សេចក្តីប្រកាសព័ត៌មាន

  • ខែ​កុម្ភៈ 24, 2017

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងធ្វើជាអធិបតីនៃ ”សន្និបាតប្រចាំឆ្នាំ២០១៧” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨ កុម្ភៈ ដល់ថ្ងៃទី១ ខែមិនា នៅទីស្តីការក្រសួង។

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើជាអធិបតីនៃ​ “សន្និបាតប្រចាំឆ្នាំ២០១៧” ដែលនឹង​ប្រព្រឹត្ត​ទៅពី​ថ្ងៃ​ទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ០១ ខែមិនា នៅទីស្តីការក្រសួង​ ។

សន្និបាតនឹងមានការចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តីរបស់ក្រសួង ក៏ដូចជាឯក​អគ្គ​រាជ​ទូត​/តំណាង​អចិន្ត្រៃយ៍ និងអគ្គកុងស៊ុលរបស់កម្ពុជា។

បន្ថែមទៅលើការពិនិត្យសកម្មភាព ឆ្នាំ២០១៦ និងកំណត់ទីសដៅឆ្នាំ២០១៧  សន្និបាត​នឹង​រួម​មានបទបង្ហាញរបស់បណ្តាក្រសួង ស្ថាប័ននានា ដែលនឹងលើកកំពស់ចំណេះ​ដឹងប្រតិបត្តិ​ដល់អ្នក​ការទូត​កម្ពុជា ដើម្បីអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព លើមូលបទសំខាន់ៗដូចខាងក្រោមៈ

១- កំណែទំរង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

២- យុទ្ធសាស្រ្តរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគបរទេស

៣- គោលនយោបាយការងារ និងការគាំពារពលករចំណាកស្រុក

៤- មូលដ្ឋាននៃការវិភាគសភាពការណ៍​នយោបាយអន្តរជាតិ

៥- ការវិភាគពីនិន្នាការ និងយុទ្ធសាស្រ្តសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក និង

៦-  វិធានការប្រឆាំងអំពើពុករលួយ និង​គោលការណ៍ផ្សេងៗ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងថ្លែងសុន្ទរកថាបិទសន្និបាត ដែលនឹងជាមគ្គទេសក៍ វិស័យការទូតរបស់កម្ពុជានៅក្នុងឆ្នាំ២០១៧ និងបណ្តាឆ្នាំតទៅមុខទៀត។

                              ​   ​​​           ​                      ភ្នំពេញ,​ ថ្ងៃទី២៤     ខែ​ កុម្ភៈ ឆ្នាំ ២០១៧