាងនៅផ្ទះ​ ហើយនិង ការកែលំអគុណភាពសេវា និងការផ្ដល់សេវា ដោយឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាពទាំងអស់នោះ។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពងាយស្រួលក្នុងការអនុវត្តផែនការគ្រួសារ នៅកម្ពុជា ដោយបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាមានការ​យល់ដឹង ​និងបានគ្រប់គ្រងដោយខ្លួនឯងនូវ ការមានបុត្រ តាមបំណងប្រាថ្នារបស់ខ្លួន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរាបជូន លោកស្រី Lene Kroll Christiansen ​អំពីការត្រៀម លក្ខណៈរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការជួយសំរួលដល់ការបំពេញ ភារកិច្ចការងាររបស់លោកស្រី នៅកម្ពុជា ។

          ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ​ និងស្និទ្ធស្នាល។

ភ្នំពេញ ថ្ងៃទី​ ១៣ ​ខែ កុម្ភៈ ឆ្នាំ​២០១៧