សេចក្តីប្រកាសព័ត៌មាន

  • ខែ​កុម្ភៈ 27, 2017

ស្ថាន​ទូត​កម្ពុជា​នៅ​ប្រទេស​ជប៉ុន​ ជួយ​សង្រ្គោះ​ និង​ទាម​ទារ​ប្រាក់​សំណង​ ជូន​កម្ម​សិក្សា​កា​រីខ្មែ​រចំនួន​៥​នាក់​

បន្ទាប់ពីមានការស្នើសុំអន្តរាគមន៍ពីកម្មសិក្សាការីខ្មែរចំនួន៥នាក់ តាមរយៈទំព័រ Facebook របស់ស្ថានទូត កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បាន​សហការជាមួយនគរបាលខេត្តTochigi ដែលមានចំងាយប្រមាណ១១០គីឡូម៉ែត្រពីទីក្រុងតូក្យូ ដើម្បី​ចុះ​ដល់កន្លែងដែលមេខ្យល់រៀបចំអោយកម្មសិក្សាការីទាំង៥នាក់ស្នាក់នៅ។

ក្រោយពីបានផ្តល់ព័ត៌មានលំអិតដល់ក្រុមនគរបាលរួច ស្ថានទូតបាននាំពួកគេមកស្នាក់នៅ​បណ្តោះ​​​អាសន្នក្នុងស្ថានទូត និងបានសាកសួរព័ត៌មានលំអិតអំពីកន្លែងការងារ និងលក្ខខណ្ឌការងារដែល  ពួកគេបានធ្វើការ​កន្លង​មក និងមូលហេតុដែលចាញ់បោកមេខ្យល់។

ក្នុងគោលបំណងការពារផលប្រយោជន៍ពលរដ្ឋខ្មែរ ស្ថានទូតបានទាក់ទងទៅថៅកែក្រុមហ៊ុន (ជាលក្ខណៈគ្រួសារ) នៅខេត្តTochigi  ដើម្បីដោះស្រាយបញ្ហាប្រាក់បៀវត្ស ដែលថៅកែ​បានកិបកេង​ប្រាក់ម៉ោងនិងចំនួនធ្វើការលើស​ម៉ោងកន្លងមក ជូន​កម្មសិក្សាការី ហើយទទួលលទ្ធផលដូចខាងក្រោម៖

១- កញ្ញា តូច សុធា អាយុ៣១ឆ្នាំ មកពីខេត្តស្វាយរៀង ទទួលបានសំណងសរុបចំនួន ៤.៦៤០.៩៦៥ យ៉េន (ប្រមាណជា៤០.៣៥៦ ដុល្លារអាមេរិក)

២- កញ្ញា អឿន តុលា អាយុ៣០ឆ្នាំ មកពីខេត្តពោធិ៍សាត់ ទទួលបានសំណងសរុបចំនួន ៣.០៧១.៧៧៦ យ៉េន (ប្រមាណជា២៦.៧១១ ដុល្លារអាមេរិក)

៣- កញ្ញា ម៉ាប់ រ័ត្ន អាយុ៣០ឆ្នាំ មកពីខេត្តពោធិ៍សាត់ ទទួលបានសំណងសរុបចំនួន ២.៧៣៧.៥៦២ យ៉េន (ប្រមាណជា២៣.៨០៤ ដុល្លារអាមេរិក)

៤- កញ្ញា ហ៊ុន់ ផាណា អាយុ២៤ឆ្នាំ មកពីខេត្តពោធិ៍សាត់ ទទួលបានសំណងសរុបចំនួន ៦៦៧.៣០១ យ៉េន (ប្រមាណជា៥៨០០ ដុល្លារអាមេរិក)

៥- កញ្ញា គឹម អ៊ិញ អាយុ២៧ឆ្នាំ មកពីខេត្តតាកែវ ទទួលបានសំណងសរុបចំនួន ៦៦៧.៣០១ យ៉េន (ប្រមាណជា៥៨០០ ដុល្លារអាមេរិក)។

ដោយសារប្រាក់សំណងមានចំនួនច្រើន ថៅកែក្រុមហ៊ុនបានស្នើសុំបង់សងជាដំណាក់កាល និង​សន្យាបង់អោយអស់ក្នុងអំឡុងឆ្នាំ២០១៧។ ចំពោះការសងបន្តនេះ ក្រុមហ៊ុននឹងផ្ញើប្រាក់ចូល​គណនី​របស់​​កម្ម​សិក្សា​ការីផ្ទាល់តែម្តង ហើយក្រុមហ៊ុននឹងរាយការណ៍ជូនស្ថានទូត ដើម្បីស្ថានទូតអាចតាមដាន​និងក្រើនរំលឹកដល់ក្រុមហ៊ុនរហូតដល់សងគ្រប់ចំនួន។

នគរបាលខេត្តTochigi បានសាកសួរព័ត៌មានបន្ថែមពីកម្មសិក្សាការីនៅស្ថានទូត ដើម្បីមាន​វិធានការ ចំពោះមេខ្យល់ចំនួន៣នាក់ ក្នុងនោះក៏មានអតីតកម្មសិក្សាការីខ្មែរម្នាក់(នារី) ដែលបានរត់ចោល​ក្រុមហ៊ុន និងក្លាយជាអ្នកអូសទាញកម្មសិក្សាការីដទៃទៀត អោយបោះបង់ចោលកន្លែងការងារចាស់ ទៅធ្វើការនៅ កន្លែងថ្មីដែលមានប្រាក់ចំណូលច្រើនជាង។

កម្មសិក្សាការីទាំង៥នាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១៩:៣៥នាទី តាមជើងយន្តហោះ Thai Airways លេខ ៥៨៤

               ភ្នំពេញ, ថ្ងៃទី​ ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៧