សេចក្តីប្រកាសព័ត៌មាន

  • កុម្ភៈ ២៧, ២០១៧

សេច​ក្តី​ប្រកាស​ព័ត៌​មាន​ស្តី​ពី​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋ​មន្រ្តី​ការ​បរទេស​អាស៊ាន​ នៅ​ប្រ​ទេស​ហ្វី​លី​ពីន​ ពីថ្ងៃ​ទី​ ២០​-២១​ ខែ​កុម្ភៈ ​ឆ្នាំ២០១៧​

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំ​គណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅកោះបូរ៉ាខាយ សាធារណរដ្ឋហ្វីលីពីន ដើម្បីពិភាក្សាលើបញ្ហា  សំខាន់ៗពាក់ព័ន្ធនឹងការអនុវត្តសេចក្តីសម្រេចរបស់ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨ និង២៩ ជាពិសេសដំណើរការកសាងសហគមន៍អាស៊ាន ទំនាក់ទំនងរបស់អាស៊ានជាមួយប្រទេស​ដៃគូខាងក្រៅ និងធ្វើការផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់និងអន្តរជាតិ។

នៅក្នុងឱកាសកិច្ចប្រជុំខាងលើ រដ្ឋមន្រ្តីការបរទេសហ្វីលីពីនបានជម្រាបជូនអង្គប្រជុំអំពីអាទិភាពទាំង៦របស់ហ្វីលីពីនដែលជាប្រធានអាស៊ានឆ្នាំ២០១៧ រួមមាន ១) ការយកចិត្តទុកដាក់របស់​អាស៊ានចំពោះប្រជាជន និងការយកប្រជាជនជាស្នូល  ២) សន្តិភាព​និងស្ថិរភាពនៅក្នុងតំបន់ ៣) សន្តិសុខក្នុងលំហ      សមុទ្រ និងកិច្ចសហប្រតិបត្តិការ ៤) ការរីកចម្រើនរួមដោយគំនិតច្នៃប្រឌិតថ្មី ៥) ភាពរឹងមាំរបស់អាស៊ាន និង ៦) អាស៊ាន : ជាគំរូនៃសមាហរណកម្មតំបន់ និងជាតួអង្គសំខាន់មួយក្នុងសកលលោក។

ចំពោះការកសាងសហគមន៍អាស៊ាន រដ្ឋមន្ត្រីទំាងអស់បានផ្តោតការពិភាក្សាលើការអនុវត្តទស្សនវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ ជាពិសេសការអនុវត្តផែនការលម្អិតស្តីពីសហគមន៍នយោបាយ‑សន្តិសុខអាស៊ាន    សមាហរណកម្មអាស៊ាន​  ការកាត់បន្ថយគំលាតអភិវឌ្ឍន៍ និងការតភ្ជាប់អាស៊ាន។ ទាក់ទងនឹងបញ្ហានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តផែនការការងារទី៣នៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន និងផែនការ​មេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ក្នុងទិសដៅជំរុញការកាត់បន្ថយគំលាតអភិវឌ្ឍន៍ក្នុងអាស៊ានដោយស្នើឲ្យមានយន្តការត្រួតពិនិត្យ និងសម្របសម្រួលដ៏មានប្រសិទ្ធភាពមួយដើម្បីអនុវត្តផែនការទាំងពីរនេះឲ្យបានជោគជ័យ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកសំណើឲ្យលេខាធិការដ្ឋានអាស៊ានផ្តោតការយកចិត្តទុកដាក់ក្នុងការកៀងគរជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស ព្រមទាំងធ្វើការវាយតម្លៃទៅលើគុណភាពនៃការអនុវត្តផែនការលម្អិតនៃសហគមន៍នយោបាយ-សន្តិសុខ (២០១៦-២០២៥)។

រដ្ឋមន្ត្រីការបរទេសអាស៊ានបានគូសបញ្ជាក់អំពីភាពចាំបាច់នៃការបន្តពង្រឹងតួនាទីស្នូល និងភាពជាអ្នក​នាំមុខរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ និងនៅក្នុងការធ្វើទំនាក់ទំនងជាមួយប្រទេសដៃគូខាងក្រៅ។  ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា នៅក្នុងបរិបទនៃការវិវឌ្ឍនៃភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក ព្រមទាំងការប្រកួតប្រជែងយ៉ាងស្រួចស្រាវរវាងប្រទេសមហាអំណាចនៅក្នុងតំបន់ អាស៊ានត្រូវតែបន្តពង្រឹងតួនាទីស្នូលរបស់ខ្លួននៅក្នុងយន្តការទាំងឡាយដែលដឹកនាំដោយអាស៊ាន ដូចជា អាស៊ានបូកមួយ អាស៊ានបូកបី កិច្ចប្រជុំ​កំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ជាដើម។ អាស៊ានត្រូវតែធានានូវតុល្យភាព និងសង្គតិភាពនៃអន្តរកម្មនៅក្នុងទំនាក់ទំនងខាងក្រៅរបស់ខ្លួនជាមួយនឹងប្រទេសដៃគូទាំងអស់។

រដ្ឋមន្រ្តីការបរទេសអាស៊ានបានធ្វើការផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ រួមមានបញ្ហាប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ និងពួកហិង្សាជ្រុលនិយម បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាសមុទ្រចិនខាងត្បូង។ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាតែងតែផ្តោតសារៈសំខាន់លើការរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពតំបន់ ដើម្បីផលប្រយោជន៍រួម និងវិបុលភាពតំបន់ ដោយឈរលើទស្សនវិស័យជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងអាស៊ាន និងចិន ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់អាស៊ាន។​ ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ពីជំហានវិជ្ជមាន និងគួរជាទីលើកទឹកចិត្តទាំងឡាយ ដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ រួមមានការបង្កើតខ្សែទូរសព្ទពិសេសរវាងក្រសួងការបរទេសនៃប្រទេសជាសមាជិកអាស៊ាន និងចិន និងការចេញសេចក្តីប្រកាសរួម ស្តីពីការអនុវត្តន៍ក្រមសម្រាប់ការពើបប្រទះដោយមិនបានគ្រោងទុកនៅសមុទ្រ នៅក្នុងសមុទ្រចិនខាងត្បូងជាដើម។ ឯកឧត្តមក៏បានកត់សម្គាល់ពីដំណើរការជួបពិភាក្សាគ្នារវាងភាគីពាក់ព័ន្ធនានាដែលបានរួមចំណែកធ្វើឲ្យស្ថានការណ៍នៅសមុទ្រចិនខាងត្បូងធូរស្រាល។ ឯកឧត្តមបានលើកទឹកចិត្តឲ្យបន្តការជួបពិភាក្សានេះទៀត ហើយបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីរៀបចំក្របខណ្ឌនៃក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (Framework of COC) ឲ្យបាននៅពាក់កណ្តាលឆ្នាំ២០១៧ ដើម្បីឈានទៅសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) មួយដែលប្រកបដោយប្រសិទ្ធភាពឲ្យបានឆាប់។

រដ្ឋមន្រ្តីការបរទេសអាស៊ានបានឯកភាពឲ្យរៀបចំសកម្មភាពសំខាន់ៗ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃការបង្កើតអាស៊ាននៅក្នុងឆ្នាំ២០១៧នេះ ដើម្បីលើកកម្ពស់ការយល់ដឹងពីសហគមន៍អាស៊ានឲ្យបានទូលំទូលាយក្នុងចំណោមប្រជាជនក្នុងតំបន់ និងពិភពលោក។