សេចក្តីប្រកាសព័ត៌មាន

  • ខែ​មីនា 22, 2017

សេច​ក្តីថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​កា​រ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្ត​រជាតិ ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​គ្មាន​មូល​ដ្ឋាន​ ដែល​មាននៅ​ក្នុង​របាយការណ៍​ស្តី​ពី​លទ្ធិ​ប្រជាធិប​- តេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ចេញ​ផ្សាយ​ថ្ងៃ​ទី​ ២០​ ខែ​មីនា​ ឆ្នាំ២០១៧​។

ឆ្លើយតបទៅនឹងការចោទប្រកាន់គ្មានមូលដ្ឋាន ដែលមាននៅក្នុងរបាយការណ៍​ស្តីពី​លទ្ធិប្រជាធិប- តេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ចេញផ្សាយថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៧ ដោយក្រុមដែល​តាំងខ្លួនជាសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូម​ធ្វើការបញ្ជាក់ជូន និងបង្ហាញការពិត ដូចខាងក្រោមនេះ ៖

១. ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR)

  • APHR គ្រាន់តែជាក្រុមតូចមួយនៃអតីត និងសមាជិកសភាបច្ចុប្បន្ន របស់បណ្តាប្រទេស​សមាជិក​អាស៊ាន និងពុំត្រូវបានទទួលស្គាល់ជាអង្គភាពរបស់អាស៊ានឡើយ។
  • អន្តរសភាអាស៊ាន (AIPA) គឺជាស្ថាប័ននីតិបញ្ញត្តិរបស់អាស៊ានតែមួយគត់ ហើយគណៈ​កម្ម-ការ​អន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) គឺជាអង្គភាពផ្លូវការរបស់អាស៊ាន​ មាន​តួនាទីដោះស្រាយ​បញ្ហាសិទ្ធិមនុស្សនៃបណ្តាប្រទេសជាសមាជិកអាស៊ាន។
  • ទស្សនៈរបស់ APHR មិនឆ្លុះបញ្ចាំងពីការយល់ឃើញរបស់អាស៊ានឡើយ។ របាយការណ៍ ស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ចេញផ្សាយថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧​ ដោយក្រុមនេះ ក៏ពុំមានន័យណាមួយតំណាងឲ្យការវាយតម្លៃរបស់អាស៊ាននោះឡើយ។

២. ការវាយតម្លៃដ៏ខ្មៅងងឹតរបស់ APHR

  • ការវាយតម្លៃដែលមិនអាចជឿបាន នៅក្នុងរបាយការណ៍របស់ APHR គ្រាន់តែបានឆ្លុះបញ្ចាំងពីទស្សនៈខ្មៅងងឹត​របស់បុគ្គលមួយចំនួនតូច ដែលពុំបានយោងលើការពិតជាក់ស្តែង មុននឹង​​ធ្វើការចោទប្រកាន់ទាំងទទឹងទិសរបស់ពួកគេ។
  • ការជាប់ពាក់ព័ន្ធរបស់លោក Phil Robertson នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលជាជនត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយការវាយប្រហារប្រឆាំងរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ច្បាស់ពីគោលបំណងកំណត់ទុកជាមុន​នៃការវាយតម្លៃរបស់ APHR ។

៣. លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា

  • ចាប់តាំងពីអាណត្តិទី១មក រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារ និងលើកកម្ពស់លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។
  • ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដូច​ដែល​​មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការជាច្រើន ជាអាទិ៍៖ ការបន្តវត្តមាននៅកម្ពុជារបស់អ្នករាយការណ៍ពិសេស ការិយាល័យសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិ របាយការណ៍ជាសាកលតាមកាលកំណត់ ព្រមទាំងអនុញ្ញាតអោយមានប្រតិបត្តិការទូទាំងប្រទេសរបស់អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនិងបរទេសរាប់រយ អង្គការ​​សង្គមស៊ីវិល បណ្តាញផ្សព្វផ្សាយសង្គម វិទ្យុផ្សាយសម្លេង ។ល។ ដែលសុទ្ធតែអាចដើរតួនាទីត្រួតពិនិត្យ និងផ្តល់យោបល់លើការលើកកម្ពស់និងការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
  • កម្ពុជាបានទទួលយកនិងផ្តល់សច្ចាប័នលើអនុសញ្ញា កតិកាសញ្ញា សន្ធិសញ្ញា និងពិធីសាអន្តរ​ជាតិនានាដែលពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស (រដ្ឋភាគីនៃលិខិតុបករណ៍ចំនួន១១ស្តីពីសិទ្ធិ​​ម​នុស្ស)។ គោលការណ៍គ្រឹះជាមូលដ្ឋាននៃសិទ្ធិមនុស្ស ត្រូវបានដាក់បញ្ចូលនៅក្នុងជំពូក៣ ចាប់ពីមាត្រា៣១ដល់៥០ នៃរដ្ឋធម្មនុញ្ញកម្ពុជា។
  • ផ្អែកលើសន្តិភាពនិងស្ថិរភាពនយោបាយដែលសម្រេចបានដោយលំបាក រាជរដ្ឋាភិបាលកម្ពុជា បានដាក់អោយអនុវត្តនូវកម្មវិធីកំណែទម្រង់និងអភិវឌ្ឍន៍ជាច្រើន ក្នុងគោលបំណងកសាងរដ្ឋ បាលសាធារណៈមួយដែលមានប្រសិទ្ធភាពនិងទំនួលខុសត្រូវ ពង្រឹងជំនឿទុកចិត្តរបស់សាធា-​រណ​ជនលើប្រព័ន្ធបោះឆ្នោត ច្បាប់ និងតុលាការ និងលើកកម្ពស់អភិបាលកិច្ចល្អ លទ្ធិប្រជា  ធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។
  • ច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្មនេះ មិនមានការគំរាមកំហែងណាមួយឡើយដល់គ្រឹះនៃប្រព័ន្ធពហុបក្សដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញ។ ក៏ដូចនៅតាមបណ្តាប្រទេសប្រកាន់លទ្ធិប្រជាធិប​តេយ្យនានាដែរ ច្បាប់ដែលបានធ្វើវិសោធនកម្មនេះ មានគោលបំណងទប់ស្កាត់រាល់ការរំលោភបំពានដែលមិនស្របទៅតាមគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិប-តេយ្យ ដូចជាការញុះញង់​​អោយមានសំអប់ខាងជាតិសាសន៍ ការបង្ខូចកេរ្តិ៍ឈ្មោះ និងការបំផ្លិចបំផ្លាញដល់គ្រឹះសង្គម​របស់​ប្រជាជាតិជាដើម។ នេះជាកាតព្វកិច្ចមិនអាចរំលោភបំពានបានរបស់រាជរដ្ឋាភិបាល ក្នុងការ​ការពារភាពថ្លៃថ្នូរនៃស្ថាប័នដែលកំពុងស្ថិតស្ថេរ។

– ការគោរពគោលការណ៍អាស៊ាន   

  • សំខាន់ជាងនេះទៀត ចំាបាច់ត្រូវរំលឹកលោក Charl Santiago ដែលជាសមាជិកសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃក្រុមនេះ ត្រូវគោរពអោយបានត្រឹមត្រូវចំពោះគោលការណ៍ពិសិដ្ឋរបស់អាស៊ានស្តីពី “ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន” ដូច​​ដែល​មានចែងនៅក្នុងមាត្រា២ នៃធម្មនុញ្ញអាស៊ាន ។

រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧