សេចក្តីប្រកាសព័ត៌មាន

  • ខែ​កុម្ភៈ 24, 2017

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ស្តី​ពី​លទ្ធ​ផល​នៃ​ដំ​ណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​របស់​ឯក​ឧត្តម​ ប៊ុន​ញ៉ាង​ វរ​ជីត​​ ប្រធានរដ្ឋ នៃសាធា​រណ​រដ្ឋ​ប្រ​ជា​ធិប​តេយ្យ​ប្រ​ជា​មា​និត​ឡាវ​ នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ នា​ថ្ងៃ​ទី​២២​ ដល់​ ២៣ ​ខែ​កុម្ភៈ​ ឆ្នាំ២០១៧​។

១- តាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម  សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៊ុនញ៉ាង វរជីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៧

២-ក្នុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម ប៊ុនញ៉ាង វរជីត បានជួបធ្វើសវនាការជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម  សីហមុនី និងបានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងមណ្ឌបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមស សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”។ ឯកឧត្តមប្រធានរដ្ឋ ក៏បានជួបជាមួយ      សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

៣- នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ប៊ុនញ៉ាង វរជីត ប្រធានរដ្ឋឡាវ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈយ៉ាងទូលំទូលាយស្តីពីទំនាក់ទំនងមិត្តភាពទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ ក៏ដូចជាបញ្ហានៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ជំនួបពិភាក្សាទ្វេភាគីនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសទំនាក់ទំនងល្អ មិត្តភាពជាប្រពៃណី សាមគ្គីភាពជាបងប្អូន និងជាអ្នកភូមិផងដ៏ល្អ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម  ប៊ុនញ៉ាង វរជីត ហើយតាមរយៈឯកឧត្តម ជូនចំពោះថ្នាក់ដឹកនាំឡាវដែលទើបនឹងត្រូវបានជ្រើសតាំងថ្មីៗនេះ។ សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន​ ក៏បានវាយតម្លៃខ្ពស់ចំពោះការមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទី១ របស់ឯកឧត្តមប្រធានរដ្ឋ ប៊ុនញ៉ាង វរជីត និងបានសម្តែងនូវការអបអរសាទរចំពោះប្រទេសឡាវ ដែលសម្រេចបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃរបស់រដ្ឋាភិបាល និងបក្សប្រជាជនបដិវត្តន៍ឡាវ

-ឯកឧត្តម ប៊ុនញ៉ាង វរជីត បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រជាជនកម្ពុជាជាបងប្អូន ចំពោះសមិទ្ធិផល​ដ៏​ធំធេងដែលសម្រេចបានប្រកបដោយមោទនភាព ក្នុងការអភិវឌ្ឍន៍     សេដ្ឋកិច្ច-សង្គម និងបានគូសបញ្ជាក់ថា ឡាវតែងតែផ្តល់តម្លៃចំពោះទំនាក់ទំនងមិត្តភាពដ៏ល្អ និងការជួយជ្រោមជ្រែងជាបន្តបន្ទាប់របស់ប្រជាជន និងថ្នាក់ដឹកនាំកម្ពុជា ក្នុងការចូលរួមចំណែកធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨ និងលើកទី ២៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាទទួលបានជោគជ័យ កាលពីឆ្នាំកន្លងទៅនេះ។

គ-សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពចំពោះការវាយតម្លៃខ្ពស់របស់ប្រធានរដ្ឋឡាវ និងបានបញ្ជាក់សារជាថ្មីថា កម្ពុជានឹងអនុញ្ញាតឲ្យប្រទេសឡាវជាមិត្តប្រើប្រាស់កំពង់ផែ និងផ្លូវទឹក ផ្លូវគោកកម្ពុជា សម្រាប់ការដឹកទំនិញចេញចូល ដើម្បីជំរុញការតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសនៅភាគខាងត្បូងនៃប្រទេសឡាវ និងនៅភាគឦសាននៃកម្ពុជាឲ្យកាន់តែរីកចម្រើន។

ឃ-ភាគីទាំងពីររីករាយចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ប្រសើរ ភាពជាអ្នកជិតខាងល្អ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលបានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាវិស័យអប់រំ ពាណិជ្ជកម្ម ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការកាប់ឈើខុសច្បាប់។

ង-ភាគី​ទាំង​ពីរបាន​កត់សម្គាល់ដោយការពេញចិត្ត ចំពោះលទ្ធផលដែលប្រទេសទាំងពីរសម្រេចបានថ្មីៗនេះដូចជា៖ ១. ការដាក់ឲ្យប្រើប្រាស់ប័ណ្ណឆ្លងកាត់ព្រំដែននៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៧ និង​ ២. ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវច្រកទ្វារអន្តរជាតិ និងអគារត្រួតពិនិត្យត្រពាំងក្រៀល-ណងណុកខៀនកាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៧។ ការប្រើប្រាស់ប័ណ្ណឆ្លងកាត់ព្រំដែន និងការសម្ពោធច្រកទ្វារអន្តរជាតិនេះ មិនត្រឹមតែជួយសម្រួលការឆ្លងកាត់ព្រំដែនរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជួយជំរុញទំនាក់ទំនាក់រវាងប្រជាជន និងប្រជាជន ពាណិជ្ជកម្ម និងទេសចរ។

ថ្នាក់ដឹកនាំទាំងពីរក៏បានស្វាគមន៍ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា របស់ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសឡាវ កាលពីថ្ងៃទី ២៣-២៥ ខែ មករា ឆ្នាំ ២០១៧ ដែលបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឆ-ភាគីទាំងពីរបានកត់សម្គាល់ចំពោះលទ្ធផលថ្មីៗ នៃការបោះបង្គោល និងកំណត់ព្រំដែន និងបានសម្តែងនូវការកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការព្រំដែនរួមកម្ពុជា-ឡាវ(JBC) ដែលសម្រេចបាន ៨៦% នៃការងារកំណត់ និងបោះបង្គោលព្រំដែន ឈរ​លើ​គោលការណ៍នានា​​ដែល​ភាគីទាំង​ពីរ​បាន​ឯកភាព​យកមក​អនុវត្តន៍​ក្នុង​ការដោះស្រាយព្រំដែន។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានលើកទឹកចិត្តឲ្យគណៈកម្មការព្រំដែនរួមនៃប្រទេសទាំងពីរ​​ ស្វែងរកដំណោះស្រាយជាក់លាក់មួយ ចំពោះបញ្ហាព្រំដែនដែលនៅសេសសល់ ដើម្បីបញ្ចប់ឲ្យបានឆាប់នូវដំណើរការបោះបង្គោល និងកំណត់ព្រំដែនគោក។

ជ-ភាគីទាំងពីរយល់ឃើញថាក្រសួង/ស្ថាប័នពាក់ព័ន្ធ គួរបន្តអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ កំណត់ហេតុ និងអនុសារណៈនៃការយោគយល់​ ដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ។

ឈ-ភាគីទាំងពីរបានសម្តែងនូវការកោតសរសើរចំពោះការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវេទិកាពហុភាគីនាបណ្តាឆ្នាំកន្លងមក។​ ក្នុងបរិបទតំបន់ដែលមានការប្រែប្រួល ជាមួយនឹងការវិវត្តនាពេលបច្ចុប្បន្ន  ភាគីទាំងពីរបានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលបន្ថែមទៀត នៅក្នុងតំបន់ និងអន្តរជាតិ ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ារ-វៀតណាម (CLMV) កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយេយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) មហាអនុតំបន់ទន្លេមេគង្គ (GMS) កិច្ចសហប្រតិបត្តិការមេគង្គ ក៏ដូចជាក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ តាមរយៈការលើកកម្ពស់កិច្ចសហការ​ ការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។​

ញ-សម្រាប់បញ្ហាសមុទ្រចិនខាងត្បូង ភាគីទាំងពីរបានលើកទឹកចិត្តឲ្យភាគីដែលព័ន្ធដោយផ្ទាល់ ដោះស្រាយជម្លោះដោយមធ្យោបាយសន្តិវិធី រួមមាន ការចរចា និងការពិគ្រោះយោបល់ ការអត់ធ្មត់ គ្មានការគំរាមកំហែង ឬគ្មានការប្រើប្រាស់កម្លាំង ស្របតាមគោលការណ៍ដែលទទួលស្គាល់ជាសាកលនៃច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS) ។

ដ-ភាគីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋឡាវ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ប្រសើរ សាមគ្គីភាពជាបងប្អូន និងភាពជាអ្នកជិតខាងល្អ រវាងប្រទេសទាំងពីរប្រកបដោយចីរភាព។

៤- គណៈប្រតិភូឡាវ បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចប្រកបដោយសមានចិត្ត ជូនចំពោះគណៈប្រតិភូឡាវ​​ ក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងភ្នំពេញ និងការរៀបចំដ៏ល្អប្រសើរសម្រាប់     គណៈប្រតិភូឡាវ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ប៊ុនញ៉ាង វរជីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

    រាជធានីភ្នំពេញ ថ្ងៃទី     ខែកុម្ភៈ ឆ្នាំ ២០១៧​