News

  • ខែ​កុម្ភៈ 16, 2017

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឲ្យលោកជំទាវ Donica Pottie ឯកអគ្គរាជទូតកាណាដាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧​ វេលាម៉ោង​០៩:៣០ នៅទីស្តីការក្រសួង ឯកឧត្តម         ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរ​ទេស និង​សហ​​ប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យ លោកជំទាវ  Donica Pottie ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំនៅព្រះ​​​រា​ជាណាចក្រកម្ពុជា ​ដែលមាន​និវេសនដ្ឋាន នៅទីក្រុងបាងកក ចូលជួប​សម្ដែងការគួរសម ​និង​ពិភាក្សាការងារ។

នៅក្នុងជំនួបនោះ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បានរំលឹកឡើងវិញអំពីជំនួបពិភាក្សាការងាររវាង ឯកឧត្តមផ្ទាល់ ជាមួយអតីតរដ្ឋមន្រ្តីការបរទេសកាណាដា​ ឯកឧត្តម​ Stéphane Dion  ក្នុងឱកាស​អញ្ជើញ​ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ  នាខែកក្កដា ឆ្នាំ​​២០១៦​ ​និងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម Stéphane Dion មកកាន់កម្ពុជា នៅ​ដើម​ខែកញ្ញា ឆ្នាំ​២០១៦។ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បានរំឮកថា ភាគីទាំងពីរ​បានពិភាក្សា​ផ្លាស់ប្ដូរ​យោបល់គ្នា​លើបញ្ហាជាច្រើន ជុំវិញការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ និង​​បានផ្លាស់ប្ដូរទស្សនៈគ្នាពាក់ព័ន្ធនឹងសភាពការណ៍តំបន់ ​និងអន្តរជាតិ ដែលមានផល​ប្រយោន៍​ដល់​ភាគី​ទាំងពីរ។ ​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បានសម្ដែងនូវការពេញចិត្តចំពោះ​ការរីកចំរើន​ក្នុង​ទំនាក់​ទំនង​សហប្រតិបត្តិការទ្វេភាគី ​ពិសេស​ការ​បើក​ការិយាល័យការទូតកាណាដា​ នៅទីក្រុង​ភ្នំពេញ នា​ខែធ្នូ ឆ្នាំ​២០១៥ ហើយដែលត្រូវបានសម្ភោធ​​ជាផ្លូវការក្នុងឱកាស​ទស្សនកិច្ច​ឯកឧត្តម Stéphane Dion

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះជំនួយឧបត្ថម្ភរបស់កាណាដា ​ក្នុងរយៈកាលកន្លងមក ពិសេសនៅលើវិស័យកសិកម្ម សន្តិសុខ-​ម្ហូបអាហារ សកម្មភាពដោះមីន ការប្រឆាំងនឹងការជួញដូរមនុស្ស ។ល។ ថ្វីត្បិតកម្មវិធីជំនួយ​អភិ-​វឌ្ឍន៍​ទ្វេភាគីនេះ​បានបញ្ចប់ក្នុងឆ្នាំ២០១២។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បានលើកឡើងពីការត្រៀមខ្លួនរបស់ឯកឧត្តមផ្ទាល់ ក៏ដូចជា របស់ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការផ្ដល់នូវការគាំទ្រដល់លោកជំទាវ​ និងការិយាល័យការទូតកាណាដា​នៅភ្នំពេញ ​ដើម្បីអនុវត្តភារកិច្ចការទូតប្រកបដោយជោគជ័យ។

លោកជំទាវ Donica Pottie​​ បានជំរាបជូន ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អំពីមនោសញ្ចេតនា រីករាយពេញចិត្តរបស់លោកជំទាវផ្ទាល់ ដែលត្រូវបានតែងតាំងជា​ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំនៅ​ព្រះរាជាណា​ចក្រកម្ពុជា​​ ចំនួន​២​លើក​ ​ដែលលើកទី១ នាឆ្នាំ​២០០៤ – ២០០៧។

លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចំរើនក្នុងកិច្ចសហប្រតិបត្តិការ  រវាងប្រទេសទាំងពីរ និងការបើកការិយាល័យការទូតកាណាដា​នៅភ្នំពេញ ​​ហើយបានជំរាបជូ​ន​ឯកឧត្តម​​ទេស​រដ្ឋមន្រ្តី អំពីការយកចិត្តទុកដាក់របស់កាណាដា ​ក្នុងកិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើផ្នែកសកម្មភាពដោះមីន​ សន្តិសុខ ការប្រឆាំងនឹងភេរវកម្ម​ និងការជួញដូរមនុស្ស។

លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការកើនឡើង ​ក្នុងការផ្លាស់ប្ដូរ​ពាណិ​ជ្ជ​-កម្មរវាងប្រទេសទាំងពីរ ហើយបានសម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីក​ចំរើន​ផ្នែក​សេដ្ឋ​កិច្ចកម្ពុជា ពិសេសគឺកម្ពុជាត្រូវបានចាត់បញ្ចូលទៅក្នុងក្រុមប្រទេសដែលមានចំណូលមធ្យម​កំរិត​ទាប។​ លោកជំទាវបានគូសបញ្ជាក់ថា ការរីកចំរើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានេះ ​ត្រូ​វ​បានចាប់អារម្មណ៍និងទទួលស្គាល់ ហើយកំពុងតែ​មានភាព​ទាក់​ទាញ​សំរាប់វិនិយោគិនកាណាដា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកជំទាវ អំពីការខិតខំរបស់រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងការ​បោស​សម្អាតមីន​នៅក្នុង​ប្រទេស ហើយឯកឧត្តមបានគូសបញ្ជាក់ថា ថ្មីត្បិតទទួលបានសមិទ្ធិផលធំធេង​ ប៉ុន្តែទន្ទឹមនឹងនោះ​ក៏កំពុងប្រឈមបញ្ហាកង្វះខាតផ្នែកហិរញ្ញវត្ថុ។​ ឯកឧត្តម ស្នើសុំ​ឲ្យ​កាណាដាពិនិត្យលទ្ធភាព​ផ្តល់​ការ​ជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហរិញ្ញវត្ថុ​ដល់​សកម្មភាព​បោស​​សំអាតមីននៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវ ក៏បានផ្លាស់ប្ដូរយោបល់គ្នាផងដែរ ​អំពីសភាពការណ៍ តំបន់និងអន្តរជាតិមួយចំនួន។ នៅក្នុងក្របខ័ណ្ឌអាស៊ាន លោកជំទាវឯកអគ្គរដ្ឋទូត បានស្នើសុំឲ្យ កម្ពុជាផ្ដល់ការគាំទ្រចំពោះវត្តមានចូលរួមរបស់កាណាដា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា​ ដែលនឹង ប្រព្រឹត្តិទៅនាពេលខាងមុខ​ នៅប្រទេស​ហ្វីលីពីន ដោយប្រទេស​កាណាដា ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានេះ ក្នុងឋានៈជាភ្ញៀវរបស់ប្រទេសម្ចាស់ផ្ទះ។ លោកជំទាវឯកអគ្គរដ្ឋទូត​ ក៏បានលើកអំពីសំណើរបស់រដ្ឋាភិបាលកាណាដា ​សុំការគាំទ្រពីកម្ពុជាចំពោះបេក្ខភាព​របស់​កាណាដា ​ជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ ២០២០ – ២០២១។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹកឡើងវិញពីសំណើរបស់កម្ពុជាសុំការគាំទ្ររ​បស់កាណាដា​ចំពោះបេក្ខភាពកម្ពុជាក្នុងអង្គការ ECOSOC សំរាប់អាណត្តិឆ្នាំ២០១៩ និងបានផ្តល់យោបល់​ឲ្យ​មាន​ការផ្លាស់ប្តូរការគាំទ្រគ្នាទៅវិញទៅមក។

          ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ​ និងស្និទ្ធស្នាល។

  ភ្នំពេញ ថ្ងៃទី​ ១៧ ​ខែ កុម្ភៈ ឆ្នាំ​២០១៧