ដំណឹង

  • ខែ​មីនា 15, 2017

ឯកឧត្តមទេសរដ្ឋមន្រ្តីប្រាក់ សុខុន និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញ មិញ ធ្វើជាសហប្រធានក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំលើើកទី១៥នៃគណៈកម្មការចំរុះកម្ពុជា-វៀតណាម

តាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់​ សុខុន ​ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និង​​សហប្រតិបត្តិការអន្តរ​ជាតិ​នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម​ ផាម ប៊ិញ មិញ​​ (Pham Binh Minh) ​ឧបនា​យក​​​​រដ្ឋ​មន្រ្តី ​រដ្ឋ​មន្រ្តី​ការបរទេស​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រ​​តិ​ភូ​​អញ្ជើញ​​​ចូលរួម​​​​​​​​​កិច្ចប្រជុំ​លើកទី១៥របស់គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាមស្តីពី​កិច្ច​សហ​ប្រតិ​បត្តិ​​ការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ដនិងបច្ចេកទេស ដែល​​បាន​​ប្រព្រឹត្ត​​​ទៅនៅថ្ងៃទី​ ១៣-១៥​​​​​​ ខែមីនា ឆ្នាំ ២០១៧​ នៅទីក្រុង​ភ្នំពេញ​ ព្រះរាជា​ណា​ចក្រ​​​កម្ពុជា។

ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម​ ផាម ប៊ិញ មិញ​ បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។

ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ឯកឧត្តម​ ផាម ប៊ិញ មិញ​​ ក៏បានជួប​សម្ដែង​​ការ​​​គួរសមជាមួយ ​សម្ដេចអគ្គមហាពញាចក្រី ហេងសំរិន  ប្រធានរដ្ឋសភានៃ​ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា ​និងសម្ដេចក្រឡាហោម ស​ ខេង នាយករដ្ឋមន្រ្ដីស្តីទី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ។

នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៥ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីម្តងទៀតពីជំហរប្រទេស​របស់​ខ្លួនក្នុងការធ្វើឱ្យចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងពង្រឹងបន្ថែមទៀតនូវយន្ដការសកម្មភាពសហប្រតិបត្តិការដែលមានស្រាប់ ដែលប្រទេសទាំងពីរបាននិងកំពុងតែអនុវត្ត ដើម្បីជាផលប្រយោជ​ន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ ។ ឆ្លៀតឳកាសនៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានគូសបញ្ជាក់​ពីលទ្ធផលវិជ្ជ​មាន​នៃដំណើរទស្សនកិច្ចរបស់ឥស្សរជនសំខាន់ៗនៃប្រទេសទាំងពីរមានដូចជា ទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសវៀតណាមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២០-២១ ខែធ្នូ ឆ្នាំ ២០១៦  ខណៈពេលដែលមានដំណើរទស្សនកិច្ចដោយឡែកពីគ្នាមកកាន់ប្រទេស
កម្ពុជារបស់ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ
ង្វៀន ធីគីមងិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី១៤-១៦ ខែមិថុ​​នា និង២៧-២៨ ខែកញ្ញា ឆ្នាំ២០១៦។

កិច្ចប្រជុំបានសំដែងការពេញចិត្តជាមួយនឹងលទ្ធផលវិជ្ជមានលើវិស័យជាច្រើននៃកិច្ចសហ​ប្រតិបត្តិការ​​ដូចជា ការអប់រំ និងបណ្តុះបណ្តាល កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បរិស្ថាន រ៉ែ និងថាមពល ធុរកិច្ច និងវិនិយោគ ទេសចរណ៍​ ហិរញ្ញវត្ថុ និងធនាគារ សុខុមាលភាព​សង្គម ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្ម ។ល។

នៅលើវិស័យអប់រំ និងបណ្តុះបណ្តាល កម្ពុជា​​បានយល់ព្រមផ្តល អាហារូបករណ៍មួយចំនួនដល់និស្សិតវៀតណាម ក្នុងកំរិតបរិញ្ញាបត្រ បរិញ្ញា​បត្រ​​ជាន់ខ្ពស់ និងកម្មវិធីសិក្សាភាសាខ្មែរ។ វៀតណាមក៏បានយល់ព្រមផ្តល់អាហា​រូបក​រណ៍​​ចំនួន​១១៦០កន្លែង (អាហារូបករណ៍រយៈពេលវែង និងរយៈពេលខ្លី) ដល់និសិ្សតកម្ពុជាលើមុខវិជ្ជាជាច្រើន។ លើសពីនេះទៅទៀត ភាគីទាំងពីរបានឯកភាពក្នុងការតំឡើងប្រាក់បៀវត្សដល់និសិ្សតអាហារូប​ករណ៌ដែលកំពុងសិក្សានៅក្នុងប្រទេសនីមួយៗ ដើម្បីមានការរស់នៅល្អជាងមុន។

ចំពោះកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភាគីទាំងពីរបានយល់ព្រមបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ ប្រយុទ្ធ និងរឹតបន្តឹងពាណិជ្ជកម្មខុសច្បាប់ឆ្លងកាត់ព្រំដែន ដូចជាឈើ សត្វព្រៃ ផលិតផលកៅស៊ូធម្មជាតិ តាមរយៈការផ្លាស់ប្តូរព័ត៌មានជាទៀងទាត់រវាងមន្រ្តីអនុវត្តច្បាប់ និងអាជ្ញាធរខេត្ត​តាមព្រំដែន។

 ចំពោះកិច្ចសហប្រតិបត្តិការផ្នែកថាមពល ភាគីវៀតណាមបានសន្យាធានាការធ្វើពាណិជ្ជកម្មថាមពលអគ្គីសនីក្នុងគោលបំណងប្រើប្រាស់អគ្គីសនីស្របទៅតាមសមត្ថភាព និងកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។​ ភាគីវៀតណាមនឹងពិចារណាបង្កើនការផ្គត់ផ្គង់អគី្គសនីមកកម្ពុជា តាមការសើ្នសុំរបស់កម្ពុជា ដោយស្របទៅតាម ស្ថានភាពពិតរបស់ភាគីវៀតណាម។​ ភាគីទាំងពីរបានយល់ព្រមសហការឲ្យបានជិតស្និទក្នុងការដោះស្រាយ វិធានការបច្ចេកទេស និងការធ្វើវិនិយោគដើម្បីធានាឲ្យបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព អាចជឿជាក់ បាន​ និងទៀងទាត់នៃការតភ្ជាប់ប្រព័ន្ធបណ្តាញអគ្គីសនីរវាងប្រទេសទាំងពីរ ជាពិសេសខ្សែបណ្តាញបែងចែកចូដុក-តាកែវ ដែលមានកំលាំង២២០គីឡូវ៉ុល។​ ភាគីទាំងពីរនឹងលើកទឹកចិត្ត សម្របសម្រួលការស្រាវជ្រាវ​ និងប្រើប្រាស់វិធានការបច្ចេកទេសក្នុងការទទួលយកការផ្គត់ផ្គង់អគ្គីសនីនៅរដូវភ្លៀង ប្រហែល១០០មេហ្គាវ៉ាត ពី
កម្ពុជាទៅវៀតណាម ក្នុងឥរិយាបទដែលធានានូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព អាចជឿជាក់បាន ប្រកប​ដោយភាពទៀងទាត់ ដល់ការផ្គត់ផ្គង់ថាមពលអគ្គីសនីសម្រាប់ប្រព័ន្ធអគ្គីសនីរបស់ប្រទេសទាំងពីរ។

លើវិស័យពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងសម្របសម្រួល ដើម្បីជម្រុញការវិនិយោគនៅក្នុងប្រទេសនីមួយៗ​ និងយល់ព្រមផងដែរដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការ លើកកំពស់សមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។ ភាគីទាំងពីរបានប្រគល់ភារកិច្ចដល់ក្រសួងពាណិជ្ជ កម្មកម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នូវភារកិច្ចដូចខាងក្រោម៖

       ១) ពង្រឹងកិច្ចសហការក្នុងការទប់ស្កាត់ការរត់ពន្ធឆ្លងកាត់ព្រំដែន និងការកេងបន្លំពាណិជ្ជកម្ម រួមមាន ការផលិត និងការរត់ពន្ធទំនិញក្លែងក្លាយ និងទំនិញខូចគុណភាព។

       ២) ភាគីទាំងពីរយល់ព្រមដោះស្រាយការខ្វែងគំនិត ដើម្បីឈានទៅបញ្ចប់ការចរចា និងចុះហត្ថលេខានៅ ឆ្នាំ២០១៧នេះ លើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មព្រំដែនរវាងរាជរដ្ឋាភិបាលកម្ពុជា​ និងរដ្ឋាភិបាលវៀតណាម ដែលកិច្ចព្រមព្រៀងនេះនឹងចូលមកជំនួសកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងការផ្លាស់ប្តូរ ទំនិញ និងសេវាកម្ម នៅតំបន់ព្រំដែនរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។

       ៣)បញ្ចប់ការសិក្សាពីការរៀបចំផែនការមេស្តីពីការអភិវឌ្ឍពាណិជ្ជកម្មព្រំដែនកម្ពុជា-វៀតណាម រហូតដល់ ឆ្នាំ២០២៥ ដោយមានចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៣៥ និងអភិវឌ្ឍបទបញ្ជាស្តីពីការគ្រប់គ្រងផ្សារតាមព្រំដែនរវាងប្រទេសទាំងពីរ។

       ៤) រៀបចំសន្និសីទលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៌ពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម នៅឆ្នាំ២០១៨ នៅកម្ពុជា។

       ភាគីទាំងពីរបានយល់ព្រមបញ្ចប់និតិវិធីឲ្យបានឆាប់ ដើម្បីបង្កើតផ្សារគំរូនៅឃុំដា ស្រុកមេមត់ ខេត្រត្បូង​ឃ្មុំ ប្រទេសកម្ពុជា។

ក្នុងពេលដែលឆ្នាំ២០១៧ កត់សំគាល់ពីឱកាសនៃខួបលើកទី៥០នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ភាគីទាំងពីរនឹងសម្របសម្រួលរៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម និងសប្តាហ៌វប្បធម៌វៀតណាម​នៅកម្ពុជា ក៏ដូចជាការរៀបចំសកម្មភាពបញ្ចាំងខ្សែភាពយន្តរបស់ប្រទេសទាំងពីរផងដែរ។

       លើវិស័យដឹកជញ្ជូន ភាគីទាំងពីរបានៈ

       ១)ឯកភាពបង្កើនល្បឿនបញ្ចប់ការសាងសង់ស្ពានជ្រៃធំ-ឡុងប៊ិញនៅខែមេសា ឆ្នាំ២០១៧ និងរៀបចំពិធី សម្ពោធនៅត្រីមាសទី២នៃឆ្នាំ២០១៧។

       ២)បញ្ចប់ និងចុះហត្ថលេខានៅឆ្នាំ២០១៧ អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងសាធារណការនិងដឹកជញ្ជូនរបស់កម្ពុជា និងក្រសួងដឹកជញ្ជូនរបស់វៀតណាម ស្តីពីការសិក្សា និងការកសាងផ្លូវល្បឿនលឿនរវាងទីក្រុងហ៊ូជីមីញ និងទីក្រុងភ្នំពេញ។

លើវិស័យត្រួតពិនិត្យគ្រឿងញៀន និងថ្នាំញៀន ភាគីទាំងពីរបានឯកភាពពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងការធ្វើប្រតិបត្តិការរួមគ្នានៅតាមតំបន់ព្រំដែន។ អាជ្ញាធរត្រួតពិនិត្យគ្រឿងញឿននីមួយៗ និងមន្រ្តីអនុវត្តច្បាប់តាមព្រំដែនត្រូវបន្តធ្វើការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើឲ្យប្រសើរឡើងកិច្ចសហប្រតិបត្តិការ និងប្រកបដោយប្រសិទ្ធភាពចំពោះការស៊ើបអង្កេតបញ្ហាគ្រឿងញៀន និងការចាប់ខ្លួន។

 លើបញ្ហាព្រំដែន ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីការគោរព  និងការអនុវត្តយ៉ាងពេញលេញនៃសន្ធិសញ្ញាស្ដីពីការកំណត់ព្រំដែន និងកិច្ចព្រមព្រៀងព្រំដែនពាក់ព័ន្ធ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសទាំងពីរ។ ភាគីទាំងពីរបានកត់សម្គាល់ទៅលើសមិទ្ធិផលថ្មីៗ ដែលសម្រេចបានក្នុង ការកំណត់ខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែន និងបានសម្ដែងនូវការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការចំរុះខណ័្ឌសីមា ​និងការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម (the Joint Commission on Demarcation and Abornment for Land Boundary-JBC) ក្នុងការសម្រេចការកំណត់ខ័ណ្ឌសីមាព្រំដែនគោក និងការបោះបង្គោលព្រំដែន បានប្រមាណ៨៤% យោងទៅតាមសន្ធិសញ្ញាស្ដីពីការកំណត់ព្រំដែនរវាងប្រទេសទាំងពីរ។

 ភាគីទាំងពីរបានយល់ព្រមក្នុងការណែនាំដល់អាជ្ញាធរខេត្តជាប់តាមព្រំដែនរបស់ខ្លួន ក្នុងការរក្សាកិច្ចសហការជិតស្និតជាមួយគណៈកម្មការចំរុះខណ័្ឌសីមា និងការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម ក្នុងការសាងសង់សសរព្រំដែន និងបង្គោលព្រំដែនបំពេញបន្ថែម និងបង្កើនការយល់ដឹងរបស់ប្រជាជនដែលរស់នៅតាមតំបន់ព្រំដែន អំពីសារៈសំខាន់នៃការកំណត់ព្រំដែនខ័ណ្ឌសីមា និងការការពារសសរព្រំដែន។

 ភាគីទាំងពីរក៏មានបំណងរៀបចំកិច្ចពិភាក្សាស្ដីពីការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរក្នុងពេល​ដ៏ខ្លីខាងមុខតាមតែអាចធ្វើបាន បន្ទាប់ពីបញ្ចប់ការកំណត់ព្រំដែនគោក។

 ក្រៅពីចំនុចដែលបានលើកឡើងខាងលើនេះ ភាគីទាំងពីរបានឯកភាពបង្កើនល្បឿនការអនុវត្តសកម្មភាព ឬគម្រោងពាក់ព័ន្ធផ្សេងទៀត ដែលមានភាពយឺតយ៉ាវក្នុងការអនុវត្ត ហើយក្នុងពេលជាមួយគ្នានេះដែរ នឹងរិះរកវិធានការថ្មី និងប្រាកដប្រជា ដើម្បីកែលំអរសកម្មភាពនានាថែមទៀត ការធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងគោលបំណងសំខាន់បំផុតគឺការសម្រេច ឲ្យបាននូវលទ្ធផលកំរិតខ្ពស់ដើម្បីបំរើផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ។

 នៅចុងបញ្ចប់នៃកិច្ចប្រជុំគណៈកម្មការចំរុះលើកទី១៥ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ផាំ ប៊ិញ មិញ បានចុះហត្ថលេខាលើកំណត់ហេតុស្តីពីលទ្ធផលរបស់កិច្ចប្រជុំ។/

                                                                         រាជធានីភ្នំពេញ ថ្ងៃទី    ១៧   ខែមីនា ឆ្នាំ២០១៧