សេចក្តីប្រកាសព័ត៌មាន

  • កុម្ភៈ ២៨, ២០១៧

សេចក្តី​ជូន​ដំណឹង​ស្តី​ពី​របាយការណ៍​សមិទ្ធ​ផល​ដែល​​ក្រសួង​ការបរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៦​។

-សូមគោរពឯកឧត្តមទេសរដ្ឋមន្ត្រី

-សូមគោរព ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាទីរាប់អាន

 ខ្ញុំសូមអនុញ្ញាត រាយការណ៍ជូនអង្គសន្និបាត ពីខ្លឹមសារសំខាន់ៗស្តីពីសមិទ្ធផល​ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសម្រេចបានក្នុងឆ្នាំ២០១៦កន្លងទៅ និងទិសដៅការងារក្នុងឆ្នាំ២០១៧ ដូចតទៅនេះ៖

  1. សមិទ្ធផលឆ្នាំ២០១៦

ស្ថិតនៅចំពោះមុខការវិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់និងពិភពលោក ដោយផ្អែកលើគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានខិតខំយ៉ាងប្តូរផ្តាច់ ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមដែលរាជរដ្ឋាភិបាល និងប្រជាជនប្រគល់ឲ្យ ក្នុងការការពារផលប្រយោជន៍ប្រទេសជាតិនៅលើឆាកអន្តរជាតិ តាមរយៈការធ្វើសមាហរណកម្មកម្ពុជាចូលក្នុងសហគមន៏អន្តរជាតិ ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយប្រទេសជិតខាង និងបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក រួមចំណែកការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពដែនដី​និងការអភិវឌ្ឍន៍ ។

១១ខែបានកន្លងផុត ក្រោមការចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការបន្សល់ទុកនូវស្នាដៃដ៍ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងការបំពេញបេសសកម្មការទូតដ៏ឧត្តុង្គឧត្តម និងក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកគ្រប់ស្រទាប់ជាន់ថ្នាក់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពង្រឹងផែនសាមគ្គីឯកភាពរួមគ្នាធ្វើឲ្យសម្រេចបាននូវសមិទ្ធផលដ៏ច្រើនគួរជាទីមោទនសម្រាប់ប្រទេសជាតិមាតុភូមិ ទាំងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ក្រសួង ទាំងការងារការទូតនៅលើឆាកអន្តរជាតិ ។

នៅផ្ទៃក្នុងក្រសួង កំណែទម្រង់ស៊ីជម្រៅត្រូវបានដាក់ឲ្យអនុវត្ត សមស្របតាមអនុសាសន៍ដ៏មានសារៈសំខាន់របស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី តាមពាក្យស្លោក៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល» សំដៅអភិវឌ្ឍន៍ធនធានមនុស្ស ជំរុញនិងបង្កើនប្រសិទ្ធភាពការងារ ទំនើបកម្មនិងកែលម្អសេវាសាធារណៈ និងធ្វើឲ្យជីវភាពមន្ត្រីរាជការកាន់តែប្រសើរឡើង ។ ដោយឡែក ការងារបំពេញភារកិច្ចទំនាក់ទំនងការទូត និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីសម្រេចបានលទ្ធផលគួឲ្យកត់សម្គាល់ដែលមានជាអាទិ៍ដូចតទៅនេះ៖

. កិច្ចសហប្រតិបត្តិការទ្វេភាគី

គិតមកដល់ឆ្នាំ២០១៦ កម្ពុជាបានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសទាំងអស់ក្នុងពិភពលោកចំនួន​១៧១​ប្រទេស និងបានបង្កើតគណៈកម្មការអន្តររដ្ឋាភិបាលជាមួយប្រទេសចំនួន២ គណៈកម្មការចម្រុះទ្វេភាគីជាមួយប្រទេសចំនួន១១ និងកិច្ច​​ពិគ្រោះយោបល់នយោបាយជាមួយ១៨ប្រទេស ។ ទន្ទឹមនឹងនេះ កម្ពុជាមានស្ថានតំណាងនៅបរទេសចំនួន៥៥ (ស្ថានទូត២៤ ស្ថាន​តំណាងអចិន្ត្រៃយ៍៤ ស្ថានអគ្គកុងស៊ុល១០ និងស្ថានកុងស៊ុលកិត្តិយស១៧)។

តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជាបានទទួលផលប្រយោជន៍ជាជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស អប់រំ សុខាភិបាល កសិកម្ម​ អភិវឌ្ឍន៍ជនបទ…។ល។ ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរវប្បធម៌ ពាណិជ្ជកម្ម វិនិយោគ និងទេសចរបរទេសមកទស្សនានៅកម្ពុជាកាន់តែមានការកើនឡើង។

​ក.១. កិច្ចសហប្រតិបត្តិការទ្វេភាគីនៅតំបន់អាស៊ី

ប្រទេសសំខាន់ៗដែលជាដៃគូអភិវឌ្ឍមានដូចតទៅនេះ៖

– ជាមួយប្រទេសចិន

ជាការគួរឲ្យកត់សម្គាល់ទំនាក់ទំនង​មិត្តភាព​ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា កម្ពុជា-ចិន ត្រូវបានពង្រឹងពង្រីក និង​ធ្វើឲ្យ​កាន់​តែស៊ីជម្រៅថែមទៀតរហូតឈានដល់កម្រិត ​​«ភាពជាដៃ​គូ​យុទ្ធ​សាស្រ្ត​​​គ្រប់ជ្រុង​ជ្រោយ»   កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ។ ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់​ឯកឧត្តម​​​ប្រធានាធិបតី ស៊ី ជីនពីង កាលពីខែតុលា ឆ្នាំ២០១៦ ឯកសា​រ​កិច្ច​​ស​​ហប្រតិបត្តិការចំនួន៣១លើវិស័យ​សាធារណៈ​ និងវិស័យ​ឯកជនត្រូវបានចុះហត្ថលេខា ។ រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងចំនួន ១​២០០លានយ័នសម្រាប់ការសាងសង់អាគារមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន មន្ទីពេទ្យត្បូងឃ្មុំ និងកម្ចីសម្បទានប្រមាណ ២៩០លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍប្រព័ន្ធធារាសាស្ត្រវៃកូជំហានទី២ ការសាងសង់ផ្លូវ និង ខ្សែបណ្តាញ អគ្គីសនី និងបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាង២០០នាក់ (២០១៦-២០១៧) ។ គិតត្រឹមខែធ្នូឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មកម្ពុជា-ចិនបានកើនឡើងលើស៥ពាន់លានដុល្លារអាមេរិក ។

-​ ជាមួយប្រទេសវៀតណាម

ស្របតាមពាក្យស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាព​​ជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ​និងយូរអង្វែង» ទំនាក់ទំនង​មិត្តភាពយូរលង់រវាងកម្ពុជានិងវៀតណាម ត្រូវបាន​ពង្រឹងពង្រីក​កាន់តែស៊ីជម្រៅលើមូលដ្ឋានការ​គោរពគ្នាទៅវិញទៅមក។ នៅក្នុងឱកាសទស្សនកិច្ច​ សម្តេច​តេជោនាយករដ្ឋមន្រ្តី កាលពីខែធ្នូ ឆ្នាំ២០១៦ កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន០៣ លើវិស័យព្រហ្មទណ្ឌ ការ​ផ្ទេរទណ្ឌិត និង វប្បធម៌ ត្រូវបានចុះហត្ថលេខា ។  ដោយឡែក នៅក្នុងឱកាសទស្សនកិច្ចឯកឧត្តម ទេសរដ្ឋមន្រ្តី កាលពីខែមិថុនា ឆ្នាំ២០១៦ ភាគី​ទាំងពីរ​បាន​ឯកភាពជំរុញ​ពាណិជ្ជកម្ម​រវាង​​ប្រទេស​ទាំងពីរឲ្យកើនឡើងដល់៥ពាន់លាន​ដុល្លារ​អាមេរិក ព្រមទាំង​ពន្លឿនការដោះស្រាយឲ្យបានឆាប់​បញ្ហា​ព្រំដែន​ដែល​​​​នៅសេសសល់។ ទំហំពាណិជ្ជកម្មកម្ពុជានិងវៀតណាមក្នុង៦ខែដើមឆ្នាំ ២០១៦ មានចំនួនប្រមាណ ៧៨០លាន ​ដុល្លារអាមេរិក ។ បច្ចុប្បន្ននិស្សិតអាហារូបករណ៍កម្ពុជា កំពុងសិក្សារយៈពេលខ្លីនិងវែងនៅវៀតណាម មានចំនួ​ន​៩៥០នាក់ ។

– ជាមួយប្រទេសថៃ

ចំណងទំនាក់ទំនងមិត្តភាព​ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ​រវាង ​ប្រទេស​ទាំងពីរត្រូវបានពង្រឹងពង្រីកឥតឈប់ឈរនិងបានឈានឡើងដល់កម្រិត »ភាពជាដៃគូសន្តិភាពនិងវិបុល​ភាព« ។ ក្នុងឱកាសទស្សនកិច្ច ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន កាលពីខែមិថុនា ឆ្នាំ២០១៦ ភាគីទាំងពីរបាន​​ចុះហត្ថលេខាលើ​អនុស្សរណៈ​​នៃការយោគយល់គ្នា ស្តីពីការ​បង្កើតមជ្ឈមណ្ឌល​សំចតទទួលជនរងគ្រោះដោយ​អំពើជួញ​ដូរ​មនុស្ស និងជនងាយរងគ្រោះ​ដោយអំពើ​ជួញដូរ ​ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលថៃ។ កម្ពុជានិងថៃក៏បានឯកភាពសហការគ្នាពង្រីកនិងលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគី តាមរយៈការអភិវឌ្ឍ​ផ្លូវគោក ផ្លូវដែក និងផ្លូវសមុទ្រ ដើម្បីតភា្ជប់ប្រទេសទាំងពីរ និងការបើកច្រកទ្វារអន្តរជាតិ និងបានចុះហត្ថលេខាលើឥណទានសម្បទានសម្រាប់​គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ចំនួន៩២៨លានបាត និងជំនួយឥតសំណងចំនួន១៧០លានបាត សម្រាប់​សាងសង់ស្ពានស្ទឹងបត់។ បច្ចុប្បន្ន និស្សិតកម្ពុជាចំនួន១៩៣នាក់កំពុងសិក្សានៅប្រទេសថៃកំរិតបណ្តុះបណ្តាលវិជ្ជាជីវៈ មធ្យមសិក្សាបច្ចេកទេស បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ។

 – ជាមួយប្រទេសជប៉ុន

ក្រោយពីទំនាក់ទំនង​កម្ពុជា-ជប៉ុនត្រូវបានតម្លើងដល់កម្រិតជា«ដៃគូយុទ្ធសាស្រ្ត»នៅឆ្នាំ២០១៣ កិច្ចសហ​ប្រតិបត្តិការ ​រវាង​ប្រទេសទាំងពីរទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងរីកចម្រើនគួរឲ្យកត់សម្គាល់ស្ទើរគ្រប់វិស័យ ។ កាលពីខែកញ្ញា ឆ្នាំ២០១៦ ការហោះហើរត្រង់ពីតូក្យូ-ភ្នំពេញ-តូក្យូ ត្រូវបានចាប់ផ្តើមឡើង ។ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណង​ចំនួន៤៧១៥លានយ៉េនសម្រាប់គ​ម្រោ​ង​​អភិវឌ្ឍន៍​ធនធាន​​មនុស្ស បណ្តា​ញ​​​​​​​​​​​ចែកចាយ​អគិ្គ​ស​នី  ​​​សមាហរណកម្ម​សម្អាត​មីន​ និងចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ ។ ជាមួយគ្នានេះ ជប៉ុនបានផ្តល់អ្នកជំនាញនិងអ្នកស្ម័គ្រចិត្តចំនួន៧២នាក់ សម្រាប់ឆ្នាំ២០១៦ លើវិស័យសុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ កីឡា និងកសិកម្ម ។ និស្សិតកម្ពុជាដែល​កំពុងសិក្សានៅ​ប្រទេស​ជប៉ុន​មានចំនួន៥០៩នាក់​ និងនិស្សិតយោធាមានចំនួន​១១នាក់ ។ កម្មសិក្សាការីកម្ពុជានៅជប៉ុនមានចំនួន​ប្រមាណ​​​៣.៣០០នាក់ ដែលកំពុង​ហ្វឹ​ក​ហ្វឺន​ផ្នែកកសិកម្ម នេសាទ សំណង់ ផលិតកម្មអាហារ កាត់ដេរ គ្រឿងយន្ត និងលោហធាតុ។

– ជាមួយសាធារណរដ្ឋកូរ៉េ

ក្នុងរយៈពេល១៩ឆ្នាំកន្លងមកនេះ កិច្ចសហ​ប្រតិបត្តិការកម្ពុជាកូរ៉េប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងកូរ៉េ មានការរីកចម្រើន​គួរ​ឲ្យកត់​សម្គាល់ស្ទើរគ្រប់វិស័យ។ នៅក្នុងកិច្ចប្រជុំលើកទី៣នៃគណៈកម្មការចម្រុះកម្ពុជា-​កូរ៉េ កាលពី​ខែមីនា ឆ្នាំ​២០១៦ នៅ​ភ្នំ​ពេ​ញ ភាគី​ទាំងពីរបានឯកភាព​ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន២ពាន់លានដុល្លារ​អាមេរិកនៅឆ្នាំ២០២០ ។ កូរ៉េបានផ្តល់ជំនួយឥតសំណងប្រមាណ២៣លានដុល្លារអាមេរិកសម្រាប់​វិស័​យ​អា​កាសចរណ៍ស៊ីវិល កសិកម្ម សាធារណការ សុខាភិបាល អភិវឌ្ឍន៍ជនបទ ហិរញ្ញវត្ថុ ផ្សារ​មូលប័ត្រ និងវប្បធម៌។ កូរ៉េ​បានផ្តល់​កម្ចី​សម្បទាន​ចំនួនជាង១៣លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍ​ស្ទឹងសៀមរាបជំហានទី២ និងបានផ្តល់វគ្គ​បណ្តុះ​បណ្តាល​​ខ្លីដល់មន្ត្រីរាជការចំនួន១០៨នាក់ និងផ្តល់​អាហារូបករណ៍ថ្នាក់អនុបណ្ឌិត​​ចំនួន​២០កន្លែង នៅសាធារណរដ្ឋកូរ៉េ ។

 – ជាមួយប្រទេសឥណ្ឌា

ឥណ្ឌាជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យទីមួយក្នុងតំបន់ ដែលបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជា និងបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៨១ ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ត្រូវបានពង្រឹងពង្រីកនៅក្នុងវិស័យ​ អភិវឌ្ឍធនធានមនុស្ស អប់រំ យោធា កសិកម្ម ពាណិជ្ជកម្ម វប្បធម៌ ការអភិរក្សនិងការជួសជុលប្រាសាទ ។ល។ រយៈពេល៦ខែដើមឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌាមានចំនួន ៥៨,៥២លានដុល្លារអាមេរិក ឥណ្ឌាបានបោះទុនវិនិយោគនៅកម្ពុជាមានចំនួន១០៨លានដុល្លារអាមេរិក និងបានផ្តល់ឲ្យមន្ត្រីកម្ពុជាចំនួន ១២៩នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅឥណ្ឌា ។

 ក.២. កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសក្នុងតំបន់អឺរ៉ុប

បច្ចុប្បន្នកម្ពុជាមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន៥០នៅតំបន់អឺរ៉ុប ដែលជាទីផ្សារមួយដ៏សំខាន់សម្រាប់​ផលិតផលកម្ពុជា ហើយប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុបនេះ ជាប្រទេសផ្តល់ជំនួយដ៏សំខាន់ដល់​កម្ពុជាផងដែរ ។ ជារួមនៅឆ្នាំ២០១៦កន្លងមក ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងបណ្តាប្រទេសនៅតំបន់អឺរ៉ុប មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។

ប្រទេសសំខាន់ៗដែលជាដៃគូអភិវឌ្ឍមានដូចតទៅនេះ ៖

– ជាមួយសហព័ន្ធរុស្ស៊ី

ឆ្នាំ ២០១៦ ត្រូវបានចាត់ទុកជាឆ្នំាពិសេស ដែលប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ីបានបា្ររព្ធខួបលើកទី៦០នៃទំនាក់ទំនងការទូត ហើយជាឱកាសមួយដែលកម្ពុជានិងរុស្ស៊ីបានគូសបញ្ជាក់សាជាថ្មី ពីមិត្តភាពដ៏រឹងមាំប្រកបដោយភាពទុកចិត្តគ្នាទៅវិញទៅមកនិងឈានទៅដល់ការពង្រឹងពង្រីកកិច្ចសហប្រតិបតិ្តការប្រកបដោយផ្លែផ្កា ។ នៅក្នុងឱកាសទស្សនកិច្ច​ សមេ្ដច​តេជោ នៅរុស្ស៊ី កាលពីខែឧសភា ឆ្នាំ២០១៦ ឯកសារចំនួន៨លើវិស័យយុត្តិធម៌ កិច្ចការនគរបាល បច្ចេកទេសយោធា ទូរគមនាគមន៍​និង​បច្ចេកវិទ្យាព័ត៌មាន កីឡា ពាណិជ្ជកម្មនិងវិនិយោគ និងថាមពលនុយក្លេអ៊ែរ ត្រូវបានចុះហត្ថលេខា ។ ជាការគួរឲ្យកត់សម្គាល់ នៅក្នុងឱកាសទស្សន​កិច្ច​ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នៅរុស្ស៊ី កាលពីខែតុលា ឆ្នាំ២០១៦ ​ឯកឧត្ដមសឺហ្គេ ឡាវរ៉ូវ បាន​ចាត់ទុក​កម្ពុជាជា​ដៃគូ​យូរអង្វែងនិង​គួរឲ្យ​ទុកចិត្តនៅ​អាស៊ីអាគ្នេយ៍​។ ​

 – ជាមួយសាធារណរដ្ឋបារាំង

បារាំងគឺជាដៃគូយ៉ាងសំខាន់របស់កម្ពុជាក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌ វិនិយោគ ​។ ក្នុងឱកាសទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំងកាលពិខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្សង់ ម៉ាក់ អៃរ៉ូល រដ្ឋមន្រ្តី​​កា​របរទេសនិងអភិវឌ្ឍន៍​អន្តរជាតិ​បារាំង ដោយផ្តោតសំខាន់លើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌បេតិកភណ្ឌ ការវិនិយោគ ការផ្តល់​ឥណទាន​ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង  ទេសចរណ៍  និងអាហារូបករណ៍ ។ ជាមួយគ្នានេះ សន្និ​សីទ​​​ក្រោមប្រធានបទ «ស្មារ​តីនៃ​​​សុន្ទរក​​ថាទីក្រុង​​​​​ភ្នំពេញ និងប្រទេស​​​កម្ពុជា»  ដើម្បីរំលឹក​​​​ខួបលើកទី​៥០ឆ្នាំនៃដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ Charles de Gaulle អតីត​ប្រធានា​ធិបតី​​នៃសាធារណរដ្ឋ​បារាំងនៅកម្ពុជា បានប្រព្រឹត្តទៅកាលពីខែតុលា ឆ្នាំ២០១៦ ។ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មកម្ពុជា-បារាំង មានចំនួនប្រមាណ ២០៤លានដុល្លារអាមេរិក (បារាំងបាននាំចូលអង្ករពីកម្ពុជាចំនួន៤៨.២២៧តោន ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០១៦) ។

– ជាមួយប្រទេសផ្សេងទៀតនៅអឺរ៉ុប

ក្នុងឆ្នាំ២០១៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងហិរញ្ញវត្ថុមានទឹកប្រាក់ជាង៤០លានអឺរ៉ូ  ស្វីសបាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ចំនួនជិត៣០លានហ្រ្វង់ស្វីស (ប្រហែល៣១លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០១៣-២០១៧ លើវិស័យធំៗ៤៖ មន្ទីរពេទ្យគន្ធបុប្ផា អភិបាលកិច្ច កសិកម្មនិងសន្តិសុខស្បៀង និងការអប់រំ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ អង់គ្លេសបានផ្តល់អាហារូបករណ៍Chevening ថ្នាក់ក្រោយឧត្តមសិក្សា​ចំនួន​២០កន្លែងដល់និស្សិតកម្ពុជា ស៊ុយអែតបានផ្តល់ជំនួយដល់កម្ពុជាចំនួន១ពាន់លានក្រោនស៊ុយអែតសម្រាប់ឆ្នាំ២០១៤ដល់២០១៨ ដើម្បី​អនុវត្តគម្រោងលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងនីតិរដ្ឋ អប់រំនិងទីផ្សារការងារ និង​អាកាស​ធាតុ​និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ។ល។

ក.៣. កិច្ចសហប្រតិបត្តិការកម្ពុជាជាមួយប្រទេសក្នុងទ្វីបអាមេរិក

បច្ចុប្បន្ននេះ កម្ពុជាមានទំនាក់ទំនងការទូតជាមួយ២៨ប្រទេសនៅតំបន់អាមេរិក។ ទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជានិងបណ្តាប្រទេសនៅតំបន់អាមេរិក មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

– ជាមួយសហរដ្ឋអាមេរិក

ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ នៅក្នុងឆ្នាំ២០១៦ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហ​ប្រតិបត្តិការសម្រាប់ការអនុវត្តកម្មវិធី សុខភាពសាធារណៈ និងការអប់រំ» ដែលមានទឹកប្រាក់ចំនួន ២៤លានដុល្លារអាមេរិកសម្រាប់ កម្មវិធីកសិកម្ម​និង​បរិស្ថាន ដែលមានទឹកប្រាក់ចំនួនជាង១១លានដុល្លាអាមេរិកសម្រាប់ឆ្នាំ២០១៦។ អាមេរិកបានផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជាលើការនាំចេញផលិតផលសម្រាប់ការធ្វើដំណើរ (កាបូបដាក់ខោរអាវ កាបូបយួរ…) និងផ្តល់ជំនួយចំនួនជាង១២ម៉ឺន​ដុល្លារអាមេរិកក្រោមមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់អភិរក្សវប្បធម៌ដើម្បីអភិរក្សប្រាសាទចំនួន២៤កន្លែងនៅកម្ពុជា។

– ជាមួយបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាមេរិក

កម្ពុជាមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយបណ្តាប្រទេសជាច្រើនផ្សេងទៀតនៅតំបន់អាមេរិក ជាពិសេសជាមួយ៖  កាណាដា គុយបា ប្រេស៊ីល អាហ្សង់ទីន ម៉ិចសិក កូឡុំប៊ី ឈីលី និងអេក្វាទ័រ ដែលក្នុងចំនួននេះ ទំនាក់ទំនងរវាងកម្ពុជា និងគុយបា ជាទំនាក់ទំនងមិត្តភាពប្រពៃណីដ៏យូលង់ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ ។ ជាមួយនឹងការជួយឧបត្ថម្ភដល់កម្ពុជាក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ពីរបបប្រល័យពូជសាសន៍ ប៉ុលពត គុយបា​នៅបន្តជួយអភិវឌ្ឍកម្ពុជា ជាពិសេសនៅក្នុងវិស័យសិក្សាធិការ និងសុខាភិបាល ។ ក្នុងពេលបច្ចុប្បន្ននេះ និស្សិតកម្ពុជាចំនួន២២នាក់ កំពុងសិក្សានៅគុយបា ដែលភាគច្រើនសិក្សាលើជំនាញសុខាភិបាល ។

ក.៤. កិច្ចសហប្រតិបត្តិការកម្ពុជាជាមួយប្រទេសនៅទ្វីបអាហ្រិ្វកមជ្ឈឹមបូព៌ា

រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាបានសម្រេចភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសនៅតំបន់អាហ្រ្វិកចំនួន៤៧  ក្នុងចំណោមប្រទេស ៥៤ នៅតំបន់អាហ្វ្រិក ។ ក្នុងចំណោមប្រទេសទាំងអស់នោះ ប្រទេសដែលមាន​ទំនាក់ទំនងជិតស្និទ្ធជាមួយ​កម្ពុជាក្នុ​ង វិស័យនយោបាយ ពាណិជ្ជកម្ម អប់រំ វប្បធម៌ និងទេសចរណ៍ មានជាអាទិ៍ អេហ្ស៊ីប  ម៉ារ៉ុក អាល់ហ្សេរី សីស្ហែល និងអាហ្រ្វិកខាងត្បូង ។ល។ នៅក្នុងឆ្នាំ២០១៦ កម្ពុជាបានសម្រេចបើកស្ថានទូតនៅទីក្រុងគែរប្រទេសអេហ្ស៊ីប និងបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីស្រាអែល ។

. កិច្ចសហប្រតិបត្តិការថ្នាក់​អនុតំបន់ និងតំបន់

ខ.១. កិច្ចសហប្រតិបត្តិការថ្នាក់អនុ​តំបន់

កម្ពុជាបានចូលរួមក្នុងកិច្ចសហ​ប្រតិបត្តិការថ្នាក់អនុតំបន់សំខាន់ៗមាន៖

-កិច្ចសហ​ប្រតិបត្តិការមេគង្គ៖ កិច្ចសហប្រតិបត្តិការផ្តោតសំខាន់លើ ​ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង​និងអភិវឌ្ឍន៍ ធនធាន​ទឹក សេដ្ឋកិច្ចឆ្លងដែន ការកាត់​បន្ថយ​ភាពក្រីក្រ ។ល។

-កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV)៖ ក្នុងឆ្នាំ២០១៦កន្លងទៅ ថ្នាក់ដឹកនាំបានឯកភាពពន្លឿនការសាងសង់និងកែលម្អហេដ្ឋារចនាសម្ព័ន្ធតាមច្រករបៀងសេដ្ឋកិច្ច សម្រួលការដឹកជញ្ជូនតាមផ្លូវអាកាស ជំរុញពាណិជ្ជកម្មនិងបង្កើតទីផ្សារតាមព្រំដែន ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងបួនដើម្បីប្រែក្លាយទៅជា «ប្រទេសបួនទិសដៅតែមួយ»

-កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-វៀតណាម (CLV) ៖ ១៥គម្រោងអាទិភាព និងកិច្ចព្រមព្រៀង ស្តីពីការលើកកម្ពស់និងការសម្រួលពាណិជ្ជកម្មក្នុងតំបន់CLV ត្រូវបានអនុម័តកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងឱកាសកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាមលើកទី៩ នៅខេត្តសៀមរាប ។

-យុទ្ធសាស្ត្រ​​កិច្ចសហ​ប្រតិបតិ្តការ​សេដ្ឋ​កិច្ច​មេគង្គចៅប្រ៉ាយ៉ាអាយីយ៉ាវ៉ាឌី (ACMECS) ៖ កិច្ចប្រជុំកំពូលលើកទី៧ ខែតុលា ឆ្នាំ២០១៦ បាន​សម្រេច​ជំរុញការតភ្ជាប់ការដឹកជញ្ជូន ពង្រឹង​ភាព​ប្រកួតប្រជែង​សហគ្រាស​ធុនតូចនិងមធ្យម  ពន្លឿនការអនុវត្តផែនការ​សកម្មភាព​ទេសចរណ៍​ ACMECS​ (២០១៦-២០១៨) និងជំរុញការអភិវឌ្ឍលើវិស័យកសិកម្ម និងពាណិជ្ជកម្មលើផលិតផលកសិកម្ម ។

ខ.២. កិច្ចសហប្រតិបត្តិការថ្នាក់តំបន់

– ជាមួយអាស៊ាន

កម្ពុជាបានចូល​រួម​សហការ​យ៉ាងសកម្មជាមួយនឹង​ប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីធ្វើឲ្យសម្រេចបាននូវគោលដៅរបស់អាស៊ានជាសហគមន៍មួយ​ដោយផ្អែកលើ​វិធានច្បាប់ ​យកចិត្តទុកដាក់លើប្រជាជន និងយកប្រជាជនជាស្នូល​ស្របតាម “ទស្សនវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៏តែមួយ” ។

នៅក្នុងឆ្នាំ២០១៦កន្លងទៅនេះ កម្ពុជាបានចូលរួមកិច្ចប្រជុំជាច្រើនរបស់អាស៊ាន ដែលមានជាអាទិ៍៖

-កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨ និងទី២៩ កិច្ចប្រជុំកំពូលរំលឹកខួប​អនុស្សាវរីយ៍២៥ឆ្នាំនៃទំនាក់​ទំនងអាស៊ាន-ចិន កិច្ចប្រជុំកំពូលរំលឹកខួប​អនុស្សាវរីយ៍២០ឆ្នាំនៃទំនាក់ទំនងអាស៊ាន​​​​-រុស្ស៊ី​ កិច្ចប្រជុំកំពូលពិសេសរបស់​​ថ្នាក់ដឹកនាំអាស៊ាន-សហរដ្ឋអាមេរិកនិងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀតសរុបចំនួន១១កិច្ចប្រជុំ។

-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀត កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៤៩ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានពិសេសស្តីពីបញ្ហារូហ៊ីនយ៉ា កិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសពាក់ព័ន្ធដទៃទៀតសរុបមានចំនួន២៣កិច្ចប្រជុំ។

-កិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន ថ្នាក់អគ្គនាយក និងកម្រិតដទៃទៀតសរុបចំនួន៩៦កិច្ចប្រជុំ ។

  • ជាលទ្ធផល កិច្ចប្រជុំកំពូលបានអនុម័ត៖ សេចក្តីថ្លែងការណ៍ស្តីពី អាស៊ានមួយ ការឆ្លើយ​តបតែ​មួយ ការ​ឆ្លើយតបរបស់អាស៊ាន តែមួយទៅនឹងគ្រោះមហន្តរាយនានានៅក្នុងតំបន់ និងនៅក្រៅតំបន់ – ផែនការការងារទី៣នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ការផ្លាស់ប្តូរពីការងារក្រៅប្រព័ន្ធទៅជាការងារក្នុងប្រព័ន្ធ​ដើម្បី​ឆ្ពោះទៅរកការលើកកម្ពស់ការងារសមរម្យនៅក្នុងអាស៊ាន សេចក្តីប្រកាសរួមអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់សន្និសីទលើកទី២២នៃ​ភាគី ​អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ល។
  • នៅក្នុងរាល់កិច្ចប្រជុំ កម្ពុជាបានខិតខំចូលរួមចំណែកបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង តាមរយៈការចូលរួមសម្របសម្រួលទំនាក់ទំនងអាស៊ាន-ចិនដោយឈរលើជំហរអព្យាក្រឹត្យ និងជំរុញការដោះស្រាយជម្លោះដោយភាគី​ពាក់ព័ន្ធ​ផ្ទាល់ ​ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ។ ជាការគួរឲ្យកត់សម្គាល់នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន​​លើកទី៤៩ នៅទីក្រុងវៀងច័ន្ទ ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានខិតខំ​សម្របសម្រួលរវាងសមាជិកអាស៊ាន និងចិន ជៀសវាងបាននូវការផ្ទុះជម្លោះកាន់តែខ្លាំង រក្សាបាន​ទំនាក់ទំនងអាស៊ាន-ចិន រហូតឈានដល់ការសម្រេចចេញបាននូវសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រី​ការបរទេសអាស៊ាន។ ជាមួយគ្នានេះកម្ពុជានឹងបន្តលើកទឹកចិត្តអាស៊ាន និងចិន អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដែលបានចុះហត្ថលេខា​​នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០២ ឲ្យមានប្រសិទ្ធភាព​ និងបានពេញលេញ និងបន្តគាំទ្រដល់ជំហានទៅមុខជាវិជ្ជមាន ដើម្បីបញ្ជៀសការប្រឈមមុខ ឫុការប៉ះទង្គិច​ណាមួយនៅសមុទ្រចិនខាងត្បូង ព្រមទាំងបង្កើត​នូវបរិយាកាសអំណោយផល ដើម្បីឈានទៅសម្រេចឱ្យបាននូវក្រមប្រតិបត្តិ​នៅសមុទ្រចិនខាងត្បូង(COC)​ឲ្យបានឆាប់។
  • យោងតាមគំនិតផ្តួចផ្តើមរបស់កម្ពុជា “មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន(ARMAC)” ត្រូវបានសម្រេចបង្កើតក្នុងឆ្នាំ២០១២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ។

– ជាមួយសហភាពអឺរ៉ុប (European Union)

កម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៩៧ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ​ ការការពារបរិស្ថាន និងការគ្រប់គ្រងប្រកប​ដោយចីរភាពនូវធនធានធម្មជាតិ។

-កម្ពុជា-សហភាពអឺរ៉ុប បានចុះហត្ថលេខាលើកម្មវិធីណែនាំពហុឆ្នាំ២០១៤-២០២០ (Multi-Annual Indicative Program-MIP) នៅថ្ងៃទី២៨ ឧសភា ២០១៥ មានទឹកប្រាក់៤១០លានអឺរ៉ូ សម្រាប់វិស័យកសិកម្ម និងការ គ្រប់គ្រងធនធានធម្មជាតិ អប់រំ   អភិបាលកិច្ចល្អ ​។ល។

-រយៈពេល៦ខែដើមឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយសហភាពអឺរ៉ុបមានចំនួនប្រមាណ ២១៥៩,៨៣លានដុល្លារអាមេរិក ។

ដោយឡែក កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយអង្គការតំបន់ផ្សេងទៀត ដែលមានជាអាទិ៍  «អង្គការហ្រ្វង់កូហ្វូនី» «កិច្ចប្រជុំអាស៊ីអឺរ៉ុប(ASEM)» «កិច្ចសន្ទនាស្តីពីកិច្ចសហប្រតិបត្តិការអាស៊ី (ACD)» «សន្និសិទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) » ។ល។

. កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ

ជារួម កិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយក្រុមភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជានិងអង្គការអន្តរជាតិនានាមានលក្ខណៈល្អប្រសើរ ទោះបីជាក្នុងឆ្នាំ២០១៦មានបញ្ហាប្រឈម​ខ្លះៗពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សបង្កឡើងដោយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប នៅភ្នំពេញយ៉ាងក៏ដោយ ។ ជាមួយគ្នានេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានធ្វើឲ្យសម្រេចសមិទ្ធផលផ្សេងៗគួរជាទីមោទនៈក្នុងការលើកកម្ពស់មុខមាត់ប្រទេសជាតិលើវេទិកាអន្តរជាតិ តាមរយៈការចូលរួមយ៉ាងសកម្ម និងសហការជាមួយអង្គការអន្តរជាតិនានាដូចខាងក្រោម៖​

-​ អង្គការសហប្រជាជាតិ

  • ចូលរួមគាំទ្រសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការទាំង៦ និងរបស់កិច្ចប្រជុំពេញអង្គរបស់ មហាសន្និបាត អ.ស.ប ចំនួន១៧៣ ដែលក្នុងចំនួននេះកម្ពុជាបានចូលជាប្រទេសតាក់តែងសេចក្តីសម្រេចចិត្ត (Co-sponsor) ចំនួន៦ បោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តចំនួន៥៤ បោះឆ្នោតប្រឆាំងចំនួន​៧ បោះឆ្នោតអនុប្បវាទចំនួន២ ចូលរួមជាកុងសង់ស៊ុសចំនួន១០២ និងប្រកាន់ជំហរអវត្តមានចំនួន២។
  • កម្ពុជាបានដាក់បេក្ខភាពជាអនុប្រធានសម័យប្រជុំមហាសន្និបាតអ.ស.បលើកទី៧៣ សម្រាប់អាណត្តិចាប់ពីខែកញ្ញា ឆ្នាំ២០១៨​ ដល់ ខែកញ្ញា ឆ្នាំ២០១៩ និងនៅក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម អ.ស.បECOSOC ក្នុងអាណត្តិឆ្នាំ២០១៩ ។
  • កម្ពុជាបានទទួលការគាំទ្រជាឯកច្ឆ័ន្ទធ្វើជាប្រធានសម័យប្រជុំលើកទី១១ របស់គណៈកម្មាធិការនៃអនុសញ្ញា ទីក្រុង ឡាអេឆ្នាំ១៩៥៤ ស្តីពីការការពារបេតិកភ័ណ្ឌវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធពីខែធ្នូ ឆ្នាំ២០១៦ ដល់ខែធ្នូ ឆ្នាំ២០១៧ ។
  • ចាប់ពីឆ្នាំ​២០០៦ ដល់​ឆ្នាំ២០១៧​ កម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាពពិភពលោក​ក្រោម​ក្របខ័ណ្ឌ អ.ស.ប ​មានចំនួន៤.៣៦៧នាក់ (ស្រ្តី១៦៧នាក់)​​ ទៅប្រទេស​៨៖ ម៉ាលី​ លីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិក កណ្តាល ស៊ីប​ ស៊ីរី និងឆាដ។

–  កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអង្គការអន្តរជាតិ

ប្រទេសកម្ពុជាមានកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយអង្គការអន្តរជាតិមួយចំនួនដែលមានជាអាទិ៍៖ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន (កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន នៅថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងភ្នំពេញ) អង្គការពាណិជ្ជកម្មពិភពលោក​ (កម្ពុជាត្រូវបានជ្រើសរើសធ្វើជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមក្របខណ្ឌ​អង្គកា​រ​ពាណិជ្ជកម្មពិភពលោក នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦) ធនាគារអភិវឌ្ឍន៍អាស៊ី ADB (កម្ពុជា និងADBបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានដែលមានទឹកប្រាក់សរុប ២១៣លានដុល្លាអាមេរិក)​ ។

. កិច្ចការច្បាប់ កុងស៊ុល និងពំ្រដែន

  • មកដល់បច្ចុប្បន្ននេះកម្ពុជាបានលើកលែងទិដ្ឋាការជាមួយប្រទេសចំនួន២៩ប្រទេស ។
  • កម្ពុជាបានស្នើសុំអាមេរិកផ្អាកបណ្តោះអាសន្នការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើមាតុភូមិ និវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកមកកម្ពុជា ដើម្បីសិក្សានិងធ្វើវិសោធនកម្មអនុស្សរណៈនេះឡើងវិញ។
  • ចូលរួមសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីទប់ស្កាត់ការជួលស្រ្តីខ្មែរឲ្យពពោះជំនួសជនបរទេស និង ​បា​នចូលរួមរៀបចំច្បាប់ស្តីពីការគ្រប់គ្រងការពពោះជំនួស។
  • លើកសំណើរជំរុញឲ្យថៃប្រជុំយន្តការថ្នាក់ជាតិ ដើម្បីអនុវត្តវិធីល្បាតតាមព្រំដែនដោយ​សហការ និងធ្វើការ​អង្កេត​ក្នុងករណី​មានការបាញ់ស្លាប់ឬធ្វើឲ្យរបួសពលរដ្ឋខ្មែរ ដើម្បីឈានទៅបំបាត់ទាំងស្រុងការលួចឆ្លង​ដែនទៅ​កាប់ឈើខុសច្បាប់នៅដីថៃ ។
  • ក្នុងឆ្នាំ២០១៦ ក្រសួងបានជួយសង្រ្គោះនិងធើ្វមាតុភូមិនិវត្ដន៍ពលរដ្ឋខ្មែរពីបរទេស​សរុបចំនួន៨១៥​នាក់ ក្នុងនោះ ជនរងគ្រោះដោយអំពើជួញដូរមនុស្សមានចំនួន ៣៦៦ នាក់។ ជាការគួរកត់សម្គាល់ក្នុងឆ្នាំ២០១៦ កម្ពុជាបានបញ្ជូន​ពលករ​ ទៅធ្វើការនៅ​ក្រៅប្រទេសមានចំនួន ៨៥.៥៧៦នាក់
  • ព្រំដែនកម្ពុជាវៀតណាម
    • គណៈកម្មាធិការចំរុះកិច្ចការព្រំដែននៃប្រទេសទាំងពីរ បានបោះបង្គោលព្រំដែនបានចំនួន ៣១៤ លើ ​៣៧៥ ស្មើនឹង៨៤%។
    • នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខារួមគ្នាលើលិខិតផ្ញើជូនឯកឧត្តមប្រធានាធិបតីបារាំង ​Francois Hollande ស្នើសុំអ្នកបច្ចេកទេសបារាំងខាងផ្នែកផែនទីវិទ្យា ដើម្បីចម្លងខែ្សផែន​ទី​ពីផែន​ទី​បោន ខ្នាត ១/១០០.០០០ មកលើផែនទី UTM ខា្នត ១/៥០.០០០។
    • កម្ពុជាបានធ្វើកំណត់ទូតទៅវៀតណាមជាច្រើនដើម្បីតវ៉ាប្រឆាំងនឹងការរំលោភបំពានតាមព្រំដែន។
  • ព្រំដែនកម្ពុជា-ឡាវ
    • គណៈកម្មាធិការចំរុះកិច្ចការព្រំដែននៃប្រទេសទាំងពីរ បានធ្វើការបោះបង្គោលព្រំដែនបានចំនួន១២១ លើ ១៤៥ ស្មើនឹង ៨៦%។
  • ពំ្រដែនកម្ពុជាថៃ
    • គណៈកម្មាធិការចំរុះកិច្ចការព្រំដែននៃប្រទេសទាំងពីរបានស្វែងរកបង្គោលព្រំដែន និងកំណត់ទីតាំង​បង្គោល​ព្រំដែនចាស់ដែលបន្សល់ទុកពីសម័យអាណានិគមបារាំង-សៀម (សរុបចំនួន ៧៣បង្គោល) ក្នុងនោះរកឃើញចំនួន ៦៥ ទីតាំង ហើយភាគីទាំងពីរឯកភាពចំនួន៤០ទីតាំង និងមិន​ឯកភាព​​ចំនួន ២៥ទីតាំង។
    • ក្នុងចំណោមបង្គោលទាំង៦៥ដែលបានរកឃើញនោះ ក្រុមការងារបច្ចេកទេសកម្ពុជា-ថៃបានចុះហត្ថលេខា​​ លើរបាយការណ៍លទ្ធផលវាស់វែងបង្គោលព្រំដែនបានចំនួន១៤ បង្គោល ។
    •  -ទិសដៅការងារក្នុងឆ្នាំ២០១៧    ជារួមសមិទ្ធផលសំខាន់ៗដែលសម្រេចបានដូចជម្រាបជូនខាងលើ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាល ​។ ដើម្បីឆ្លើយតបបញ្ហាប្រឈមសំខាន់ៗចំពោះមុខ និងធ្វើឲ្យសម្រេចជោគជ័យជូនជាតិមាតុភូមិ ក្រសួង​ការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ បាននិងកំពុងបន្តខិតខំក្នុងការពង្រឹងតួនាទីទទួលខុសត្រូវរបស់ខ្លួនក្នុងការកំណត់ទិសដៅការងារជាយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៧ ដែលមានជាអាទិ៍ ៖ ការបន្តអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅផ្ទៃក្នុង ការត្រៀមលក្ខណៈរៀបចំទស្សនកិច្ចរបស់ថ្នាក់ដឹកនាំទៅក្រៅប្រទេស ត្រៀមទទួលគណៈប្រតិភូថ្នាក់ដឹកនាំបរទេសមកបំពេញទស្សនកិច្ចនៅកម្ពុជា  បន្តដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម ឡាវ និងថៃ បន្តចរចាជាមួយសហរដ្ឋអាមេរិកឲ្យផ្អាកការចាត់បញ្ជូនពលរដ្ឋខ្មែរខុសច្បាប់ពីអាមេរិកមកកម្ពុជា និងធ្វើវិសោធនកម្ម “អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងអាមេរិកស្តីពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក” បន្តខិតខំការពារផលប្រយោជន៍ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅក្រៅប្រទេស ។ល។

សូមអរគុណ!