News

  • ខែ​កុម្ភៈ 14, 2017

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឲ្យលោកស្រី Wan Hea-Lee ចូលជួបពិភាក្សាការងារ

នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៧​ វេលាម៉ោង​១០:០០ នៅទីស្តីការក្រសួង ឯកឧត្តម            ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរ​ទេស និង​សហ​​ប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យលោកស្រី  Wan Hea-Lee តំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប ប្រចាំកម្ពុជា (OHCHR)  ចូលជួប​​ពិភាក្សាការងារ។

នៅក្នុងជំនួប ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បានគូសបញ្ជាក់ថា នេះគឺជាការជួបពិភាក្សាការងារលើកទីមួយ​ រវាងឯកឧត្តម​ ​ជាមួយ​លោកស្រី   Wan Hea-Lee    បន្ទាប់ពីមានការចុះហត្ថលេខា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ លើអនុស្សា​រណៈ​ (MOU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស សម្រាប់ការអនុវត្តកម្មវិធីសហប្រតិបត្តិការបច្ចេកទេសស្តីពីសិទ្ធិមនុស្ស (For the Implementation of a Technical Cooperation Programme on Human Rights) សម្រាប់រយៈពេល២ឆ្នាំ ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨។​ ឯកឧត្តម​ ក៏បានគូសបញ្ជាក់ពីគោលដៅនៃការពិភាក្សានេះគឺ  ផ្តោតទៅលើបែបបទ និងរបៀបធ្វើការទៅថ្ងៃមុខរបស់ការិយាល័យ ដើម្បីអនុវត្តដោយជោគជ័យនូវ MOU ដែល​បានចុះ​ហត្ថលេខា​​កន្លងមក​ថ្មីៗនេះ។

លោកស្រី Wan Hea-Lee បានគូសបញ្ជាក់ជូនឯកឧត្តម​ទេស​រដ្ឋមន្រ្តី អំពីបំណងរបស់ការិយាល័យ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការពង្រឹងទំនាក់​ទំនងការងារ​ជា​មួយ​​​​ក្រសួង/ស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋា​ភិបាលកម្ពុជា។ លោកស្រីក៏បានគូសបញ្ជាក់ថា ការិយា​ល័យ​ឧត្តម​​ស្នង​​​ការ​សិទ្ធិ​មនុស្ស​បានចាត់​ទុកថា ឆ្នាំថ្មីនេះគឺជាការចាប់ផ្តើមនៃដំណាក់កាលថ្មីមួយ នៃការពង្រឹងឡើង​វិញនូវ​កិច្ចសហប្រតិបត្តិការ និងជំនឿទុកចិត្ត​រវាង​​ការិយា​ល័យ​​​​ជាមួយរាជរដ្ឋាភិបាលកម្ពុជា​។ ក្នុងន័យនេះ លោកស្រីបានគូសបញ្ជាក់ពីបំណងរបស់ការិយា​ល័យ​ឧត្តម​​ស្នង​​​ការ​សិទ្ធិមនុស្ស ក្នុងការរៀប​ចំ​អោយមានការជួបពិគ្រោះគ្នាជាប្រក្រតី​ រវាងការិយា​ល័យ​​​​ជាមួយនិងក្រសួងការបរទេសនិងសហប្រតិបត្តិ​ការអន្តរជាតិ   ក៏ដូចជាការពង្រឹងទំនាក់​ទំនង​​ការងាររបស់ការិយាល័យ​ជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិ- បាលកម្ពុជា។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បានជំរាបជូនលោកស្រី Wan Hea-Lee អំពីជំហរជាគោលការណ៍របស់​ក្រសួងការបទេស​និង​សហប្រតិបត្តិការអន្តរជាតិ នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ​ក៏ដូច​ជាក្នុងការ​កសាង​នូវ​ការ​ជឿ​ទុកចិត្តគ្នាទៅវិញទៅ​​មក។ ឯកឧត្តម​ បាន​លើកឡើង​អំពី​​ការឯកភាពរបស់ឯកឧត្តម​ចំពោះ​បំណង​របស់ការិយា​​​​ល័យ​​​​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​ ក្នុងការរៀប​ចំ​អោយមានការ​ជួបពិគ្រោះ​គ្នា​ទៀង​ទាត់ រវាង​ការិយា​ល័យ​​​​ ជាមួយក្រសួងការបទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ហើយ​ឯកឧត្តមបានផ្តល់អនុសាសន៍ឲ្យភាគីទាំងពីរខិតខំឲ្យ​មាន​ជំនួបពិគ្រោះជាទៀងទាត់ លើមូលដ្ឋានរយៈពេលបីខែម្តង ទៅតាម​ភាពចាំបាច់នៃការងារ។ ឯកឧត្តមទេសរដ្ឋមន្ត្រី  ក៏បានគូសបញ្ជាក់ថាការជួបពិគ្រោះនេះ និងការធ្វើអោយបានប្រសើរជាងមុននូវទំនាក់ទំនងរវាងភាគីទាំងពីរ គឺជាមូលដ្ឋានសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងពេលអនាគត។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ក៏​បានគូសបញ្ជាក់ថា ការជួបពិគ្រោះគ្នារវាងភាគីទាំងពីរ នឹងចាប់ផ្តើមដោយកិច្ចប្រជុំមួយនាពេលឆាប់ៗនេះ រវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយា​ល័យ​​​​ឧត្តម​ស្នង​ការ​សិទ្ធិមនុស្ស ដែលក្នុងឱកាសនោះ ការិយាល័យនឹងជំរាបជូនរាជរដ្ឋាភិបាលកម្ពុជាពីគំរោងការងាររបស់ខ្លួនក្នុងឆ្នាំ២០១៧ ដែល​នោះគឺជាផែនការសកម្មភាពរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ដើម្បីជាគុណប្រយោជន៍ដល់ការលើក​ស្ទួយសិទ្ធិមនុស្សនៅកម្ពុជា។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងការជឿទុក​ចិត្ត​រវាងភាគីទាំងពីរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលឹកដល់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សឲ្យយកចិត្តទុក​ដាក់គោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ស្របតាមការកំណត់នៅក្នុងមាត្រា២(៧) នៃធម្មនុញរបស់អង្គការសហប្រជាជាតិ និងបទដ្ឋាននៃការប្រតិបត្តិសម្រាប់​​រដ្ឋការអន្តរជាតិ (Standards of Conduct for International Civil Service) ដែលបានកំណត់យ៉ាងច្បាស់ថា “មន្ត្រីរដ្ឋការ (civil servants) អន្តរជាតិទាំងអស់ មានកាតព្វកិច្ចត្រូវរក្សាទំនាក់ទំនង​ដ៏ល្អបំផុត ជាមួយរដ្ឋាភិបាល ហើយត្រូវជៀសវាងសកម្មភាពណាមួយដែលអាចប៉ះពាល់ដល់ទំនាក់ទំនងនេះ។ មន្ត្រីរដ្ឋការអន្តរជាតិ មិនត្រូវជ្រៀតជ្រែកចូលនយោបាយ ឬកិច្ចការរបស់រដ្ឋាភិបាលឡើយ។ ការទិះតៀន ឬការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋា​ភិបាលពីសំណាក់មន្ត្រីរដ្ឋការអន្តរជាតិ ទោះបីមានលក្ខណៈជាបុគ្គល ឬជាក្រុមក៏ដោយ វាជាប្រការដែលមិនអាចទទួលយកបានឡើយ។”

នៅក្នុងក្របខ័ណ្ឌនៃការពង្រឹងកិច្ចសហប្រតិបត្តិការនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើង​ពីភាពចាំបាច់ក្នុងការថ្លឹងថ្លែង ចំពោះករណីដែលមានការប៉ះទង្គិចគ្នារវាងសិទ្ធិនានា (Clashes of Rights) ពោលគឺនៅពេលដែលការអនុវត្តនូវសិទ្ធិមួយមានការបំពានទៅលើសិទ្ធិមួយទៀត ក៏ដូចជាការប៉ះទង្គិចរវាងការងាររបស់ភ្នាក់ងារអន្តរជាតិជាមួយនឹងការប្រតិបត្តិច្បាប់ជាតិរបស់ប្រទេសម្ចាស់ផ្ទះ។

នៅក្នុងជំនួបនេះដែរ លោកស្រី Wan Hea-Lee  បានអះអាងជូន ឯកឧត្តមទេសរដ្ឋមន្រ្តី អំពីភាពស្មោះត្រង់របស់លោកស្រីក្នុងការអនុវត្តភារកិច្ច ក្នុងក្របខ័ណ្ឌសិទ្ធិមនុស្សតែប៉ុណ្ណោះ។

នៅចុងបញ្ចប់នៃជំនួបពិភាក្សា ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកត្តាចាំបាច់ធានាការអនុវត្តអោយបានជោគជ័យនូវអនុស្សារណៈ(MOU) រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការកសាងជំនឿទុកចិត្តរវាងភាគីទាំងពីរ គឺចាំបាច់ត្រូវមានភាពស្មោះត្រង់ក្នុងការវិន្និច្ឆ័យ ឬការអនុវត្តភារកិច្ចសិទ្ធិមនុស្សរបស់ការិយាល័យ ការគោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ហើយនិងដោះស្រាយការយល់ខុសគ្នាដោយការពិគ្រោះពិភាក្សា។

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ​ និងយល់គ្នាទៅវិញទៅមក។

ភ្នំពេញ ថ្ងៃទី១៥ ​ខែ កុម្ភៈ ឆ្នាំ​២០១៧