សេចក្តីប្រកាសព័ត៌មាន

  • កុម្ភៈ ២៨, ២០១៧

ស្ថាន​ទូត​កម្ពុជា​នៅ​ប្រទេស​ម៉ា​ឡេស៊ី​ និង​ចិន​ ជួយ​សង្រ្គោះ​ពល​រដ្ឋ​ខ្មែរ​ចំនួន​៥​នាក់​

. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយដោះស្រាយបញ្ហា និងរៀបចំមាតុ​​ភូមិ​​និវត្តន៍​​​​របស់ពលរដ្ឋខ្មែរចំនួន៤នាក់ ដូចខាងក្រោម៖

ស្រ្តីឈ្មោះ យ.ស.ល  អាយុ២៣ឆ្នាំ មកពីស្រុកចំការលើ ខេត្តកំពង់ចាម រួមនឹងកូន​ប្រុស​​អាយុ ៣ឆ្នាំ  ត្រូវបាន​មេខ្យល់បោកបញ្ឆោតនាំទៅម៉ាឡេស៊ីដោយខុសច្បាប់ ​ដោយ​ធ្វើ​ដំណើរតាមរថយន្តកាត់ តាមព្រំដែនថៃ ទៅធ្វើជាអ្នក​សុំ​ទាន ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ ​នៅថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០១៧ នាង​បាន​ស្នើសុំស្ថាន​ទូត​ជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានចេញថ្លៃ​បង់ពិន័យ​ជូន​ការិយាល័យ ​​អន្តោប្រវេសន៍ម៉ាឡេស៊ី និងឧបត្ថម្ភសំបុត្រយន្តហោះជូនអ្នកទាំងពីរ ដើម្បីបានត្រឡប់មកកម្ពុជា។

ពលការិនី ជ.ស.ខ អាយុ៣៥ឆ្នាំ មកពីស្រុកតំបែរ ខេត្តកំពង់ចាម ត្រូវបានមេខ្យល់បោកបញ្ឆោត នាំទៅធ្វើការជាអ្នកបោសសំអាតនៅម៉ាឡេស៊ី ពីខែសីហាឆ្នាំ២០១៦​ ដោយធ្វើដំណើរតាមរថយន្ត​កាត់តាម​ព្រំដែនថៃ។ ដោយពុំអាចទ្រាំនឹងការងារលំបាក នាងបានស្នើស្ថានទូតជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

ពលការិនី​ ស.ន អាយុ៣៧ឆ្នាំ មកពីស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បានទៅម៉ាឡេស៊ីធ្វើការ​ជាអ្នក​បោសសំអាត ​នៅខែវិច្ឆិកា ឆ្នាំ២០១៦ តាមការណែនាំរបស់មេខ្យល់។  ដោយពុំអាចទ្រាំនឹងការងារលំបាក ពលការិនីបានទៅស្ថានទូតនៅ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ព្រមទាំងសម្រប​សម្រួលជា​មួយ​ការិយាល័យ​ អន្តោប្រវេសន៍ម៉ាឡេស៊ី​ ជូនអ្នកទាំង៤ មុនពេលរៀបចំមាតុភូមិនិវត្តន៍របស់ពួកគេ។

ពលរដ្ឋខ្មែរទាំងនាក់ នឹងមកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៥០នាទីព្រឹក តាម​ជើង​យន្តហោះ​ AK536

. ឆ្លើយតបនឹងការស្នើសុំពីម្តាយរបស់ស្រ្តីរងគ្រោះ ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បានណែនាំអោយស្ថានឯកអគ្គរាជទូតនិងស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសចិន អន្តរាគម​ជួយ​សង្រ្គោះនិងរៀបចំមាតុភូមិនិវត្តន៍​របស់ស្រ្តីខ្មែរម្នាក់ឈ្មោះ .ស.ទ អាយុ​២៨ឆ្នាំ ដែលចាញ់បោកមេខ្យល់​ទៅរៀបការជាមួយ​បុរសជនជាតិ​ចិន ហើយមានបំណងវិលត្រឡប់មកកម្ពុជាវិញ។

យោងតាមរបាយការណ៍របស់ស្ថានទូត ស្រ្តីរងគ្រោះ មកពី​ស្រុកស្ទឹងត្រង់ ខេត្ត​កំពង់ចាម ​ត្រូវ​បាន​​មេខ្យល់បញ្ចុះបញ្ចូលនាំទៅប្រទេសចិន និង​ចុះ​អេតាស៊ីវិលជាមួយបុរស​ចិនម្នាក់ដែល​មានសតិ​មិន​គ្រប់ ក្នុង​អំឡុងខែមេសា ឆ្នាំ២០១៤ នៅទីក្រុង​ Nanping នៃខេត្ត Fujian ប៉ុន្តែបានលែងលះគ្នាវិញ ក្នុងខែ​សីហា ឆ្នាំ២០១៤ ។ ​​បន្ទាប់​មក នាង​បានចុះ​អេតាស៊ីវិល​ជាមួយបុរស​ចិន​ម្នាក់ទៀត​នៅខែកញ្ញា ឆ្នាំ២០១៤ ក្នុងទីក្រុង​Nanping ដដែល។ ២ខែក្រោយ​មក នាងត្រូវបាន​គេបង្ខំ​អោយទៅរស់នៅជាមួយ​បុរសចិន​ផ្សេង​ទៀត នៅទីក្រុង ​Hanzhou នៃ​ខេត្ត Zhejian ។ នាងមិនទទួលរងអំពើហឹង្សាពីប្តីនោះទេ តែ​ធ្លាប់​ឈ្លោះទាស់​ទែងគ្នាជារឿយៗ។

ស្ថានទូតកម្ពុជាបានស្នើសុំការជួយអន្តរាគមន៍ពីក្រសួងការបរទេសចិនលើករណីនេះ  ហើយនៅថ្ងៃ​ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នគរបាលចិនបានទៅដល់ផ្ទះនារីរងគ្រោះនៅទីក្រុងHanzhou និងនាំនាងទៅ ប៉ុស្តិ៍នគរបាល ដើម្បីសួរនាំបន្ត។ នៅថ្ងៃទី១៩ ខែកុម្ភៈ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បាន ទទួលនាងពីប៉ុស្តិ៍នគរបាលHanzhou នាំទៅទីក្រុងសៀងហៃ ដើម្បីបន្តរៀបចំមាតុភូមិនិវត្តន៍មកកម្ពុជា។

ស្រ្តីរងគ្រោះ .ស.ទ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង២៣:១៥ នាទី តាមជើងយន្តហោះ MU 759

                                                               ភ្នំពេញ, ថ្ងៃទី​ ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៧